ព័ត៌មានជាតិ

លោក វ៉ាត់ ចំរើន និងលោកប៉ុន សុខ អញ្ជើញកម្មវិធីសន្និសីទ Eastern Economic Forum- Sport diplomacy នៅរុស្ស៊ី

រុស្ស៊ី៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយលោកប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា អញ្ជើញចូលរួមកម្មវិធីសន្និសីទ Eastern Economic Forum- Sport diplomacy ដែលប្រព្រឹត្តទៅនាថ្ងៃទី៣ដល់ ៦ខែ កញ្ញា ឆ្នាំ២០២៥ នៅទីក្រុង Vladivostok Russia ដោយមានការអញ្ជើញចូលរួមលោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី។

សន្និសីទ Eastern Economic Forum- Sport diplomacy បានទាញការគាំទ្រសេដ្ឋកិច្ចពីប្រទេសអាស៊ី-ប៉ាស៊ីហ្វិច ពិសេសចង់បង្ហាញទៅពិភពលោកថា ប្រទេសរុស្សីនៅតែមានសក្តានុពលគ្រប់វិស័យ និងមានស្ថេរភាពសេដ្ឋកិច្ចទោះបីមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ។

លទ្ធផលការងារ៖បានបង្ហាញបទឧទ្ទេសនាមស្តីពី ឥទ្ធិពលកាទូតកីឡាកម្ពុជា ផ្អែកលើគោលនយោបាយកាបរទេសរបស់រាជរដ្ឋាភិបាលបើកចំហរធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្តាប្រទេសលើពិភពលោក ដោយមិនប្រកាន់និន្នាការនយោបាយ ឬបក្សសម្ពន្ធណាមួយឡើយ និងធ្វើសមាហរណកម្មគ្រប់វិស័យក្នុងក្របខណ្ឌតំបន់ និងពិភពលោក តាមខ្លឹមសារសំខាន់ៗរួមមាន៖ការពង្រឹងយន្តការ ASEAN និងASEANបូក ក្នុងការអភិវឌ្ឍ វិស័យអប់រំកាយ និងកីឡា សម្រាប់រដ្ឋសមាជិក។

កិច្ចសហការលើវិស័យអប់រំកាយ និងកីឡា ទ្វេរភាគី និងពហុភាគីជាច្រើនទៀតលើការបណ្តុះបណ្តាលធនធានមនុស្ស និងមន្រ្តីជំនាញកីឡា។ល។ ការចូលរួមក្នុងចលនាអូឡាំពិកគ្រប់កម្រិតនិងគ្រប់ការប្រកួតអន្តរជាតិ របស់IOC OCA SEAGF និងសហការជាមួយអង្គការកីឡាអន្តរជាតិជាច្រើនទៀត។

ជំនួបទ្វេរភាគីជាមួយរដ្ឋមន្រ្តីកីឡារុស្សី ផ្តោតលើការត្រៀមចុះ MOU លើកិច្ចសហការលើវិទ្យាសាស្រ្តកីឡា ផ្លាស់ប្តូរការហ្វឹកហាត់ ជួយផ្តល់គ្រូបង្វឹកកីឡាកម្រិតខ្ពស់ និងការបណ្តុះបណ្តាលនិស្សិតកីឡាដោយរុស្សីសន្យាផ្តល់អាហារូបការណ៍ជូនកម្ពុជា។ រួមទាំងសហការអភិវឌ្ឍកីឡាប្រពៃណីនៃប្រទេសទាំងពីរ៕

ដោយ៖លី ភីលីព

Most Popular

To Top