ភ្នំពេញ៖ “វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា” ឬ “Cambodia Higher Education Forum & Exhibition” សម្រាប់ឆ្នាំ២០២៤នេះ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៤ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ។

បច្ចុប្បន្ន ការពង្រឹងគុណភាព និងសមត្ថភាពបុគ្គល ជាពិសេសជំនាញនៅថ្នាក់មហាវិទ្យាល័យ និងបំណិនសតវត្សទី ២១ ជាសកម្មភាពមួយចំណែក ក្នុងផែនការរាជរដ្ឋាភិបាល អាទិភាពទី ១ នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ គឺ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា” ។ ជាពិសេស តម្រូវការនៃធនធានមនុស្ស បុគ្គលដែលមានសមត្ថភាព ចំណេះជំនាញគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការសង្គម និងបរិវត្តកម្មឌីជីថល។

“វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ឆ្នាំ ២០២៤” ឬ “Cambodia Higher Education Forum & Exhibition 2024” គឺជាកម្មវិធី ដែលបង្កើតឡើងក្នុងគោលបំណងជម្រុញ លើកទឹកចិត្ត និងតម្រង់ទិសដល់សិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រ និងទើបបញ្ចប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឲ្យទទួលបានព័ត៌មានត្រឹមត្រូវ ចំណេះដឹងគ្រប់គ្រាន់ ក្នុងការត្រៀមលក្ខណៈ និងសម្រេចចិត្តប្រកបដោយភាពជឿជាក់ ទៅលើការជ្រើសរើសបន្តការ សិក្សាថ្នាក់មហាវិទ្យាល័យ និងការជ្រើសរើសអាជីពរបស់ពួកគេ ។

លើសពីនេះទៅទៀត យើងមានការចែករំលែកនូវគន្លឹះក្នុងការ ជ្រើសរើសមុខជំនាញដើម្បីប្រកប ការងារទាំងក្នុងវិស័យរដ្ឋ និងឯកជន ព្រមទាំងបទពិសោធន៍ក្នុងការជ្រើសរើសមុខជំនាញ សិក្សាថ្នាក់មហាវិទ្យាល័យ និងការសិក្សាអប់រំពេញមួយជីវិត ពីសំណាក់វាគ្មិនកិត្តិយសក្នុងជួររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមហ៊ុនធំៗនៅក្នុងប្រទេស រួមទាំងបុគ្គលល្បីៗនៅក្នុងសង្គមជាច្រើនរូប ។ ទន្ទឹមនឹងនេះផងដែរ នៅក្នុងកម្មវិធី វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ឆ្នាំ២០២៤ ទទួលបានការគាំទ្រនិងចូលរួមពីក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមទាំងសាកលវិទ្យាល័យល្បីៗ ទាំងរដ្ឋ និងឯកជនដូចជា សាកលវិទ្យាល័យអន្តរជាតិឌូវី វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ សាកលវិទ្យាល័យផារ៉ាហ្កន សាកលវិទ្យាល័យលីមកុកវីង វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ និងដៃគូសហការផ្សេងៗ ប្រមាណជាង ៣០ សាកលវិទ្យាល័យ។

ក្នុងនោះផងដែរ ដើម្បីអនុញ្ញាតឱ្យដំណើរការនៃកម្មវិធីនេះ អាចប្រព្រឹត្តទៅយ៉ាងអធិកអធម និងឱឡារិក យើងក៏មានការអញ្ជើញចូលរួមពី សំណាក់ថ្នាក់ដឹកនាំសំខាន់ៗ និងមានការចូលរួមសម្តែងពីសិល្បករល្បីៗ នៅក្នុងប្រទេស ជាច្រើនរូបផងដែរ ៕




