ទីក្រុងប៉ាតាយ៉ា៖ យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger បានប្រាប់ឲ្យដឹងថា ករណីរំលោភផ្លូវភេទមួយនៅទីក្រុងប៉ាតាយ៉ាកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ទាប់ពីស្ត្រីជនជាតិថៃម្នាក់បានចោទប្រកាន់បុរសជនជាតិចិនម្នាក់ថា បានចាប់រំលោភនាងនៅខាងក្រៅក្លឹបរាត្រីមួយកាលពីព្រឹកមិញនេះ ទី២២ ខែមេសា។
មន្ត្រីប៉ូលីសក្រុងប៉ាតាយ៉ាបានឆ្លើយតបទៅនឹងរបាយការណ៍នៃការឈ្លោះប្រកែកគ្នានៅក្លឹបរាត្រីមួយនៅលើផ្លូវប៉ាតាយ៉ាខាងត្បូងនៅម៉ោងប្រហែល ១ ព្រឹក។ នៅកន្លែងកើតហេតុ មន្ត្រីប៉ូលីសបានរកឃើញស្ត្រីជនជាតិថៃ ២ នាក់ឈរនៅជិតបុរសជនជាតិចិនម្នាក់ដែលកំពុងត្រូវបានឆ្មាំសន្តិសុខឃាត់។
បុរសនោះមានរបួសនៅលើចិញ្ចើមខាងឆ្វេងរបស់គាត់ និងមានឈាមនៅលើមុខ និងសម្លៀកបំពាក់របស់គាត់។ គាត់ត្រូវបានគេរាយការណ៍ថា បានស្រែកឥតឈប់ឈរពីកន្លែងនោះទៅកាន់ស្ថានីយ៍ប៉ូលីស។ ក្រុមអ្នកជួយសង្គ្រោះមកពីមូលនិធិ Sawang Borriboon Dhammastan បានផ្តល់ជំនួយសង្គ្រោះបឋម។
ស្ត្រីទាំងនោះត្រូវបានគេស្គាល់អត្តសញ្ញាណថា ជានាង Jaja អាយុ ១៩ ឆ្នាំ និងនាង Palmy អាយុ ២០ ឆ្នាំ។ នាង Jaja បានប្រាប់ប៉ូលីសថា នាងបានឈរនៅខាងក្រៅក្លឹបរាត្រីជាមួយមិត្តភក្តិរបស់នាង ខណៈពេលដែលនាងមានគម្រោងទៅកន្លែងផ្សេង នៅពេលហេតុការណ៍នេះបានកើតឡើង។
នាងបានបន្តថា បុរសជនជាតិចិនដែលហាក់ដូចជាស្រវឹងស្រា បានដើរមករកនាង ឱបនាង និងប៉ះគូទរបស់នាង។ ដំបូងឡើយ នាង Jaja បានជ្រើសរើសមិនបន្តរឿងនេះទេ។
នាងបានប្រាប់មន្ត្រីប៉ូលីសថា ក្រោយមកបុរសនោះបានធ្វើអាកប្បកិរិយាដដែលៗ ដែលជំរុញឲ្យនាងស្វែងរកជំនួយពីឆ្មាំសន្តិសុខ។ ស្ថានភាពត្រូវបានគេរាយការណ៍ថា កាន់តែធ្ងន់ធ្ងរឡើង នៅពេលបុរសទាំងនោះព្យាយាមទាត់ស្ត្រីទាំងពីរនាក់ និងគប់កែវពួកគេ។ សន្តិសុខបានចូលអន្តរាគមន៍ ប៉ុន្តែប៉ូលីសនិយាយថា វានៅតែមិនច្បាស់ថា តើបុរសនោះរងរបួសក្បាលរបស់គាត់យ៉ាងដូចម្តេចក្នុងអំឡុងពេលកើតហេតុ៕
