ផ្សេងៗ

លោក ប៉ុន សុខ ៖ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលដៅ ពង្រឹងសមាគម ក្លឹបកីឡាបំផុស វិស័យកីឡានៅ តាមគ្រឹះស្ថានសិក្សា និងផ្តល់ឱកាស ឲ្យយុវជនលេងកីឡា

ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា កីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងលោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការរង ព្រមទាំងអ្នកតំណាង សមាគមកីឡាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស សាធារណៈ និងឯកជនបានអញ្ជើញ ចូលរួមបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ នូវគោលការណ៍សំខាន់ៗ និងទិសដៅអភិវឌ្ឍកីឡា សិស្ស និស្សិតកម្ពុជា នៅសាលប្រជុំនាយកដ្ឋាន រៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា ។

លោក ព្រំ ប៊ុណ្ណយី បានមានប្រសាសន៍ថា សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា រៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ នូវគោលការណ៍សំខាន់ៗ និងទិសដៅ អភិវឌ្ឍកីឡាសិស្ស និស្សិតកម្ពុជានេះ ដើម្បីចូលរួមអបអរសាទរ នូវទិវាអន្តរជាតិ នៃកីឡាសាកលវិទ្យាល័យ International Day of University Sport (IDUS)” ក្នុងគោលដៅ ដើម្បីពង្រឹងសមាគម ក្លឹបកីឡា បំផុសវិស័យកីឡានៅតាមគ្រឹះស្ថានសិក្សា និងផ្តល់ឱកាសឲ្យយុវជនលេងកីឡា ដើម្បីភាពសប្បាយរីករាយ សុខភាព បញ្ញាវៀងវៃ កាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម និងជំរុញការសិក្សា។

លោក ប៉ុន សុខ ក៏បានមានប្រសាសន៍ថា ខ្ញុំសូមថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគម កីឡាគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សាបច្ចេកទេសសាធារណៈ និងឯកជន ដែលកន្លងមកបានខិតខំប្រឹងប្រឹង ចំណាយពេលវេលា ស្មារតី សម្ភារ និងថវិកាធ្វើសកម្មភាពកីឡា ក្រៅម៉ោងសិក្សាក្នុងគ្រឹះស្ថានសិក្សា រួមទាំងការរៀបចំ និងចូលរួមប្រកួតនៅថ្នាក់រាជធានី ខេត្ត ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាពិសេសចំពោះគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សាបច្ចេកទេស ដែលមានគោលនយោបាយលើកទឹកចិត្ត បានយកចិត្តទុកដាក់លើការសិក្សា និងការផ្តល់អាហាររូបករណ៍ដល់កីឡាករ-កីឡាការិនីដែលជាសិស្ស និងនិស្សិត ។

លោកអគ្គនាយកបានបន្តថា សកម្មភាពនេះ គឺជាការរួមចំណែកយ៉ាងធំធេងជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកីឡាឆ្ពោះទៅ ASIAN YOUTH GAMES ឆ្នាំ២០២៩ ក៏ដូចជាលើកកម្ពស់គុណភាព ការបណ្តុះបណ្តាលធនធាន រួមចំណែក អភិវឌ្ឍប្រទេសជាតិ ស្របតាមចក្ខុវិស័យ រាជរដ្ឋាភិបាលឆ្ពោះទៅឆ្នាំ២០៣០ ដែលប្រទេសកម្ពុជា ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។

លោកបានបញ្ជាក់ថា ផ្អែកលើបរិបទនៃការរីកចម្រើនវិស័យកីឡានៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានអង្គភាព ជំនាញ និងសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាជាសេនាធិការ បានធ្វើកំណែទម្រង់លើការងារកីឡានៅក្នុងគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សាបច្ចេកទេស ទាំងការរៀបចំកម្មវិធីហ្វឹកហាត់កីឡាក្រៅម៉ោងសិក្សា និងការប្រកួតកីឡា៕

Most Popular

To Top