កីឡា

លោក ប៉ុន សុខ គាំទ្រយ៉ាងពេញទំហឹង កម្មវិធីដើរដើម្បីស្វែងរកការគាំទ្រ មូលនិធិដល់មន្ទីរពេទ្យកុមារអង្គរ របស់លោក វាសនា ពិសិដ្ឋ

ភ្នំពេញ៖ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាត្តឲ្យ លោក វាសនា ពិសិដ្ឋ ចូលជួបសម្តែង ការគួរសម និងគោរពជម្រាប ជូនអំពីការរៀបចំកម្មវិធី ដើរដើម្បីកុមារអង្គរ សៀមរាប រយៈពេល១៤ថ្ងៃ ដែលមានចម្ងាយផ្លូវ ៣២១ គីឡូម៉ែត្រ ដើម្បីស្វែងរកការគាំទ្រ មូលនិធិដល់មន្ទីរពេទ្យកុមារអង្គរ នៅសាលប្រជុំអគ្គនាយកដ្ឋានកីឡា ។

ក្នុងឱកាសជួបសំណោះសំណាលនេះ ក៏មានការចូលរួមពីសំណាក់ លោក ចាប រតនា អនុប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាតំណាង លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា និងលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ។

លោក វាសនា ពិសិដ្ឋ បានញ្ជាក់ពីគោលបំណងនៃការរៀបចំកម្មវិធីនេះឡើង ដើម្បីបំផុសការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទីជួយឧបត្ថម្ភគាំទ្រ និងបរិច្ចាគថវិកាទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដោយផ្ទាល់ និងតាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីមន្ទីរពេទ្យបន្តបេសកកម្ម ធ្វើឱ្យប្រសើរឡើងនូវសេវាថែទាំសុខភាព ពិសេសការជួយសង្គ្រោះជីវិតកុមារកម្ពុជាដោយឥតគិតថ្លៃ ការចេញដំណើរចាប់ផ្តើមពីចំណុចវត្តភ្នំ រាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ចាម ទីរួមខេត្តកំពង់ធំ និងបញ្ចប់នៅមន្ទីរពេទ្យកុមារអង្គរ ទីរួមខេត្តសៀមរាបដែលមានចម្ងាយផ្លូវ៣២១គីឡូម៉ែត្រ ។

លោក ប៉ុន សុខ អគ្គនាយក បានមានប្រសាសន៍ថា យុវជនខ្មែរជំនាន់ថ្មី មានស្មារតីលះបង់ សាមគ្គីភាព និងចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ តាមរយៈបេសកកម្មនេះ លោកចង់បំផុសស្មារតីយុវជនធ្វើរឿងល្អៗ ឲ្យបានច្រើន ចេញពីចំណុចតូចៗដែលខ្លួនអាចធ្វើបាន ជាពិសេសការចូលរួមជួយ ដល់ការងារសង្គមដោយស្ម័គ្រចិត្ត គោរពគាំទ្រនូវវីរភាព នៃការដឹកនាំដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានស្ថេរភាពនយោបាយ មានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត។

ក្នុងឱកាសនេះដែរ លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឧបត្ថម្ភថវិកា ផ្ទាល់ខ្លួនដល់មន្ទីរពេទ្យកុមារអង្គរ ចំនួន ២.០០០.០០០៛ (ពីរលានរៀល) តាមរយៈលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ដោយឡែកឯកឧត្តមអគ្គនាយកបានឧបត្ថមថវិកាចំនួន ២០០.០០០៛ សម្រាប់ចំណាយលើអាហារ និងការស្នាក់នៅ ៕

Most Popular

To Top