ភ្នំពេញ ៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជំរុញ ការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មការ ចំពោះកិច្ចរៀបចំការ ប្រកួតកីឡា យុទ្ធគុនចម្រុះខ្មែរបុរាណ“ពានរង្វាន់ សម្តេចបវរធិបតី” តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិប ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នេះបានអញ្ជើញ ជាកិត្តិយសក្នុងពិធី បើកក្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ នៅថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក ។

លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ការរៀបចំឲ្យមាននូវព្រឹត្តិការណ៍ ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ជាប្រវត្តិសាស្រ្តនេះឡើង គឺក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ”។ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” នេះ ជាព្រឹត្តិការណ៍កីឡា -វប្បធម៌-ទេសចរណ៍ ដ៏មានសារសំខាន់ និងមានគុណតម្លៃថ្លៃថ្លាបំផុត ក្នុងការរួមចំណែកគាស់រំលេចឡើងវិញនូវយុទ្ធគុនបុរាណ ក្បួនយុទ្ធគុន យុទ្ធសិល្ប៍ យុទ្ធោបករណ៍បុរាណ និង យុទ្ធសាស្ត្រសង្គ្រាមរបស់ព្រះមហាវីរក្សត្រ និងវីរបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ បានប្រើប្រាស់ជាមូលដ្ឋាន ក្នុងការបង្កើត បានអាណាចក្រខ្មែរ ដ៏រឹងមាំនាសម័យបុរាណ ព្រមជាមួយនេះក៏ ដើម្បីសិក្សាស្រាវជ្រាវប្រវត្តិយុទ្ធគុន ស្វែងរកប្រភពឯកសារបុរាណ និងទស្សនវិជ្ជាយុទ្ធគុនដូនតាខ្មែរ ដែលនៅសេសសល់ ហើយកំពុងកប់បាត់ ក្នុងសហគមន៍ ដើម្បីយកមករៀបចំជាឯកសារ ទាំងឯកសារសំណេរ និងឯកសារឌីជីថល របស់ជាតិសម្រាប់បន្សល់ទុកឲ្យកូនខ្មែរ គ្រប់ជំនាន់ប្រើប្រាស់ ជាមូលដ្ឋាន ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា យើងពិតជាមានមោទនភាពចំពោះព្រះមហាវីរក្សត្រ និងវីរបុព្វបុរសដូនតាខ្មែរ ដែលបានខិតខំបង្កើតវប្បធម៌ អរិយធម៌ និងរតនសម្បត្តិមហាសាលទាំងរូបីទាំងអរូបីឲ្យយើងទាំងអស់គ្នាគ្រប់ជំនាន់ ដោយឡែកសម្រាប់យុទ្ធគុន ខ្មែរបុរាណ យើងមានភស្តុតាង និង សក្ខីកម្មជាច្រើន ដូចជា ការរៀបរាប់ពីថ្វីដៃយុទ្ធគុន របស់អតីតព្រះមហាក្សត្រ តាមសិលាចារឹក សាស្រ្តាស្លឹករឹត តាមជញ្ជាំង ប្រាសាទជាច្រើន និងតាមសហគមន៍នានា ទូទាំងប្រទេស និងនៅអតីតចក្រភពខ្មែរបុរាណ ដើម្បីទុកឱ្យកូនខ្មែរសម័យទំនើប ជីកកកាយ សិក្សាស្រាវជ្រាវ និងចងក្រងរក្សាទុកជាសម្បត្តិ វប្បធម៌យុទ្ធគុនជាតិដ៏មានតម្លៃបំផុត។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះ គណៈកម្មការចំពោះកិច្ចរៀបចំការ ប្រកួតកីឡាយុទ្ធគុនចម្រុះ ខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” និងអនុគណៈកម្មការប្រតិបត្តិ ដែលបានបាន ខិតខំអនុវត្តការងារ និងបានសហការ យ៉ាងជិតស្និទ្ធ ជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ក្នុងការរៀបចំទីលានប្រកួត និងលក្ខណៈបច្ចេកទេសរួមមួយ ទំនើប និងស្តង់ដាកីឡា និងបានសហការយ៉ាងល្អ ជាមួយក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ រៀបចំទទួលបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅដល់ប្រតិភូកីឡា កីឡាករ-កីឡាការិនី មន្ត្រីបច្ចេកទេស និងព្រឹទ្ធាចារ្យយុទ្ធគុន រួមទាំងការរៀបចំកន្លែងស្នាក់នៅ ម្ហូបអាហារ និងដឹកជញ្ជូន ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ផងដែរ ។

ក្នុងនាម សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី សូមឱ្យគណៈកម្មការស្រាវជ្រាវគម្ពីរ អាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដែលរាជរដ្ឋាភិបាល បានបង្កើត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បន្តអនុវត្តការងារសិក្សាស្រាវជ្រាវ គម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដោយសហការយ៉ាង ជិតស្និតជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះទៅសិក្សាស្រាវជ្រាវផ្ទាល់ជាមួយព្រឹទ្ធាចារ្យយុទ្ធគុនខ្មែរ នៅតាមសហគមន៍មូលដ្ឋាន ស្របតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ។

យើងសង្ឃឹមជឿជាក់ថា តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់ សម្តេចបវរធិបតី” នាពេលនេះ នឹងក្លាយជាកាលានុវត្តភាព ដ៏សំខាន់ ក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍយុទ្ធគុនចម្រុះ ខ្មែរបុរាណឱ្យ មានការរីកចំរើន ស្របតាមស្តង់ដា កីឡាអន្តរជាតិ និងគោលការណ៍ចលនាអូឡាំពិក ឈានឆ្ពោះទៅទទួលស្គាល់ជាអន្តរជាតិ និងអាចបញ្ចូលទៅក្នុងការប្រកួតកីឡាកម្រិតតំបន់ និងកម្រិតអន្តរជាតិ នាពេលអនាគត៕



