កីឡា

លោក ហែម គីរី៖ការប្រកួតនេះ ជាគោលបំណងសំខាន់ ផ្តល់អត្តពលិកហែលទឹក វ័យក្មេង មានឱកាសការប្រកួត កាន់តែច្រើនទំាងកម្រិតជាតិ និងកម្រិតអន្តរជាតិ

ភ្នំពេញ ៖ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋាន អន្តរជាតិតេជោ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន ១០នាក់ របស់សហព័ន្ធខែ្មរកីឡាហែលទឹក លើប្រភេទកីឡាហែលទឹក បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា 61 MILO/MAS MALAYSIA INVITATIONAL AGE GROUP SWIMMING CHAMPIONSHIPS 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខែ្មរកីឡាហែលទឹក បានប្រាប់តាមអនឡាញឲ្យដឹងថា ថ្ងៃនេះសហព័ន្ធខែ្មរកីឡាហែលទឹកបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមការប្រកួតជ្រើសរើសជើងឯកយុវជន MILO ម៉ាឡេស៊ី ឆ្នាំ២០២៦ ចំនួន ១០ នាក់ ។ ការប្រកួតនេះ ជាគោលបំណងសំខាន់ចង់ឲ្យកីឡាករ-កីឡាការិនីហែលទឹក វ័យក្មេងរបស់សហព័ន្ធមានឱកាសការប្រកួតកាន់តែច្រើនទំាងកម្រិតជាតិ និងកម្រិតអន្តរជាតិ ដើម្បីស្ទង់សមត្ថភាព និងដកស្រង់បទពិសោធន៍ ពីក្មេងឲ្យហើយ ពីព្រោះរាល់ដងក្រុមអត្តពលិកទំាំងនេះបានប្រកួតតែក្នុងស្រុក ចំណែកកម្រិតអន្តរជាតិតិច ដូច្នេះទើបសហព័ន្ធខែ្មរកីឡាហែលទឹក ស្វែងរកកម្មវិធីប្រកួតកម្រិតអន្តរជាតិឲ្យបានច្រើន មុនពេលពួកគាត់ឈានជើងចូលក្រុមជម្រើសជាតិ ។

លោក អគ្គលេខាធិការ សហព័ន្ធខែ្មរកីឡាហែលទឹក បានបញ្ជាក់ថា បើយើងចង់ឃើញកីឡាករ-កីឡាការិនី មានសមត្ថភាព ត្រូវឲ្យពួកគាត់មានការប្រកួតឲ្យបានច្រើន ប្រសិនបើការប្រកួតតិចធ្វើឲ្យពួកគាត់ មានការពិបាកក្នុងការ ដើរឲ្យទាន់ក្រុមអត្តពលិក របស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ គេរៀបចំការប្រកួតសឹងតែរាល់ខែ ហើយការប្រកួតរបស់ពួកគាត់ ខ្លួនឯងអាចដឹងនូវចំណុចខ្វះខាតដោយខ្លួនឯងបានយ៉ាងស្រួល ។

គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន ១០នាក់ សមាសភាពចូលរួមមាន កញ្ញា ហែម ថុនវិទិនី គ្រូបង្វឹក លោក ចេង ពិរោទ គ្រូជំនួយ កីឡាករ វ៉ាន់អូស្តិន ពិទ័រសុខខា កីឡាករ ណាំ ឧត្តមរតនៈ កីឡាករ ឈិនលីម សិរីវឌ្ឍន៍ កីឡាករ សូ វណ្ណចន្ទចេស្តា កីឡាករ សូ វណ្ណវីរៈទេព កីឡាករ កីឡាការិនី វ៉ាន់អូស្តិន អេឡិន កល្យាណណា កីឡាការិនី លី ពេជ្រសក្តិវត្តី កីឡាការិនី លី ពេជ្រសក្តិមុនិ៕

Most Popular

To Top