ផ្សេងៗ

លោក ប៊ុយ សោភ័ណ្ឌ វគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍកីឡា វាយកូនឃ្លីលើតុនៅកម្ពុជា

ភ្នំពេញ ៖ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ប៊ុយ សោភ័ណ្ឌ ទីប្រឹក្សាប្រចាំការ តំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការ NOCC បានអញ្ជើញចុលរួមបិទ វគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡា វាយកូនឃ្លីលើតុ កម្រិត១ ដែលមានរយៈពេល ៨ ថ្ងៃចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្រោមការរៀបចំ គណៈកម្មាធិការជាតិ អូឡាំពិក (NOCC) សហការជាមួយ សហព័ន្ធកីឡាវាយកូនឃ្លី លើតុអន្តរជាតិ (ITTF) និងសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា (CTTF) ។

លោក TREVOR JAMES គ្រូឧទ្ទេសអន្តរជាតិ របស់ ITTF បានប្រាប់ឲ្យដឹងថា គ្រប់វគ្គដែលបានចូលរួមទាំងអស់ ត្រូវបានរៀបចំឡើងយ៉ាងល្អ ដោយមានអ្នកចូលរួម ក្នុងចំនួនច្រើនសមរម្យ ។ ខ្ញុំសូមថ្លែងអំណរគុណជាពិសេស ចំពោះលោក សុខជាតិ កញ្ញា ចន្ធី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហព័ន្ធកីឡាវាយ កូនឃ្លីលើតុកម្ពុជា (CTTF) និង នាយកដ្ឋានអភិវឌ្ឍ កីឡាវាយកូនឃ្លីលើតុរបស់ ITTF បានបង្កើតវគ្គបណ្តុះបណ្តាល នេះឡើង និងជួយ សម្របសម្រួល ឲ្យដំណើរការទៅបានរលូន ។

មួយសប្តាហ៍សម្រាប់ គ្រូបង្វឹកទាំងអស់ ពួកគាត់ទទួលបានបទពិសោធន៍ក្នុងការរៀនអ្វីថ្មីៗ ហើយថែមទាំងបាន ជម្រះចិត្តស្មារតី និង ពង្រឹង លើជំនាញដែលបានចេះរួចពីមុនមកហើយ ។ ការបង្វឹកជាញឹកញយ តម្រូវឲ្យមានសិល្បៈ នៃការផ្ទេរចំណេះដឹងដែលអ្នកមាន ក្នុងនាមជាអត្តពលិកម្នាក់ ចូលទៅក្នុងការងាររបស់គ្រូបង្រៀន ។

លោក ប៊ុយ សោភ័ណ្ឌ បានមានប្រសាសន៍ថា ក្រោយពីបានស្តាប់ការវាយតម្លៃ របស់លោកគ្រូឧទ្ទេសអន្តរជាតិរួចមក តាងនាមគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ខ្ញុំសូមសម្ដែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំ យកចិត្តទុក ដាក់របស់សិក្ខាកាមទាំងអស់ ក្នុងការស្រូបយកចំណេះដឹងថ្មីៗ ពីគ្រូឧទ្ទេសកម្រិតអន្តរជាតិរបស់ ITTF ពាក់ព័ន្ធនឹងគោលការណ៍គ្រឹះ នៃការបង្វឹកកីឡាវាយកូនឃ្លីលើតុ។ វគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍកីឡាវាយកូនឃ្លីលើតុនៅកម្ពុជា ហើយខ្ញុំសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹង និងបច្ចេកទេសថ្មីៗ បានសិក្សាទៅប្រើប្រាស់ ដើម្បីអភិវឌ្ឍធនធានអត្តពលិក ឈានឆ្ពោះ ទៅទទួលបានជោគជ័យ សម្រាប់ការប្រកួតកីឡា កម្រិតជាតិ និងអន្តរជាតិ ជាពិសេសក្នុងការចូលរួមជាមួយសហព័ន្ធ ដើម្បីអភិវឌ្ឍធនធានអត្តពលិកយុវជន-ថ្នាល ត្រៀមការប្រកួតកីឡាយុវជនអាស៊ីហ្គេម ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា ។

លោក ប៊ុយ សោភ័ណ្ឌ បានបន្តថា ជាមួយគ្នានេះ ក្នុងនាមរូបខ្ញុំជាអតីតថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ១រូប សូមសម្តែងនូវការកោតសរសើរចំពោះ លោក សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងគណៈកម្មាធិការប្រតិបត្តិ ចំពោះការដឹកនាំប្រកប ដោយភាពប៉ិនប្រសប់ និងឆន្ទៈខ្ពស់ ក្នុងការអភិវឌ្ឍកីឡា វាយកូនឃ្លីលើតុ ឱ្យក្លាយជាប្រភេទកីឡាដ៏មានសក្តានុពល និងប្រជាប្រិយភាពនៅកម្ពុជា ។

ជាថ្មីម្តងទៀត តាងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោក TREVOR JAMES ដែលបានដឹកនាំវគ្គសាមគ្គីអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិត១ ឱ្យទទួលបានជោគជ័យ នាពេលនេះ៕

Most Popular

To Top