សុខភាព និង ផ្លូវភេទ

តើធ្វើដូចម្ដេច ដើម្បីកត់សម្គាល់ពីអាការៈ ឬរោគសញ្ញា របស់អ្នកជំងឺគ្រុនឈាម?

ABC News

អ្នកជំងឺមានអាការៈក្ដៅខ្លួនខ្លាំង មានកម្ដៅចាប់ពី ៣៩អង្សាទៅ ៤០អង្សា ហើយប្រើថ្នាំត្រជាក់មិនចុះកម្ដៅ ក្នុងរយៈពេល ២ថ្ងៃទៅ ៧ថ្ងៃ កុមារមានស្ថានភាព គេងសន្លឹម មុខក្រហម ឈឺក្បាល ឈឺសាច់ដុំ ឈឺក្នុងគ្រាប់ភ្នែក ឬសញ្ញាចេញឈាមកន្ទួលក្រហម ឬជាំលើស្បែក ឈាមច្រមុះ ឈាមអញ្ចាញធ្មេញ ជុះឈាម ក្អួត ឬក្អួតឈាម ជាដើម។ សញ្ញាទាំងនេះ គឺជាសញ្ញាដ៏គ្រោះថ្នាក់ ដូច្នេះសូមប្រញាប់រួសរាន់បញ្ជូន អ្នកជំងឺទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពជាបន្ទាន់៖ «វាក្ដៅភ្លាមៗ ៣៩-៤០អង្សាក្នុងរយៈពេលពីរថ្ងៃហើយ។ ថ្ងៃទី៣ គឺវាចេញ ហើយអាចមានកន្ទួលក្រហម កុំឲ្យទុករហូត ៧ថ្ងៃអី យើងប្រញាប់ទៅពេលទៅ ឲ្យគេជួយពិនិត្យមើលសំខាន់គឺកម្ដៅ ៣៩-៤០អង្សា ។

ក្មេងមុខក្រហមដាក់ថ្នាំប៉ារ៉ា (Para) អត់ចុះទេ ជៀសវាងកុំប្រើថ្នាំអាស្ពេរីន (ASPARIN) ក្នុងរដូវភ្លៀង ពីព្រោះថ្នាំនេះវាធ្វើឲ្យមានការហូរឈាមកាន់តែខ្លាំង ។ ជំងឺនេះវាងាយនឹងឲ្យគ្រុនឈាម ។ គាត់ប្រើតែប្រភេទប៉ារ៉ាទៅបានហើយ ជួនកាលទៅដល់ថ្ងៃទី៣ ទី៤ វាត្រជាក់វិញស្រិបទៅវិញ ត្រជាក់ស្អិត អាហ្នឹងក៏ភ័យដែរ ប្រញាប់រួសរាន់ឡើងទៅមន្ទីរពេទ្យ»។
នៅលើសាកលលោកពុំទាន់រកឃើញនូវ ថ្នាំបង្ការ ឬវ៉ាក់សាំង និង ថ្នាំសម្លាប់មេរោគគ្រុនឈាម នេះនៅឡើយទេ ។

វិធានការបង្ការ ដែលមានប្រសិទ្ធភាពនោះ គឺត្រូវតែថែទាំបរិស្ថានក្នុងភូមិឋាន ឬក្នុងទីធ្លាផ្ទះ របស់លោកអ្នកកុំឲ្យមានជម្រកមូសខ្លា និង ជៀសវាងកុំឲ្យមូសខ្លាញីខាំ ។
ក្រសួងសុខាភិបាល បានអប់រំឲ្យលោកអ្នកចូលរួមទាំងអស់គ្នា ក្នុងការលុបបំបាត់ជម្រកដង្កូវទឹក នាំឲ្យកើតជាមូសខ្លា ដែលជាភ្នាក់ងារ ចម្លងជំងឺគ្រុនឈាម តាមរយៈការសម្អាតលំនៅឋាន កុំឲ្យមានទឹកដក់ ដោយកប់ ឬដុតចោល នូវត្រឡោកដូង សម្បកកំប៉ុង សម្បកកង់ឡាន និងវត្ថុផ្សេងៗទៀតដែលអាចដក់ទឹកបាន ។ លាងសម្អាតពាង អាងឲ្យបានស្អាតល្អ កុំឲ្យមានដង្កូវទឹក ឬចិញ្ចឹមត្រី ៧ពណ៌ឲ្យស៊ីដង្កូវទឹក និងដាក់ថ្នាំសម្លាប់អាប៊ែត (Abate) ដង្កូវទឹក ។ មួយវិញទៀត ត្រូវការពារកុមារកុំឲ្យមូសខាំ ដោយដេកក្នុងមុងទាំងថ្ងៃទាំងយប់ ស្លៀកសម្លៀកបំពាក់ជិតៗ កុំឲ្យពួកគេលេងនៅទីងងឹត ត្រូវបើកទ្វារបើកបង្អួចឲ្យមានពន្លឺថ្ងៃចូលគ្រប់គ្រាន់៖ «យើងសួរថាដង្កូវទឹកនោះនៅឯណា? វាតែងតែមានកើតនៅក្នុងពាង ឬអាង ដែលគ្របមិនបានល្អ វាពង វាញាស់ទៅជាដង្កូវទឹក ហើយកើតចេញជាមូសមកវិញទៀត ។ ទី២ គឺការបោះចោលនូវកាកសំណល់ សំរាម ដូចជាសម្បកកង់ឡាន ឬក៏សម្បកកំប៉ុង ឬរបស់បាក់បែក ឬត្រឡោកដូង ឬខ្ចៅខ្យងដែលយើង ហូបហើយ យើងបោះចោល ទៅដល់ពេលភ្លៀង មកវាដក់ វាជាជម្រកមូសខ្លាទៅបង នៅហ្នឹង វាញាស់ទៅជាមូស ដែលខាំបណ្ដាលឲ្យមានគ្រុនឈាម»។

Most Popular

To Top