ព័ត៌មានអន្តរជាតិ

សិង្ហបុរីប្រមូលផលិតផល ម្សៅទឹកដោះគោទារក Nestlé និង Dumex មកវិញ សង្ស័យថាមានផ្ទុកជាតិពុល

សិង្ហបុរី៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរសិង្ហបុរីបានប្រមូល ផលិតផលម្សៅទឹកដោះគោទារក Nestlé និងDumex មកវិញចំនួនពីរមុខ សង្ស័យថា មានផ្ទុកសារធាតុ Cereulide ដោយចាប់ផ្តើមការ ស៊ើបអង្កេត ខណៈពេលដែលជំរុញឲ្យឪពុកម្តាយឈប់ប្រើប្រាស់ផលិតផល និងស្វែងរកដំបូន្មាន ពីគ្រូពេទ្យ ប្រសិនបើរោគសញ្ញាលេចឡើង។

ទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) បានប្រមូលផលិតផលម្សៅទឹកដោះគោទារក រួមមាន Nestlé NAN HA 1 SupremePro 800g លេខបាច់ 52340017C3 ផលិតនៅប្រទេសស្វីស និង Dumex Dulac 1 800g លេខបាច់ 101570778C ផលិតនៅប្រទេសថៃ ដោយសារតែសង្ស័យថា មានផ្ទុកសារធាតុ Cereulide ។

ទីភ្នាក់ងារចំណីអាហារសិង្ហបុរី បាននិយាយថា ការប្រមូលផលិតផលមកវិញនេះត្រូវបានប្រកាសដោយ SFA នៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃសៅរ៍ បន្ទាប់ពីផលិតផល Nestlé NAN ជាច្រើនសម្រាប់ទារកត្រូវបាន ដកចេញពីធ្នើរលក់រាយនៅថ្ងៃទី ៨ ខែមករា។ ផលិតផលទាំងនេះអាចបានប្រើគ្រឿងផ្សំឆៅដូចគ្នាដែលផ្គត់ផ្គង់ដោយប្រភពដូចគ្នាប្រើក្នុងផលិតផលម្សៅទឹកដោះគោទារកដែលពាក់ព័ន្ធពីមុន។

សេចក្តីថ្លែងការណ៍មួយចេញផ្សាយរួមគ្នាជាមួយទីភ្នាក់ងារជំងឺឆ្លង (CDA) អាជ្ញាធរបាននិយាយថា ប្រទេសសិង្ហបុរីបានកត់ត្រាករណីជំងឺមួយដែលអាចជាប់ទាក់ទងនឹងការប៉ះពាល់នឹងជាតិពុល Cereulide បន្ទាប់ពីទទួលទានទឹកដោះគោ។ ទារកមានរោគសញ្ញាស្រាលៗ ហើយបានជាសះស្បើយឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះមិនទាន់មានការធ្វើតេស្តមន្ទីរពិសោធន៍គ្លីនិកច្បាស់លាស់ដើម្បីបញ្ជាក់ពីការពុល Cereulide នៅឡើយទេ។

CDA កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ SFA ហើយកំពុងធ្វើការឃ្លាំមើល ជាមួយអ្នកអនុវត្តវេជ្ជសាស្ត្រ ដើម្បីតាមដានករណីដែលអាចកើតមាននៃការពុល Cereulide ចំពោះកុមារ។

SFA បាននិយាយថា បាច់ទឹកដោះគោ នាំចូលដែលរងផលប៉ះ ពាល់មានចំនួនតិចជាង ៥ ភាគរយនៃការផ្គត់ផ្គង់ ម្សៅទឹកដោះគោ ទារកសរុបរបស់ប្រទេសសិង្ហបុរី ហើយថា ខ្លួននឹងបន្តចូលរួមជាមួយអ្នកនាំចូល និងអ្នកផលិតដើម្បី តាមដានស្ថានភាពយ៉ាងដិតដល់៕

Most Popular

To Top