ខ្សែការពាររបស់ក្រុម Alaves កីឡាករ Abdelkabirb Abparរបស់ជម្រើសជាតិម៉ារ៉ុកបានធ្វើការសុំអាវពីខ្សែប្រយុទ្ធ Kylian Mbappe ទាំងពាក់កណ្ដាលទីពោលគឺនៅពេលបញ្ចប់វគ្គទី១ ដែលពេលនោះ Real Madrid កំពុងនាមុខ២-០ក្នុងការប្រកួត La Liga សប្ដាហ៍ទី៧។
ក្នុងការប្រកួតពេញ៩០នាទី Real Madrid បានយកឈ្នះទៅលើ Alaves ក្នុងលទ្ធផល៣-២ ក្រោយពេលនាំមុខ៣-០ ក៏ត្រូវបាន Alaves តាមបាន២គ្រាប់វិញនៅចុងវគ្គទី២។ យ៉ាងណាក្នុងការប្រកួតនោះមានចំណុចគួរឲ្យចាប់អារម្មណ៍មួយ ដោយសារតែខ្សែការពារ Abdelkabirb Abpar បានធ្វើការសុំអាវពី Mbappe នៅពេលចប់វគ្គទី១ ហើយក្រោយមកចូលដល់វគ្គទី២គេក៏ត្រូវបានគ្រូបង្វឹកប្ដូរចេញបាត់ដោយដាក់ជំនួសមកវិញដោយខ្សែការពារ Jon Guridi Aldalur វិញ។
Abdelkabirb Abpar ជាខ្សែការពារឆ្នើមរបស់ Alaves ដែលបង្ហាញខ្លួនយ៉ាងល្អនារដូវកាលនេះ បើគិតទៅក្នុងការប្រកួត៧លើករបស់ Alaves នៅ La Liga ចាប់ផ្ដើមរដូវកាលនេះគេសុទ្ធតែបានបង្ហាញខ្លួនទាំងអស់។ បច្ចុប្បន្ននេះគេមានវ័យ២៥ឆ្នាំហើយ និងចូលលេងបាន៦២ប្រកួតឲ្យ Alaves ក្រោយពេលប្រម៉ូតខ្លួនឡើងពីឈុត B របស់ Alaves មកកាន់ឈុត A កាលពីឆ្នាំ២០២១៕