ភ្នំពេញ ៖ សហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានប្រកាសបើកការ ប្រកួតកីឡាឡើងភ្នំ ជ្រើសរើសជើងឯកឆ្នាំ ២០២៤ ដោយប្រើប្រាស់ ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយការប្រកួតនេះមានរយៈពេល ៣ថ្ងៃប្រព្រឹត្តចាប់ ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ តុលា ឆ្នាំ២០២៤ ទៅនៅក្លិប Phnom Climb Community Gym និង Power Up ។

ក្នុងឱកាសពិធីបើកការ ប្រកួតជាផ្លូវការនាថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ស៊ឹម រ៉ន អនុប្រធានសហព័ន្ធកីឡាឡើង ភ្នំកម្ពុជាតំណាងឲ្យលោក ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា លោក ជឹម ប្រសិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាឡើងភ្នំកម្ពុជា និងអ្នកតំណាង ឲ្យក្លិបទំាងចូលរួមប្រកួត។

លោក ស៊ឹម រ៉ន បានមានប្រសាសន៍ថា ការប្រកួតជើងឯក ឆ្នាំនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន ៦៥ នាក់មកពីក្លិបកីឡា ឡើងភ្នំចំនួន ៧ ហើយ ឆ្នាំនេះយើង មានការខ្វះកីឡាការិនីច្រើន ដោយសារឳពុកម្តាយ របស់កីឡាការិនីមិន អនុញ្ញាតឲ្យចូលរួមការប្រកួត និងការធ្វើដំណើរផ្លូវឆ្ងាយពេក ។

ការប្រកួតលើកនេះ សហព័ន្ធបានដាក់ ៣ វិញ្ញាសា រួមមានវិញ្ញាសា lead /Top Rope វិញ្ញាសា Boulder និងវិញ្ញាសា Speed ដោយមានការបែងចែកអាយុដូចជា ក្រុមអាយុក្រោម ១១ ឆ្នាំ (កុមារ និងកុមារី) ក្រុមអាយុក្រោម ១៥ ឆ្នាំ (បុរស និងនារី) ក្រុមអាយុក្រោម ១៨ ឆ្នាំ (បុរស និងនារី) និងក្រុមអាយុ ១៨ ឆ្នាំឡើង(បុរស និងនារី)។

លោក ជឹម ប្រសិទ្ធ បានប្រាប់ឲ្យដឹងថា សូមអរគុណម្ចាស់ក្លិប Phnom Climb Community Gym និង Power Up ដែលផ្តល់ទីតាំងសម្រាប់ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកឆ្នាំ ២០២៤ឆ្នាំនេះ ហើយក្លិបទំាង ៧ ចូលរួមក្នុងនោះមាន ៤ ក្លិបមកពីខេត្តសៀមរាប ១ក្លិបមកខេត្តកំពត និង២ ក្លិបនៅរាជធានីភ្នំពេញ ៕
ដោយ៖លី ភីលីព


