ភ្នំពេញ៖ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិស្ប៉េស្បាលអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រី នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង២៥ និងអង្គភាពពាក់ព័ន្ធបានអញ្ជើញគណៈអធិបតីក្នុងពិធីបិទសិក្ខាសាលបូកសរុបកាឆរងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងលើទិសសៅឆ្នាំសិក្សា២០២៥-២០២៦ នៅភោជនីយដ្ឋាន ទន្លេបាសាក់II ដែលមានរយៈពេល ២ ថ្ងៃជាផ្លូវការហើយ។

លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានមានប្រសាសន៍ថា ផ្អែកតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកីឡា អគ្គនាយកដ្ឋានកីឡារៀបចំសិក្ខាសាលារយៈពេល ២ថ្ងៃនេះក្នុងគោលបំណងបូកសរុបសមិទ្ធផល ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារក្នុងអនុវិស័យអប់រំកាយ និងកីឡាក្នុងឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៦។ អង្គសិក្ខាសាលានេះគឺជាវេទិការពិភាក្សា និងវិភាគបញ្ហាគន្លឹះលើប្រធានបទធំៗ២ គឺ ការលើកកម្ពស់សកម្មភាពអប់រំកាយនិងកីឡា ដើម្បីរួមចំណែកបង្កើនគុណភាពអប់រំ និងសុខភាពសាធារណៈ និងការលើកកម្ពស់ការហាត់ហ្វឹកហ្វឺនកីឡាករជម្រើសជាតិ និងថ្នាល ដើម្បីឧត្តមភាពគុណផលកីឡា និងកិត្យានុភាពជាតិ ព្រមជាមួយការចែករំលែកបទពិសោធល្អៗអំពីការលើកកម្ពស់អប់រំកាយក្នុងម៉ោងសិក្សា និងកីឡាក្រៅម៉ោងសិក្សា ដោយមានការចូលរួមពីអង្គភាពជំនាញ និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ១៦០ នាក់ ដែលនឹងចូលរួមមតិយោបល់ កែលម្អ និងដកស្រង់បទពិសោធល្អៗពីគ្នាទៅវិញទៅមក ដើម្បីជាឧត្តមប្រយោជន៍ក្នុងការអនុវត្តការងារឆ្នាំនាឆ្នាំ២០២៦។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា យោងតាមរបាយការណ៍របស់លោកប៉ុន សុខ អគ្គនាយកកីឡា បានបង្ហាញឲ្យឃើញថា៖ កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ អង្គប្រជុំបានពិនិត្យ និងវាយតម្លៃការអនុវត្តការងារឆ្នាំសិក្សា២០២៥-២០២៦ កន្លងមក លើសមិទ្ធផលដែលសម្រេចបានតាមផែនការ ការងារសេសសល់ បញ្ហាប្រឈម សំណូមពរ និងវិធានការដោះស្រាយ ដើម្បីដាក់បញ្ចូលទៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ នាខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ។ ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងផែនការយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំកាយ និងកីឡា ទទួលបាននូវសមិទ្ធផលធំធេងគួរជាទីមោទនៈ។

យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា វិស័យអប់រំ យុវជន និងកីឡា សម្រេចបានសមិទ្ធផលធំៗគួរឱ្យកត់សម្គាល់រួមមាន៖ កំណើន នៃការចូលរៀននៅគ្រប់ភូមិសិក្សា ជាពិសេសអប់រំមូលដ្ឋាន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងបរិយាបន្ន តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំ ការផ្តល់អាហារូបករណ៍ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការអប់រំឌីជីថល ការពង្រឹងអភិបាលកិច្ចសាលារៀន និងការចូលរួមយ៉ាងសកម្មរបស់សហគមន៍ បង្កបរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត។

លោករដ្ឋមន្រ្តីក្រសួងអប់រំ បានបន្តថា បច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយសង្កេតឃើញថ្មីៗនេះ មានប្រភេទកីឡាមួយចំនួនទទួលមេដាយលក្ខណៈអន្តរជាតិ និងកីឡាមួយចំនួនមានការចាប់អារម្មណ៍ ការចូលរួមគាំទ្រយ៉ាងច្រើនពីយុវជន ហើយលទ្ធផល នៃការប្រកួតជាលក្ខណៈអន្តរជាតិ ក៏មានការប្រែប្រួលជាវិជ្ជមានទទួលបានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
នាពេលខាងមុខ ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានឹងឈានដល់ដំណាក់កាលប្រែប្រួលថ្មីមួយជាអន្តរកាលឆ្ពោះទៅសម្រេចឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ អ្វីៗទាំងនេះទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងថែមទៀតនូវស្ថាប័នសាធារណៈជារចនាសម្ព័ន្ធយន្តការសំណុំវិធានច្បាប់ ធនធានមនុស្ស មធ្យោបាយ និងធនធានហិរញ្ញវត្ថុ ដែលកំណត់នូវគោលការណ៍ធំៗ និងឥរិយាបថក្នុងការបំពេញមុខងារ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមក្នុងក្របខណ្ឌ នៃកិច្ចដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋ។

ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំក៏សូមផ្តល់ជូននូវអនុសាសន៍មួយចំនួនរួមមានត្រូវរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍ វិស័យអប់រំកាយ និងកីឡា និងបន្តពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត ទាំងកីឡាមហាជន កីឡាសិស្ស និងកីឡានិស្សិតឱ្យស្របតាមបរិបទតំបន់។ សិក្សា តាមដានអំពីប្រភេទកីឡាដែលមានសក្តានុពលពីបណ្តាប្រទេសអាស៊ាន ដោយផ្តល់អាទិភាពទៅលើប្រភេទ និងវិញ្ញាសាកីឡាទាំងនោះ ជំរុញក្នុងការបំពាក់សម្ភារហ្វឹកហាត់គ្រប់ប្រភេទ និងវិញ្ញាសាកីឡាអាទិភាព ។បន្តផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិដែលមានសក្តានុពល និងសកម្ម ហើយបំផុស និងលើកកម្ពស់សកម្មភាពកីឡាប្រពៃណី តាមរយៈការបញ្ចូលក្នុងការប្រកួតកីឡាជាតិ និងព្រឹត្តិការណ៍ផ្សេងៗ៕










ដោយ៖លី ភីលីព
