ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា និងលោក ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិ ឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា ក្រោមការប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាប្រចាំឆ្នាំ២០២៥ នៅសាលប្រជុំនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា។
លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិ ចំពេលសហព័ន្ធរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអគ្នេយ៍ឆ្នាំ២០២៥ នៅប្រទេសកម្ពុជាដែលនឹងប្រព្រឹត្តទៅចុងខែមិថុនាខាងមុខនេះ។ ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអគ្នេយ៍នេះ សហព័ន្ធត្រូវបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិដល់អាជ្ញាកណ្តាល ចៅក្រមកម្ពុជាដើម្បីបំប៉ន់សមត្ថភាពបន្ថែមទៀត ឬរំលឹកវិជ្ជាគុនឡើងវិញ បង្រៀនដោយលោក បួនហ៊ីង សុធីយ៉ា ជាគ្រូឧទ្ទេស និងលោក ហ៊ឹម រីដា ជាគ្រូឧទ្ទេស ដើម្បីរំលឹកចំណុចសំខាន់ដែលកម្រិតមួយយើងចាំបាច់ត្រូវដឹងឲ្យច្បាស់ពីការដាក់ពិន្ទុនៃវិញ្ញាសានីមួយៗ។
លោកប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាបានបន្តថា ការបើកវគ្គបំប៉ន់នេះសហព័ន្ធមានគោលបំណងវែងឆ្ងាយគឺយើងចង់ឲ្យអាជ្ញាកណ្តាល ចៅក្រមកម្ពុជាឈានចូលអាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិនៅការប្រកួតជើងឯកអាស៊ី ជើងឯកអាស៊ីអគ្នេយ៍ និងជើងឯកពិភពលោកក្រៅប្រទេស ក្នុងការបង្ហាញពីវិស័យកីឡាតេក្វាន់-ដូ ITF កម្ពុជា។ ប្រសិនបើកម្ពុជាមានអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិយើងលើកមុខមាត់កម្ពុជាលើវិស័យកីឡាតេក្វាន់-ដូ ITF ហើយប្រទេសដទៃកាន់តែស្គាល់កម្ពុជាកាន់ច្បាស់។
ជារៀងរាល់ឆ្នាំសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាតែងតែរៀបចំវគ្គបណ្តុះបណ្តាលដោយ ប្រើប្រាស់ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាក្រោមការដឹកនាំ របស់លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី អាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិ ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលមានសិក្ខាកាម ៣០នាក់មកពីតាមបណ្តាលរាជធានី ខេត្តចំនួន១៣ រួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង៕
ដោយ៖ លី ភីលីព







