លោក Jaon Laporta ប្រធានក្លឹប Barcelona បានទម្លាយថាក្លឹបបានសម្រេចចិត្តច្រានចោលការផ្ដល់តម្លៃខ្ពស់កប់ពពក ២៥០លានអឺរ៉ូរបស់ PSG មកលើការចង់បាន Lamine Yamal ដែលជាយុវជនទើបតែ១៧ឆ្នាំ ប៉ុន្តែមានសមត្ថភាពខ្ពស់ក្នុងលោកនាពេលបច្ចុប្បន្ន។

GOAL បានរាយការណ៍ថា Paris Siant-Germain បានរៀបចំកញ្ចប់តម្លៃ២៥០លានអឺរ៉ូសម្រាប់ការចង់នាំយក Yamal ទៅកាន់ទឹកដីបារាំង ដែលជាតម្លៃមួយខ្ពស់បំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្របាល់ទាត់។ ការចង់បានរបស់ក្លឹបអ្នកមានបារាំងព្រោះតែពួកគេសំឡឹងឃើញថា យុវជនឆ្នើមរបស់អេស្ប៉ាញរូបនេះនឹងអាចបំពេញចន្លោះ ដែល Kylian Mbappe បានចាកចេញទៅកាន់ Real Madrid ។
ការច្រានចោលនេះព្រោះតែ Laporta ជឿថា ទៅលើទេពកោសល្យរបស់យុវជនឆ្នើម Yamal នឹងអាចបង្កើតប្រវត្តិសាស្រ្តថ្មីមួយឲ្យ Barcelona ។ ដោយយោងទៅលើការលើកឡើងរបស់ Laporta ក្នុងបទសម្ភាសន៍មួយជាមួយ Barca One ប្រធានក្លឹបរូបនេះបាននិយាយយ៉ាងដូច្នេះថា « ពួកគេបានទាក់ទងមកកាន់ខ្ញុំកាលពី៦ខែមុន ដោយហ៊ានផ្ដល់តម្លៃរហូតដល់ទៅ២៥០លានអឺរ៉ូ ហើយក្នុងពេលនោះខ្ញុំបានឆ្លើយ NO ក្នុងពេលនោះភ្លាមៗតែម្ដង។ គេ (Yamal ) ជាកីឡាករម្នាក់ដែលកំពុងតែស្ថិតនៅចំណុចកំពូលមួយក្នុងលោកនាពេលបច្ចុប្បន្ន…»។

ប្រធានក្លឹបដដែលបានបន្ថែមថា ការសម្រេចចិត្តមិនលក់នៅពេលនេះ ព្រោះតែលោកចង់រក្សាទុកគេ ដើម្បីបន្តជួយក្រុមលើកពានសិន និងសង្ឃឹមថា នឹងអាចលក់គេក្នុងតម្លៃមួយខ្ពស់ជាងនេះមួយកម្រិតទៀត។ លោកជឿថាវាជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ខណៈដែល Flick កំពុងតែធ្វើរឿងជាច្រើន ដើម្បីធ្វើឲ្យ Barcelona កាន់តែមានភាពល្អប្រសើរពីមួយប្រកួតទៅមួយប្រកួត៕
