ផ្សេងៗ

ដឹង​អត់ ការ​វះ​កាត់​​បេះ​ដូង ​មនុស្ស​ដំបូង​ ធ្វើ​ឡើង​នៅ​ពេល​ណា?

ក្នុង​ខែ​នេះ កាល​ពី ៥៧​ឆ្នាំ​មុន ជា​លើក​ដំបូង​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ ដែល​ការ​វះ​កាត់​ដូរ​បេះ​ដូង​ មនុស្ស​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគ​ជ័យ។

លោក​វេជ្ជបណ្ឌិត​ជនជាតិ​ អាហ្វ្រិក​ខាង​ត្បូង Christiaan Barnard
នៅ​ថ្ងៃ​ទី៣ ខែ​ធ្នូ ឆ្នាំ ១៩៦៧ លោក​វេជ្ជបណ្ឌិត​ ជនជាតិ​អាហ្វ្រិក​ ខាង​ត្បូង Christiaan Barnard បាន​សម្រេច​ដោយ​ជោគ​ជ័យ​ជា​លើក​ដំបូង​បំផុត​ នៃ​ប្រវត្តិសាស្ត្រ ក្នុង​ការ​វះ​កាត់​ដូរ​បេះ​ដូង​មនុស្ស។

លោក​បាន​ធ្វើ​ការ​វះ​កាត់​ប្រភេទ​នេះ​ ឲ្យ​អ្នក​ជំងឺ​បេះ​ដូង​ម្នាក់​ឈ្មោះ Lewis Washkansky នៅ​មន្ទីរ​ពេទ្យ Groote Schuur ក្នុង​រដ្ឋ​ធានី Cape Town ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ បេះ​ដូង​ដែល​លោក​គ្រូ​ពេទ្យ Barnard យក​មក​ធ្វើ​ការ​វះ​កាត់​ប្ដូរ​ឲ្យ Washkanskyនោះ បាន​មក​ពី​ស្ត្រី​វ័យ ២៥​ឆ្នាំ​ម្នាក់​ឈ្មោះ Denise Darvall ដែល​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​មិន​អាច​សង្គ្រោះ​បាន។ ពេល​ដែល​ដឹង​ថា Darvall មិន​អាច​សង្គ្រោះ​បាន ដោយ​ស្ថានភាព​របួស​ខួរ​ក្បាល​ធ្ងន់ធ្ងរ​ពេក ឪពុក​ស្ត្រី​រូប​នេះ បាន​យល់​ព្រម​តាម​សំណើ​របស់​ក្រុម​គ្រូ​ពេទ្យ ក្នុង​ការ​បរិច្ចាគ​បេះ​ដូង​របស់​នាង ទៅ​ឲ្យ Washkansky ដែល​កំពុង​ស្ថិត​ក្នុង​អាការៈ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​បេះ​ដូង​របស់​ខ្លួន ។

Denise Darvall
ក្រោយ​ទទួល​ការ​យល់​ព្រម​បែប​នេះ ក្រុម​គ្រូ​ពេទ្យ​វះ​ កាត់​ដឹក​នាំ​ដោយ​វេជ្ជបណ្ឌិត Barnard បាន​ធ្វើ​ការ​វះ​កាត់​ រួច​ក៏​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បេះ​ដូង​បាន​យ៉ាង​ជោគ​ជ័យ ​ដល់​អ្នក​ជំងឺ Washkansky ដែល​ធ្វើ​ឲ្យ​បុរស​រូប​នេះ​រស់​ត​ទៅ​ទៀត។ តែ​គួរ​ឲ្យ​ស្ដាយ រស់​បាន​ត្រឹម ១៨​ថ្ងៃ Washkansky ក៏​បាន​បាត់បង់​ជីវិត​ទៅ ដោយ​សារ​ជំងឺ​រលាក​សួត ដែល​កើត​ឡើង​ដោយ​​ប្រតិកម្ម​ទៅ​នឹង​ការ​ទទួល​ទាន​ និង​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ដោយ​នៅ​ពេល​នោះ មិន​ទាន់​មាន​ថ្នាំ​ណា​មួយ មាន​ប្រសិទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទប់​ទល់​នឹង​ស្ថាន​ភាព​ក្រោយ​ពេល​វះ​កាត់​បេះ​ដូង​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា​ ក្រុម​គ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា ការ​ស្លាប់​នេះ​មិន​ពាក់​ព័ន្ធ​ទៅ​នឹង​បេះ​ដូង​ថ្មី​របស់ Washkansky ដែល​ទើប​នឹង​វះ​កាត់​ប្ដូរ​កាល​ពី​ថ្ងៃ​ទី ៣ ធ្នូ នោះ​ទេ។

Lewis Washkansky
ចាប់​ពី​ពេល​នោះ​មក ការ​វះ​កាត់​ប្ដូរ​បេះ​ដូង​ត្រូវ​បាន​ធ្វើ​ជា​បន្ត​បន្ទាប់។ ក្នុង​ឆ្នាំ ១៩៦៨ ពោល​គឺ​មួយ​ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​បដិវត្តន៍​នៃ​វិស័យ​វេជ្ជសាស្ត្រ​នេះ​ បាន​កើត​ឡើង មាន​ការ​វះ​កាត់​បេះ​ដូង​រហូត​ដល់​ទៅ ១០០​ករណី ។ បច្ចុប្បន្ន មាន​ការ​វះ​កាត់​ប្ដូរ​បេះ​ដូង​ប្រមាណ​ជាង ៣៨០០ ករណី​ជា​រៀង​រាល់​ឆ្នាំ ធ្វើ​ឡើង​នៅ​ទូ​ទាំង​ពិភពលោក ក្នុង​នោះ​ភាគ​ច្រើនធ្វើ​នៅ​សហរដ្ឋ​អាមេរិក ៕

Most Popular

To Top