ភ្នំពេញ ៖ សហព័ន្ធកីឡាគុនដាវកម្ពុជានាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានប្រគល់ប័ណ្ណបញ្ជាក់ សិក្សាវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាគុនដាវ កម្រិត ១ ឆ្នាំ២០២៤ ដល់សិក្ខាកាមចំនួន ១៥ បន្ទាប់ពីពួកគាត់ បានសិក្សាអស់រយៈពេល ៧ថ្ងៃចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ២០២៤ ពីក្រសួងអប់រំ យុវជន និងកីឡា ។
ក្នុងឱកាសពិធីបិទវគ្គ បណ្តុះបណ្តាលគ្រូបង្វឹក កីឡាគុនដាវ កម្រិត ១ ក្នុងឆ្នាំ២០២៤ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក អ៊ុក សារ៉ែន អនុប្រធានសហព័ន្ធកីឡាគុនដាវ កម្ពុជា លោក ព្រុំ ប៉ុណ្ណយី ទីប្រឹក្សាក្រសួងតំណាង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋាន កីឡាជំនាញ និងកីឡាមហាជន និងលោកគ្រូ Takashi Kuwahata គ្រូបង្វឹក សញ្ជាតិជប៉ុននៅសាល ប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
លោក អ៊ុក សារ៉ែន អនុប្រធាន សហព័ន្ធកីឡាគុនដាវកម្ពុជា បានមានប្រសាសន៍ថា យោងតាមផែនការប្រចាំឆ្នាំ របស់សហព័ន្ធកីឡាគុនដាវកម្ពុជា និងការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធ បានរៀបចំការវគ្គបណ្តុះ បណ្តាលគ្រូបង្វឹកកីឡាគុនដាវ កម្រិត ១ ឆ្នាំ២០២៤នេះ។ បើទោះជាវគ្គនេះ មានការយឺត យ៉ាវ ក្នុងការរៀបចំ ប៉ុន្តែវាក៏ជាឱកាសដ៏ល្អ និងសមស្របសម្រាប់លោកគ្រូបង្វឹក សញ្ជាតិជប៉ុន លោក Takashi Kuwahata ដឹកនាំវគ្គនេះដោយផ្ទាល់ ។
វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាគុនដាវ កម្រិត១ នេះ ត្រូវបានបង្កើតឡើងស្របតាមគោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាល៖ “ប្រជាពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត” និងផែនការមេរបស់សហព័ន្ធកីឡាគុនដាវ “បង្កើនការចូលរួម”។ ក្នុងន័យនេះ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាគុនដាវ នេះ ត្រូវបានតាក់តែងមេរៀនក្នុងកម្រិត មូលដ្ឋានស្របតាមលក្ខខណ្ឌ និងកម្រិតជំនាញរបស់គោលដៅសិក្ខាកាម ។
លោកអនុប្រធានបានបញ្ជាក់ថា តាមលក្ខណៈបច្ចេកទេសនៃកីឡា គុនដាវ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកនេះ ត្រូវបានបែងចែកជា 4 ផ្នែកគឺកម្រិត ១៖ មូលដ្ឋានគ្រឹះនៃកីឡាគុនដាវ និងការចាប់ផ្តើមហ្វឹកហាត់ កម្រិត ២៖ ផែនការហ្វឹកហាត់ និងត្រៀមចូលរួមការប្រកួត កម្រិត ៣៖ ការរៀបចំការប្រកួត និងការជួសជុលសម្ភារៈ និងឧបករណ៍គុនដាវ និងកម្រិត ៤ ៖ អាជ្ញាកណ្តាលកីឡាគុនដាវ.។
លោកបានបន្ថែមទៀតថា ក្រៅពីនេះ សហព័ន្ធកីឡាគុនដាវអាស៊ី ក៏មានរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលអន្តរជាតិ ចំនួន ២ដងក្នុងឆ្នាំផង ដែរ។ វគ្គទាំងអស់ នឹងបើកទូលាយដល់សិក្ខាកាម គ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករ កីឡាការិនីទាំងអស់ ដែលមាន ឆន្ទៈខ្ពស់ក្នុង ការអភិវឌ្ឍក្នុងប្រភេទកីឡាគុនដាវ ប៉ុន្តែ ដើម្បីចូលរួមវត្តអន្តរជាតិ ទាំងអស់ខាងលើ ស្នើសុំលោកគ្រូអ្នក គ្រូ ទាំងអស់ ពង្រឹងសមត្ថភាពភាសា ជាពិសេសភាសាអង់គ្លេស៕