នៅក្នុងសន្និសីទ AlUla សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដែលធ្វើឡើងនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន (PBOC) បាននិយាយថា យ័ន (រូបិយប័ណ្ណចិន) ដែលមានស្ថេរភាព គឺមានសារៈសំខាន់សម្រាប់ការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅលើកម្រិតសកល។ លោក Pan បានបង្ហាញពីភាពធន់របស់ លុយយ័ន ប្រៀបធៀបជាមួយដុល្លារអាមេរិក។ នៅពេលដែលរូបិយប័ណ្ណជាច្រើននៅក្នុងទីផ្សារពិភពលោកបានធ្លាក់ចុះ លុយយ័ន បានរក្សាស្ថានភាពរឹងមាំ ដែលបង្ហាញថាប្រទេសចិនអាចគ្រប់គ្រងការប្រែប្រួលនៃទីផ្សាររូបិយប័ណ្ណបានយ៉ាងល្អ។

ទេសាភិបាលធនាគារកណ្តាលចិនរូបនេះ បានរំលឹកថា PBOC នឹងអនុញ្ញាតឱ្យទីផ្សារ កំណត់អត្រាប្តូរប្រាក់របស់យ័ន ដោយមានការគាំទ្រពីគោលនយោបាយដែលមានគោលបំណងជួយឱ្យយ័នមានស្ថេរភាព។ គោលនយោបាយនេះរួមមានការជំរុញការប្រើប្រាស់ក្នុងស្រុក តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភ និងការជួយដល់គ្រួសារពលរដ្ឋ ដើម្បីបង្កើនប្រាក់ចំណូល និងការចំណាយ ក៏ដូចជាការវិនិយោគក្នុងប្រទេស ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច។ លើសពីនេះ PBOC នឹងពង្រឹងការត្រួតពិនិត្យលំហូរមូលធនឆ្លងដែន ដើម្បីធានាថាមានភាពធន់នៅក្នុងទីផ្សារប្តូរប្រាក់។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនកំពុងជួបប្រទះ បញ្ហាមួយចំនួន ដូចជា ការកើនឡើងនៃការការពារពាណិជ្ជកម្ម ដែលប្រទេសជាច្រើនកំពុងអនុវត្តវិធានការ ការពារពាណិជ្ជកម្មដែលអាចជះឥទ្ធិពលដល់ពាណិជ្ជកម្មអន្តរជាតិ និងភាពតានតឹងភូមិសាស្ត្រ ដែលការតានតឹងនៅក្នុងតំបន់ និងទំនាក់ទំនងជាមួយប្រទេសផ្សេងៗអាចជះឥទ្ធិពលដល់សេដ្ឋកិច្ច។ ដោយសារតែការប្រឈមទាំងនេះ ទេសាភិបាលធនាគារកណ្តាលចិន បានអះអាងថា ការរក្សាស្ថេរភាពរបស់លុយយ័ន គឺមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និងនៅលើកម្រិតសកល ហើយ PBOC មានគោលបំណងធ្វើឱ្យយ័នក្លាយជារូបិយប័ណ្ណដែលមានគេទទួលស្គាល់ច្រើន ក្នុងទីផ្សារពិភពលោក៕
