មីយ៉ាន់ម៉ា៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា Miss Grand Myanmar 2024 នាង Thae Su Nyein បានដកតំណែង ចេញពីគណនី Instagram របស់នាង ដែលជាសញ្ញានៃការបែកបាក់ កាន់តែស៊ីជម្រៅ ជាមួយស្ថាប័ន Miss Grand International (MGI) ។
នាងក៏បាន unfollow គណនី Instagram របស់ប្រធាន MGI Nawat Itsaragrisil និង MGI ខ្លួនឯងផងដែរ។ សកម្មភាពរបស់រាជិនីសម្រស់ធ្វើឡើង បន្ទាប់ពីមានជម្លោះជាច្រើនជាមួយ MGI ។ កាលពីថ្ងៃទី ២៦ ខែតុលា ក្នុងរាត្រីចុងក្រោយ នៃការប្រឡង Miss Grand International នាង Thae ជាប់ចំណាត់ថ្នាក់លេខ ២ ដោយតាមពីក្រោយបេក្ខនារី មកពីប្រទេសហ្វីលីពីន និងឥណ្ឌាត្រូវបានគេប្រកាស ជាអ្នកជាប់ចំណាត់ថ្នាក់លេខ១ និងអ្នកឈ្នះរៀងខ្លួន។
នាងបានចាកចេញពីព្រឹត្តិការណ៍នេះ ដោយមើលទៅមិនសប្បាយចិត្ត ជាមួយក្រុមរបស់នាងភ្លាមៗ បន្ទាប់ពីការប្រកាស ហើយបានជ្រើសរើសមិនចូលរួមក្នុងសកម្មភាព ដែលបានគ្រោងទុក សម្រាប់បេក្ខជនចុងក្រោយកំពូលទាំង៥។
យោងតាមសារព័ត៌មាន ABS-CBN News បាននិយាយថា ការផ្សាយបន្តផ្ទាល់ Instagram នៅថ្ងៃបន្ទាប់នាង Thae បានប្រកាសពីចេតនារបស់នាង ក្នុងការប្រគល់មកុដរបស់នាងវិញ ដោយបង្ហាញពីជំនឿរបស់នាងថា នាងត្រូវបានគេបដិសេធដោយអយុត្តិធម៌ នូវពានរង្វាន់ពិសេសចំនួន ២ គឺ Best in National Costume និង Country’s Power of the Year ។
ពានរង្វាន់សម្លៀកបំពាក់ជាតិល្អបំផុត បានទៅលើអ្នកចូលរួមមកពីប្រទេសប្រេស៊ីល អេក្វាឌ័រ និងហុងឌូរ៉ាស ខណៈដែលថាមពលរបស់ប្រទេសប្រចាំឆ្នាំ ត្រូវបានប្រគល់ជូនដល់ប្រទេសថៃ។ កាលពីថ្ងៃទី ២៨ ខែតុលា ស្ថាប័ន MGI បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនថា ខ្លួនបានដកតំណែងនាង Thae ដោយសារតែអាកប្បកិរិយាមិនសមរម្យ” ។
ប្រធាន MGI លោក Nawat Itsaragrisil អាយុ ៥១ ឆ្នាំបានចោទប្រកាន់ Htoo Ant Lwin អតីតនាយកជាតិ Miss Grand Myanmar ពីបទបង្ខិតបង្ខំ នាងThae ឲ្យបោះបង់តំណែងរបស់នាង។ ទន្ទឹមនឹងនេះដែរ លោក Htoo បានចោទប្រកាន់ថា លោក Itsaragrisil បានទទួលយកសំណូកចំនួន ២៥,០០០ ដុល្លារអាមេរិក ពីមន្ត្រីរៀបចំការប្រកួតរបស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីជាថ្នូរនឹងការមកុដ ។ លោក Itsaragrisil បានបដិសេធការចោទប្រកាន់នេះ ហើយបានគំរាមចាត់វិធានការផ្លូវច្បាប់ លុះត្រាតែ Htoo អាយុ ២៩ ឆ្នាំផ្តល់ភស្តុតាង ៕