ភំ្នពេញ ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាហែលទឹក ពាក់ជើងទាកម្ពុជា ដណ្តើមបានមេដាយចំនួន ១៥ ចំណែកកីឡាការិនី កាំង មុយនីន ជាប់ជាកីឡាការិនីឆ្នើម ក្នុងការប្រកួតកីឡាហែលទឹក ពាក់ជើងទាជ្រើសរើសជើង ឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ នៅអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលរៀបចំដោយ សហព័ន្ធខ្មែរកីឡាហែលទឹក ។

ក្រុមកីឡាករ-កីឡាការិនីកីឡាហែលទឹកពាក់ជើងទាវៀតណាមដណ្តើមមេដាយមាស ២១ គ្រឿង មេដាយប្រាក់ ១៤ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង សរុបចំនួន ៣៩ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីកីឡាហែលទឹក ពាក់ជើងទាកម្ពុជា ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង សរុប១៥ គ្រឿង។
ក្រុមកីឡាករ-កីឡាការិនីកីឡាហែលទឹកពាក់ជើងទាឥណ្ឌូនេស៊ីដណ្តើមមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីកីឡាហែលទឹកពាក់ជើងទាថៃដណ្តើមមេដាយមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១០ គ្រឿង ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹកទទួលបាននិយាយថា ការប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៤នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួម៧ ប្រទេស រួមមានកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបុរី ឥណ្ឌូនេស៊ី និងហ្វីលីពីន និងកីឡាករ-កីឡាការិនីចូលរួមមាន ៦២នាក់ក្នុងនោះកីឡាករ ៣៤នាក់ កីឡាការិនី ២៨នាក់ និងប្រតិភូ គ្រូបង្វឹក គ្រូជំនួយចំនួន ៣០នាក់ នឹងមានវត្តមានមន្ត្រីគណៈកម្មការ បច្ចេកទេសចំនួន ១០០នាក់ ចូលរួម ដឹកនាំ និងកាត់សេចក្តីក្នុងការប្រកួត ៕
