ផ្សេងៗ

បុគ្គលិកលក្ខណៈ ១៧ចំណុច របស់សហគ្រិន និងមនុស្សជោគជ័យ

អ្នកប្រហែលជាធ្លាប់បានដឹង នឹងបានស្គាល់ពីបុរស ឬស្ដ្រីមួយចំនួន ដែលទទួលបានជោគជ័យធំធេង នៅក្នងជីវិតរស់នៅ របស់ពួកគេ ។ ហើយអ្នកក៏ប្រហែលជាធ្លាប់បានជួប និងស្គាល់មនុស្សជាច្រើនរូបផ្សេងទៀត ដែលមានឱកាសច្រើនជាងនេះ ហើយមានទេពកោសល្យខ្លាំងជាងនេះ ក៏ប៉ុន្តែពួកគេបែរ ជាមិនទទួលបានជោគជ័យ ឬមុជទៅមិនបានឆ្ងាយក្នុង ការងាររបស់ពួកគេទៅវិញ។

តើនៅពេលណាជាពេល ចុងក្រោយបំផុត ដែលអ្នកបានជួបជាមួយនឹងចៅហ្វាយនាយ ដែលមើលទៅជាមនុស្ស គ្មានសមត្ថភាពបើប្រៀបធៀបជាមួយនឹងបុគ្គលិកដទៃ ប៉ុន្តែពួកគេ នៅតែធ្វើជាចៅហ្វាយនាយរបស់អ្នកបាន? ហេតុអ្វី? តើនៅក្នុងជីវិតរស់នៅគ្មានពាក្យថា យុត្តិធម៌ទេរឺ? អត់ទេការពិតគឺមិនមែនបែបនោះទេ។

ប៉ុន្តែមុននឹងឆ្លើយសំណួរខាងលើនេះ ជាដំបូងមកសាកល្បងលេងហ្គេម មួយជាមួយ ចំណេះ ជាមុនសិន។ ឧបមាថាលោកអ្នកឈ្នះឆ្នោតរង្វាន់ធំដែលមានចំនួន ទឹកប្រាក់រាប់សិបលានដុល្លា សាកសួរខ្លួនឯងទៅមើលថា តើលោកអ្នកនឹងយកប្រាក់នោះទៅចំណាយលើអ្វី? តើលោកអ្នកនឹងតេទូរស័ព្ទទៅប្រាប់ភរិយា ឬស្វាមីរបស់លោកអ្នក? ឬមួយលោកអ្នករងចាំអោយប្រាក់ទាំងនោះផ្ទេរចូលក្នុងគណនីសិន ទើបលោកអ្នកប្រាប់ទៅក្រុមគ្រួសារជាក្រោយ? ឬមួយក៏លោកអ្នករក្សាភាព ស្ងៀមស្ងាត់ ហើយបង្ហាញខ្លួន អោយពួកគេឃើញជាមួយនឹង រថយន្តស៊េរីទំនើបមួយ ដែលអ្នកនឹងទិញ?

ឥលូវនេះសាកសួរអ្នកផ្សេង នូវសំនួរទាំងប៉ុន្មានខាងលើនេះវិញម្ដង ចំណេះ ហ៊ានធានាថា មនុស្សស្ទើរតែទាំងអស់ នឹងឆ្លើយប្រាប់ប្រិយមិត្តនូវចំលើយស្រដៀងគ្នាថា រឿងដំបូងដែលពួកគេ នឹងធ្វើនោះគឺអាចជាការបរិច្ចាគ និងការដាក់ទានដល់អ្នកក្រីក្រជាដើម ។ តើត្រូវដែរទេ?

ចំលើយទាំងអស់នេះ គឺមិនខុសនោះទេ ហើយសុទ្ធតែជាចំលើយដែលចេញពីចិត្តរបស់ពួកគេ ពីព្រោះមនុស្សទាំងនោះ នឹងធ្វើតាមអ្វីដែលពួកគេសន្យា។ ប៉ុន្តែការធ្វើបែបនេះ ពីព្រោះពួកគេមិន ចង់មានអារម្មណ៍ខុសឆ្គង ដែលនឹងត្រូវចំណាយលុយ ទាំងអស់ដែលនៅសល់ពីការបរិច្ចាគ ទៅលើរឿងផ្ដេសផ្ដាសផ្សេងទៀតប៉ុណ្ណោះ។

ប្រិយមិត្តត្រូវដឹងថា សំរាប់អ្នកក្រគំនិត ឬមនុស្សដែលមាន ផ្នត់គំនិតបរាជ័យ បើទោះជាពួកគេទទួលបាន ទឹកប្រាក់ច្រើន ប៉ុណ្ណាក៏ដោយ ក៏ពួកគេនឹងមានវិធីគ្រប់បែបយ៉ាងក្នុងការចំណាយប្រាក់ទាំងអស់នោះ អោយអស់គ្មានសល់ដែរ។ ហើយទាំងនេះក៏មិនមែនជាកំហុស ផ្ទាល់របស់ពួកគេដែរ ពីព្រោះតាមការពិតទៅ សង្គមរបស់យើង និងមនុស្សដែលមាន ផ្នត់គំនិតបរាជ័យផ្សេងទៀតទៅវិញទេ ដែលបង្រៀនពួកគេអោយធ្វើបែបនេះ។ ដូច្នេះសូមមកធ្វើការអាននូវបុគ្គលិកលក្ខណៈ របស់មនុស្សជោគជ័យទាំង ១៧ចំនុចនេះវិញ ដែលបង្ហាញពីមូលហេតុថាតើហេតុអ្វី បានជាពួកគេតែងតែស្ថិតនៅទីកំពូល ហើយអ្នកក្រគឺនៅតែក្រទៅវិញ ទោះបីជាពួកគេទទួលបានប្រាក់ ឬឱកាសច្រើនទៅហើយក្ដី ៖
១) មនុស្សជោគជ័យមិនចូលចិត្តរងចាំឱកាសឡើយ៖ សំរាប់មនុស្សជោគជ័យពួកគេយល់ច្បាស់ថា ពួកគេមិនអាច ត្រលប់ក្រោយទៅ កែអតីតដើម្បីទទួលលទ្ធផលផ្សេងនោះទេ ក៏ប៉ុន្តែពួកគេអាចមានលទ្ធភាពក្នុង ការចាប់ផ្ដើមនៅថ្ងៃនេះ ដើម្បីជោគជ័យ នៅចុងបញ្ចប់ ។

២) មនុស្សជោគជ័យហ៊ាន បញ្ចេញសកម្មភាព ដើម្បីសំរេចក្ដីសុបិន្ដរបស់ពួកគេ៖ សូមកុំធ្វើជាមនុស្សធម្មតាម្នាក់ ដែលមានគំនិតយ៉ាងអស្ចារ្យ ហើយជួបប្រទះនឹងឱកាសដែលកម្រច្រើនរាប់មិនអស់ ក៏ប៉ុន្តែអ្វីដែលអ្នកចូលចិត្តធ្វើ នោះគឺការរងចាំ រងចាំហើយរងចាំទៀត។ តើអ្នករងចាំដើម្បីអ្វី? តើអ្នករងចាំរហូតទាល់តែមាននរណាម្នាក់ ដែលមានគំនិតដូចអ្នក ហើយអោយពួកគេសំរេចគោលដៅ ជំនួសអ្នកមែនទេ? មនុស្សណាក៏ដោយក៏អាចមានគំនិតដែរ ក៏ប៉ុន្តែការដែលហ៊ានធ្វើសកម្មភាព ទៅតាមគំនិតនោះទៅវិញទេ ដែលធ្វើអោយអ្នកលេចធ្លោ ខុសពីមនុស្សធម្មតា ផ្សេងទៀត។ ដូច្នេះសូមកុំធ្វើជាមនុស្សដែលធម្មតាម្នាក់អោយសោះ។

៣) មនុស្សជោគជ័យមានការប្ដេជ្ញា ចិត្តខ្ពស់ដើម្បីគោលដៅរបស់ពួកគេ៖ ពួកគេដឹងថាខ្លួនឯងចង់បានអ្វី ហើយត្រូវធ្វើអ្វីខ្លះ ដើម្បីគោលដៅរបស់ពួកគេដោយមិនបណ្ដែតបណ្ដោយ អោយពេលវេលារំលងទៅ ដោយឥតប្រយោជន៍នោះទេ ។

៤) មនុស្សជោគជ័យមានមហិច្ឆតានិងក្ដីស្រមៃដែលធំ៖ ពួកគេដឹងច្បាស់ថាបើជ្រុលជាមានគំនិតធ្វើអ្វីមួយទៅហើយ ហេតុអ្វីមិនព្រមគិតឬមានមហិច្ឆតា អោយធំ តែម្ដងទៅ? ហើយប្រសិនបើមហិច្ឆតារបស់អ្នកមិនអាចធ្វើអោយ អ្នកភ័យខ្លាច បាននោះទេ នោះមានន័យថាមហិច្ឆតារបស់អ្នក គឺមិនទាន់ធំគ្រប់គ្រាន់នោះទេ ។

៥) មនុស្សជោគជ័យមិនស្វែង រកលេសមកបង្អាក់ក្ដីសង្ឃឹម របស់ពួកគេនោះទេ៖ គ្រោះថ្នាក់ធំបំផុតសំរាប់ មនុស្សម្នាក់ៗនោះគឺមិនមែន ការដែលយើងមានគោលដៅ ធំពេកហើយមិនអាចសំរេចវាបាននោះទេ ក៏ប៉ុន្តែគឺជាការដែល យើងមានគោលដៅតូចពេក ហើយឆាប់សំរេចវាបានទៅវិញទេ ។

៦) មនុស្សជោគជ័យគឺ ជាមនុស្សដែលចេះដាក់ខ្លួន៖ ដើម្បីស្វែងយល់ពីផ្លូវមួយច្បាស់ យើងគួរតែសួរមនុស្ស ដែលធ្លាប់ដើរឆ្លងផ្លូវនេះម្ដងរួចទៅហើយ ។ សំរាប់មនុស្សជោគជ័យ គឺជាមនុស្សដែលចូលចិត្តដាក់ខ្លួន និងធ្វើមិនចេះ ដើម្បីទទួលបានចំណេះដឹងដែលពួកគេគ្មាន ។

៧) មនុស្សជោគជ័យគឺជាមនុស្សដែលជ្រើសរើសតែខ្សែរយៈណាដែលមានប្រយោជន៍សំរាប់គេប៉ុណ្ណោះ៖ ពួកគេសេពគប់តែមិត្តភក្ដណាដែលអាចពឹងពាក់គ្នាបានទៅវិញទៅមក ហើយដែលអាចផ្ដល់ជាជំនួយ ការអប់រំណែនាំ និងចង់ឃើញរូបខ្លួនជោគជ័យតែប៉ុណ្ណោះ ។ ពួកគេមិនចូលចិត្តនៅក្បែរមនុស្សដែលសម្បូរទៅដោយគំនិតឥតបានការច្រើន ហើយជាមនុស្សដែលអវិជ្ជមាន ម្នាក់នោះទេ ។ ពួកគេមិនចង់សេពគប់ជាមួយមនុស្ស ដែលចូលចិត្តប្រាប់គេថា ពួកគេមិនអាចធ្វើអ្វីមួយបាននោះទេ ។ សំរាប់មនុស្សជោគជ័យ ពួកគេដឹងច្បាស់ណាស់ថា ប្រសិនបើពួកគេស្ថិតនៅ ក្នុងបន្ទប់មួយ ដែលខ្លួនជាមនុស្សដែលឆ្លាតជាងគេ នោះបានន័យថា ពួកគេឋិតនៅបន្ទប់ដែលខុសហើយ ។

៨) មនុស្សជោគជ័យគឺមានភាពជឿជាក់លើខ្លួនឯង និង ជឿជាក់លើអ្វីដែលពួកគេធ្វើ៖ សំរាប់មនុស្សជោគជ័យ ពួកគេតែងតែប្រាប់ខ្លួនឯងមុនគេថា ពួកគេគឺអាចទៅរួច និងអាចសម្រេចគោលដៅណាមួយបាន។ ពីព្រោះពួកគេដឹងច្បាស់ថា សំដីដែលពួកគេតែងតែនិយាយប្រាប់ខ្លួនឯងនោះ ខួរក្បាលរបស់ពួកគេនឹងទទួលយក ហើយនឹងអនុញ្ញាតអោយពួកគេ សំរេចគោលដៅទៅតាមការ បញ្ជារបស់ខួរក្បាលបាន ។

៩) មនុស្សជោគជ័យគឺជាមនុស្សដែលមិនចូលចិត្តឈប់ពាក់កណ្ដាលទីនោះទេ៖ អ្នកដាច់ខាតមិនត្រូវចុះចាញ់ ហើយឈប់ត្រឹមពាក់កណ្ដាលទីនោះទេ។ ពីព្រោះជួនកាលប្រសិនបើអ្នកបន្តតែពីរបីជំហានទៀតនោះ អ្នកប្រហែលជាអាចជោគជ័យ ហើយអ្នកក៏មិនត្រូវអោយបញ្ហាណាមួយមកបន្លាចអ្នកមិនអោយ អ្នកទទួលបានជោគជ័យនោះដែរ។ អ្នកត្រូវសួរខ្លួនឯងថា តើអ្នកធំជាងបញ្ហា ឬមួយក៏បញ្ហាវាធំជាងអ្នក សំរាប់ចំលើយនោះគឺស្រួលឆ្លើយបំផុត អ្នកប្រាកដជាធំជាងបញ្ហា ពីព្រោះក្នុងលោកនេះទោះជាបញ្ហាធំប៉ុណ្ណាក៏ដោយ សុទ្ធតែត្រូវបានដោះស្រាយរួចទាំងអស់ ។

១០) មនុស្សជោគជ័យជាមនុស្សដែលចូលចិត្តការប្រថុយប្រថាន៖ សំរាប់មនុស្សជោគជ័យដឹងច្បាស់ថា រាល់ការប្រថុយប្រថាន និងបញ្ហាទាំងអស់ សុទ្ធតែជារូបភាពបន្លំខ្លួនរបស់ ឱកាសដ៏សែនកម្រទាំងអស់ ។

១១) មនុស្សជោគជ័យជឿជាក់លើសុបិន្ដរបស់ខ្លួន៖ មនុស្សជោគជ័យដឹងច្បាស់ពីអត្ថន័យនៃពាក្យមួយឃ្លាដែលនិយាយថា “បើយើងមិនព្រម បង្កើតក្ដីសុបិន្តរបស់ខ្លួនឯងទេ នោះនរណាម្នាក់នឹងជួលយើងអោយទៅបង្កើតក្ដីសុបិន្តរបស់ពួកគេ”។

១២) មនុស្សជោគជ័យ គឺជាមនុស្សដែល មានមហិច្ឆតា ៖ សំរាប់មនុស្សដែលជោគជ័យ គឺពួកគេមានមហិច្ឆតា សំរាប់រឿងគ្រប់បែបយ៉ាង។ ជាឧទាហរណ៍ សំរាប់មនុស្សធម្មតាពួកគេចូលនិយាយថា បើសិនជាចង់បានសុភមង្គល នោះដាច់ខាតត្រូវតែកុំមានចិត្តចង់មានចង់បានខ្លាំងពេក ។ ពាក្យសំដីនេះសំរាប់មនុស្សជោគជ័យគឺគេស្អប់បំផុត បើជ្រុលជាចង់បានសុភមង្គលហើយ ហេតុអ្វីក៏មិនព្រមចង់ បានទាំងទ្រព្យសម្បត្តិទៀតតែម្ដងទៅ? បើអ្នកធម្មតាចង់បានតែ របស់ម៉្យាងហើយត្រូវបោះបង់ ចោលរបស់ផ្សេងទៀត អោយពួកគេបោះបង់ទៅ ប៉ុន្តែបើអ្នកជាមនុស្សដែលជោគជ័យ ដាច់ខាតអ្នកត្រូវតែមានមហិច្ឆតាក្នុងការចង់បានរបស់ ទាំងអស់ដែលអ្នកគួរតែទទួលបាន ។

១៣) មនុស្សជោគជ័យ ស្គាល់ច្បាស់ពីតម្លៃ របស់ខ្លួន ហើយពួកគេមិនព្រមទទួលយកអ្វី ដែលតិចជាងអ្វីដែល គេគិតថាគួរតែទទួលបាននោះទេ ៖ សូមអ្នកធ្វើការត្រួតពិនិត្យ ទៅលើប្រាក់ខែរបស់អ្នក ហើយសូមអ្នកសួរខ្លួនឯង មួយសំនួរថា តើនេះសាកសមនឹងអ្វីដែលអ្នកគួរទទួលបានឬទេ សំរាប់ចំណេះដឹងនិង ទេពកោសល្យរបស់អ្នកនោះ? បើអ្នកជាមនុស្ស ដែលជោគជ័យ នោះអ្នកនឹងមិន សូវសប្បាយចិត្តទេ ហើយប្រាកដជាគិតថា ខ្លួនអ្នកគួរតែទទួល បានច្រើនជាងនេះ។

១៤) មនុស្សជោគជ័យរៀនពីវិធីគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន៖ មនុស្សជោគជ័យ តែងតែព្យាយាមស្វែងយល់ពីវិធី ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ហើយធ្វើការចាយវាយទៅតាមតម្រូវការចាំបាច់របស់គេតែប៉ុណ្ណោះ ។
១៥) មនុស្សជោគជ័យអោយប្រាក់របស់ពួកគេជាអ្នកធ្វើការអោយខ្លួន៖ សំរាប់មនុស្សដែលជោគជ័យពួកគេគឺ មិនធ្វើការដើម្បីប្រាក់នោះទេ ក៏ប៉ុន្តែគេនឹងអោយប្រាក់ របស់ខ្លួនជាអ្នកធ្វើការអោយគេវិញ ។

១៦) មនុស្សជោគជ័យដឹងច្បាស់ថាដើម្បីទទួលបានឱកាស គឺត្រូវតែហ៊ានប្រឈមជាមួយនឹងបញ្ហា៖ ពួកគេមិនខ្លាចចំពោះបញ្ហា ដែលនឹងកើតមានឡើងឡើយ ពីព្រោះពួកគេដឹងថា បើសិនជាពួកគេអាចដោះ ស្រាយបញ្ហាណាមួយបាន នោះឱកាសនឹងបង្ហាញខ្លួនអោយពួកគេឃើញ ។

១៧) មនុស្សជោគជ័យតែងតែស្រេកឃ្លានចំណេះដឹង៖ ហើយពួកគេមិនបញ្ឈប់បង្រៀនអ្វីដែលថ្មីៗដល់ខ្លួនឯង ជារៀងរាល់ថ្ងៃនោះទេ។
ទោះបីជាគោលដៅរបស់អ្ន កនៅក្នុងពេលនេះគឺជាអ្វីក៏ដោយ ក៏ ចំណេះ សង្ឃឹមថាអ្នកទាំងអស់គ្នាគឺ ចង់សំរេចគោលដៅ នោះដោយពិតប្រាកដ ហើយបើទោះជាត្រូវបរាជ័យប៉ុន្មានដង ក៏អ្នកទាំងអស់គ្នាអាចក្រោក ឈរម្ដងទៀតបាន។ សំណាងនិងរង្វាន់ មិនមែនកើតឡើង ទៅលើមនុស្សដែលមិនធ្លាប់បរាជ័យនោះទេ ក៏ប៉ុន្តែវាកើតឡើងទៅលើមនុស្ស ដែលដឹងថាទោះជាខ្លួនឯងដួលហើយ តែនៅតែអាចក្រោកឈរបន្តទៅទៀតបាន ។
ត្រូវចងចាំថាសំរាប់បុគ្គលដែលជោគជ័យពិតប្រាកដគឺពួកគេ មិនដែលធ្វើអ្វីមួយដើម្បីតែប្រាក់នោះតេ។ ពួកគេគឺមានគំនិត ដែលពួកគេដឹងច្បាស់ថាអាចប្រើជាប្រយោជន៍ដល់ជីវិតរស់នៅ ដែលចុងក្រោយនឹងផ្ដល់ជាប្រយោជន៍ត្រលប់មកពួកគេវិញ។ ហើយពួកគេនឹងធ្វើវាអោយទាល់តែបាន ទោះបីជាដឹងថានឹងជួបឧបសគ្គ ឬលំបាកបែបណាក៏ដោយ។ ហើយនេះក៏ប្រហែលជាបុគ្គលិកលក្ខណៈ ទី ១៨ របស់មនុស្សជោគជ័យផងដែរ៕
ដោយ៖ ហង្ស​ សុបញ្ញា

Most Popular

To Top