ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលក្រៅផ្លូវការ ជាមួយកីឡាករ កីឡាការិនី គុនចម្រុះខ្មែរបុរាណ មុនការប្រកួតកីឡា យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋាន ជាតិ(អូឡាំពិក) ខាងមុខនេះ ។
ការប្រកួតកីឡាយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ ទាំងប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ស្រង៉ែពែន និងក្រុមយុទ្ធគុនកងយោធពលខេមរភូមិន្ទជាដើម ដែលនឹងត្រូវធ្វើការប្រកួតប្រជែង ក្រោមបទបញ្ជា និងច្បាប់ប្រកួតថ្មីមួយដែលនឹងត្រូវប្រើប្រាស់រួមក្នុងព្រឹត្តិការណ៍នេះ ។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី បានណែនាំ និងលើកទឹក ចិត្តដល់ កីឡាករកីឡាការិនីខ្មែរ ឲ្យចូលរួមបំផុសគុនខ្មែរ ឲ្យបានទូលំទូលាយ ចែករម្លែកគុនខ្មែរជាមួយគ្នា និងរួមគ្នាចងក្រងគុនខ្មែរទុកជាឯកសារ ក្នុងគោលដៅផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តលើវិស័យគុនខ្មែរយើង ។ ការប្រកួតក្បាច់គុនចម្រុះ បុរាណខ្មែរនាពេលខាងមុខ គឺរៀបចំឡើង ដើម្បីបង្ហាញ នូវភាពសម្បូរបែប របស់ក្បាច់គុនបុរាណខ្មែរ ជួយបំផុស នូវក្បាច់គុនខ្មែររបស់យើង ផ្សព្វផ្សាយ ចងក្រងគុន បុរាណខ្មែរ និងដើម្បីបង្កើនមិត្តភាព រវាងគ្នាបន្ថែមមួយកម្រិតទៀត ។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួត យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចមហាបវរធិបតី” នឹងត្រូវរៀបចំរៀងរាល់ឆ្នាំ ក្រោយទទួលបាន ការឯកភាព ជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្រោមគំនិត ផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ និង ប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រឹត្តិការណ៍ នេះ រៀបចំឡើងក្រោមស្មារតី អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍដើម្បីអភិរក្ស “មរតកយុទ្ធគុនខ្មែរបុរាណ” ៕