ខេត្តកណ្តាល ៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក វ៉ាត ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ កម្មវិធីរត់ភ្លើងគប់ ដើម្បីអបអរសាទរ ពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ។

ពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ចាប់ពីកន្លែងបើកការដ្ឋាន សាងសង់ “ព្រែកជីកហ្វូណនតេជោ” ស្ថិតនៅក្នុង ស្រុកកៀនស្វាយ ខេត្តកណ្តាល ឆ្ពោះមករាជធានីភ្នំពេញ ចូលមកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

ការប្រកួតឆ្នាំនេះ បានធ្វើពិធីរត់ភ្លើងគប់ចាប់ផ្តើមចេញ ដំណើរពីខេត្តកែបឆ្ពោះ ទៅខេត្តព្រះសីហនុ ហើយខេត្តទី៣ គឺខេត្តកំពង់ឆ្នាំងនឹងធ្វើឡើងថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៤ ខេត្តស្វាយរៀង នឹងធ្វើឡើងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤ និងខេត្តកណ្តាល ប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ចេញដំណើរពីកន្លែងប្រារព្វពិធី បើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” មកបញ្ចប់នៅកីឡដ្ឋានជាតិ អូឡាំពិក ។

បញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡារៀបចំប្រកួតចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីខេត្តចំនួន០៥ គឺ៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកែប ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង៕


