ភ្នំពេញ ៖ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ សហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជា បានបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកម្រិតមូលដ្ឋានឆ្នាំ ២០២៤ ជាផ្លូវការហើយ ដែលមានរយៈពេល ៨ ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅសាលសហព័ន្ធ កីឡាវាយកូនឃ្លីលើតុកម្ពុជា សាលដំបូល ទូកកណ្តាល ដើម្បីបង្កើនបរិមាណ គ្រូបង្វឹកនៅ តាមសាលារៀន ឆ្ពោះទៅរកគុណភាព តាមស្តង់ ដារជាតិ និងអន្តរជាតិ ។
ក្នុងឱកាសពិធីបាន បិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា តំណាងឲ្យលោកសន្តិបណ្ឌិត ប្រធាន គៀត ច័ន្ទថារិទ្ធប្រធានសហព័ន្ធ
លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋាកីឡាជំនាញ និងកីឡាមហាជន នៃក្រសួងអប់រំ យុវជន និងកីឡា ។
លោក ហេង សុខជាតិ អគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបាននិយាយថា ការៀបចំវគ្គ បណ្តុះបណ្តាល គ្រូបង្វឹកកម្រិតមូលដ្ឋានឆ្នាំ ២០២៤ សហព័ន្ធប្រើប្រាស់ថវិកា គាំទ្ររបស់ក្រសួង អប់រំ យុវជន និងកីឡាដែលមានរយៈពេល ៨ថ្ងៃដើម្បីបង្កើនបរិមាណ គ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុ នៅតាមសាលារៀន នានាទូទាំងប្រទេស ក្នុងដំណើរឆ្ពោះ ទៅរកគុណភាពតាមស្តង់ ដារជាតិ និងអន្តរជាតិ ។
អគ្គលេខាធិការរងបានបន្តថា វគ្គបណ្តុះបណ្តាលមានសិក្ខាកាមចូលរួមចំនួន ៣៦ នាក់មកពីរាជធានីខេត្តចំនួន ៧ រួមមាន រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តស្ទឹង និងខេត្តព្រៃវែង ព្រមទាំងសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យនៅទូទាំងរាជធានីភ្នំពេញ ។ ការសិក្សាអស់រយៈពេល ៨ ថ្ងៃ នាពេលនេះពិតជាមានសារសំខាន់ ក្នុងការពង្រឹងនិងពង្រីកនូវ ធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡាវាយកូនឃ្លី លើតុនៅកម្ពុជាឲ្យទទួលបាននូវលទ្ធផលល្អ ។
លោក បេងហុង សុជាតិសិលា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើង ក្នុងគោលបំណង ដើម្បីបំផុស ដល់ស្រទាប់ មហាជន គ្រូ កីឡាករ-កីឡាការិនី រាជធានី-ខេត្ត និងដើម្បីឲ្យមានគ្រូជំនាញ លើកកម្ពស់លើវិស័យ កីឡាវាយ កូនឃ្លីលើតុ ជាពិសេសតាមរបាយ ការណ៍ប្រធានគណៈគ្រប់គ្រងវគ្គ ទទួលបាននូវបទពិសោធន៍ខ្ពស់ក្នុងការរៀបចំ វគ្គបណ្តុះបណ្តាលកីឡាវាយកូន ឃ្លីលើតុ កម្រិតមូលដ្ឋាន និង បោះជំរុំហ្វឹកហាត់ ឆ្នាំ២០២៤ ខ្ញុំជឿជាក់ថា គ្រូ ដែលបានឆ្លង កាត់វគ្គបណ្តុះបណ្តាលនេះ និងមានលទ្ធភាព ដើម្បីបង្វឹកដល់កុមារ៉ា កុមារី សិស្សនិស្សិត នៅតាមគ្រឹះស្ថាន រដ្ឋ និងឯកជន ឲ្យមានការរីកចំរើនក្នុង វិស័យកីឡានេះ ៕
ដោយ៖លី ភីលីព