ផ្សេងៗ

ក្រុមរថយន្តប្រណាំង ៥១ គ្រឿងមកពី ៧ ប្រទេសចូលរួម ព្រឹត្តិការណ៍ការប្រណាំង រថយន្តឆ្លងកាត់ឧបសគ្គ Off-Road អន្តរជាតិ ខេត្តព្រះសីហនុ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រណាំង រថយន្តឆ្លងកាត់ឧបសគ្គ Off-Road អន្តរជាតិ ខេត្តព្រះសីហនុ លើកទី១ ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបន្ត អភិវឌ្ឍន៍ វិស័យកីឡានេះ រួមចំណែកផ្សព្វផ្សាយអប់រំ ពីវិស័យទេសចរណ៍ខេត្ត ក្រោមការសហការ រវាងសហព័ន្ធកីឡា យាន្តយនកម្ពុជា និងក្លិបកីឡាមហាគ្រួសារ Off-Road កម្ពុជាបានបើកការប្រកួតជាផ្លូវការ ។

ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ ឆ្នាំ២០២៤ បានធ្វើពិធីបើកជាផ្លូវការជាមួយ នឹងការហែរក្បួនរថយន្ត ប្រណាំងទាំងជាតិ និងអន្តរជាតិក្នុងក្រុងព្រះសីហនុ ។ ពិធីបើកខាងលើធ្វើក្រោមអធិបតីភាព លោក សាមុត សុធារិទ្ធ អភិបាលរង ខេត្តព្រះសីហនុ និងលោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ។

លោក វង្ស គីមហួត បាននិយាយថា ខ្ញុំកត់សម្គាល់ថា ការប្រណាំងរថយន្ត Off Road ដែលកម្ពុជាទទួលធ្វើម្ចាស់ ផ្ទះនេះនឹងផ្តល់គុណ តម្លៃជាច្រើន ហើយក្នុងនោះកីឡាករកម្ពុជា យើងនឹង បានសិក្សារៀនសូត្របន្ថែម ដើម្បីដកស្រង់ បទពិសោធន៍ និង ដុសខាត់សមត្ថភាពបន្ថែម ឱ្យកាន់តែល្អប្រសើរផងដែរ សម្រាប់ត្រៀមការប្រណាំង អន្តរជាតិជាបន្ត បន្ទាប់នាពេលខាងមុខ ។ តាមរយៈព្រឹត្តិការណ៍អន្តរជាតិឆ្នាំ២០២៤ នៅខេត្តព្រះសីហនុនេះដែរ នឹងជំរុញបន្ថែម ដល់ការផ្សព្វផ្សាយ ដល់វិស័យកីឡាយានយន្ត ឆ្លងកាត់ឧបសគ្គនេះឱ្យប្រជាពលរដ្ឋកាន់តែស្រឡាញ់ចូលចិត្ត និងអាចបំផុសស្មារតី ដល់ពួកគាត់ឱ្យចូលរួមហ្វឹកហាត់ ក្លាយជាកីឡាករ នាថ្ងៃអនាគតទៀតផង»។

លោក វង្ស គីមហួត បន្ថែមថា តាមរយៈព្រឹត្តិការណ៍នេះនឹងរួមចំណែក ដល់ការផ្សព្វផ្សាយវិស័យ ទេសចរណ៍កម្ពុជា ដល់អ្នកចូលរួមប្រណាំងអន្តរជាតិផងដែរ ជាពិសេសអាចឱ្យអន្តរជាតិអាចមើលឃើញពីសក្តានុពលទេសចរណ៍ ជាពិសេសតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា រួមទាំងវិស័យកីឡាយានយន្តឆ្លងកាត់ឧបសគ្គរបស់កម្ពុជាផងដែ។
លោក វង្ស គីមហួត គូសបញ្ជាក់ថា ការប្រកួតនេះ ត្រូវបានចែកចេញជា៣ Class ដោយការប្រកួតមានកម្រិត លំបាកខុសៗគ្នា ក្នុងនោះClass A មានរថយន្តចូលរួមប្រណាំង ២៦គ្រឿង, Class B មានរថយន្ត១៥គ្រឿង ខណៈ Class C មានរថយន្ត១៥គ្រឿងដូចគ្នា ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិឆ្នាំ២០២៤នេះត្រូវបានរៀបចំសហព័ន្ធកីឡាយានយន្តកម្ពុជា សហការជាមួយ ក្លឹបមហាគ្រួសារ off-Road កម្ពុជា ដោយមានការគាំទ្រ ពីរដ្ឋបាលខេត្តព្រះសីហនុ សហភាពសហព័ន្ធ យុវជន កម្ពុជា និងដៃគូសហការជាច្រើនទៀត។ ការប្រណាំងនេះមានរថយន្ត ៥១គ្រឿង មកពី៧ប្រទេសចូលរួម ដូចជាម្ចាស់ផ្ទះកម្ពុជា ចិន ថៃ វៀតណាម រុស្ស៉ី ឡាវ និងឥណ្ឌូណេស៊ី ដោយប្រណាំងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ នៅទីលានប្រណាំងយានយន្តធំមួយ ក្បែរឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ។ វិញ្ញាសាប្រណាំងចែកជា៣ គឺ Class A (Hard core) ឆ្លងកាត់ឧបសគ្គខ្លាំងបំផុត, Class B (Light core) និង Class C (Overland)៕

Most Popular

To Top