ខេត្តកែប ៖ ក្រុមកីឡា ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស ២១ គ្រឿង ខណៈក្រសួងមហាផ្ទៃ ដណ្តើមបាន មេដាយមាស ៣ គ្រឿង នៃការប្រកួតកីឡា អត្តពលកម្ម សម្រាប់ពឹត្តិការណ៍ការ ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិ ជនពិការលើកទី២ នៅតំបន់ឆ្នេរសមុទ្រ ខេត្តកែប ការប្រកួតនេះរៀបចំ ដោយក្រសួងអប់រំ យុវជន និងកីឡាសហការបច្ចេកទេស ជាមួយសហព័ន្ធខ្មែរ កីឡាអត្តពលកម្ម ។
ក្នុងឱកាសពិធីបិទការ ប្រកួតកីឡាកីឡាបាល់ទះ ជាផ្លូវការយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញ ពីសំណាក់លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត និងលោក ខូវ ឆាយ អនុប្រធាន និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ ព្រមទំាំងអ្នកតំណាង មន្ទីរអប់រំកាយ និងកីឡារាជធានីខេត្ត ។
ក្រុមកីឡាក្រសួងការពារជាតិដណ្តើមបានមេដាយមាស ២១ គ្រឿង មេដាយប្រាក់ ៨ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង សរុបចំនួន ៣៣ គ្រឿង ក្រុមកីឡាក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង សរុប១៣គ្រឿង និងក្រុមកីឡាខេត្តពោធិ៍សាត់ ណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ។
ចំណែកក្រុមកីឡា ខេត្តបន្ទាយមានជ័យ ដណ្តើម បានមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡា ខេត្តព្រៃវែង ណ្តើមបានមេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាខេត្តកំពង់ធំ ដណ្តើមបានមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្រុមកីឡាខេត្តសៀមរាប ដណ្តើមបានមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងក្រុមកីឡាខេត្តកំពង់ស្ពឺ ដណ្តើមមេដាយមេដាយប្រាក់ ១ គ្រឿង ៕
ដោយ៖លី ភីលីព