ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ “យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ “ល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ប្រព្រឹត្តទៅនៅទីលានវាលស្មៅ នៃពហុកីឡដ្ឋានស្តាតចាស់ រវាងក្រុមតារាកម្ពុជា ក្រុម MC គុនខ្មែរ ប្រមូលថវិការបានយ៉ាងច្រើន សន្ធឹកសន្ធាប់ ជាង១ពានលានរៀល ។

លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងជាប្រធានដឹងនាំក្រុម MC គុនខ្មែរ បានមានប្រសាសន៍ថា សម្រាប់ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមឧបត្ថមថវិការ ១ រយលានរៀល ។ ក្រៅពីនោះ ក៏មានការចូលរួមជាថវិការ ពីថ្នាក់ដឹកនាំក្នុង ជួររាជរដ្ឋាភិបាល រួមជាមួយ ក្រុមហ៊ុនឯកជនជាដៃគូ អភិវឌ្ឍ របស់សហព័ន្ធប្រដាល់ គុនខ្មែរទាំងអស់ គិតមកដល់ពេលនេះ ប្រមូលថវិការបានប្រមាណ ១,០៦៥,០០០,០០០រៀល និង ២,០០០ដុល្លារអាមេរិក។

លោកប្រធានបានបន្ថែមថា ការប្រកួតនេះ បានបញ្ចប់ទៅដោយរលូន នេះជាភាព ជោគជ័យដ៏ធំធេង សម្រាប់ការរៀប ចំព្រឹត្តិការណ៍នេះឡើង បើទោះជាការប្រកួតថ្ងៃនេះ ក្រុម MC គុនខ្មែរបរាជ័យ ប៉ុន្តែការប្រកួតនេះ មិនផ្តោតសំខាន់ ទៅលើលទ្ធផលនោះទេ អ្វីដែលសំខាងគឺការលើកកម្ពស់ការលេងកីឡា ជម្រុញអោយយុវជនងាកមកចាប់អារម្មណ៍បាល់ទាត់ ជាពិសេសដើម្បីប្រមូលថវិការ មូលនិធិជួយដល់ក្លិបប្រដាល់ គុនខ្មែរដែល កំពុងមានសភាពខ្សត់ខ្សោយ ខ្វះខាតសម្ភារៈហ្វឹកហាត់ ជាដើម ។

លោកបានបញ្ជាក់ថា ចំពោះថវិការ ដែលប្រមូលបាន ពីការប្រកួតបាល់ទាត់ សប្បុរសធម៌នេះ លោកបានបង្កើត គណៈកម្មការ គ្រប់គ្រង ដោយមានរូប លោកជាប្រធាន និងជនជាតិអាមេរិក ៥ នាក់ ហើយលោកនឹងប្រើប្រាស់ ថវិកានេះដើម្បីជួយសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ជូនក្លឹបដែលគ្មានជម្រកហ្វឹកហាត់ និងជួយជាសម្ភារៈហ្វឹកហាត់ ដល់ក្លឹបខ្វះខាតនៅតាមបណ្តាលខេត្ត តំបន់ដាច់ស្រយាលជាមុន ឲ្យត្រូវគោលដៅ នឹងមានប្រសិទ្ធភាព ក្នុងការលើកកម្ពស់ នឹងអភិរក្សក្បាច់ គុនដែលដូនតាខ្មែរ បានបន្សល់ទុកឲ្យ៕


