អាល្លឺម៉ង់ ៖ ការសិក្សាថ្មីមួយ បានព្រមានថា សត្វកង្កែប អាចចាត់ទុកថា ជាអាហារឆ្ងាញ់ ដ៏ពិសេសចំពោះមនុស្សជាតិ លើពិភពលោក ប៉ុន្តែតម្រូវការសម្រាប់អាហារ ដោយយកតែជើងកង្កែប នៅប្រទេសបារាំង និងប្រទេសបែលហ្ស៊ិក កំពុងធ្វើឲ្យកង្កែប ប្រឈមនឹងហានិភ័យ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
សហភាពអឺរ៉ុប បាននាំចូលជើងកង្កែបប្រហែល ៤,0៧0 តោន ក្នុងមួយឆ្នាំស្មើ នឹងចន្លោះពី ៨១ ទៅ ២00 លានកង្កែប ដែលភាគច្រើន ត្រូវបានចាប់យកពីព្រៃ ។ នេះបើយោងតាមក្រុមយុទ្ធនាការ Pro Wildlife របស់អាល្លឺម៉ង់ថា នេះកាន់តែគំរាមកំហែង ដល់ចំនួនកង្កែបនៅបណ្តា ប្រទេសផ្គត់ផ្គង់ រួមទាំងប្រទេស ឥណ្ឌូនេស៊ី ទួរគី និងអាល់បានី ។
នៅប្រទេសឥណ្ឌូណេស៊ី កង្កែប Java (Limnonectes macrodon) ដែលធ្លាប់ត្រូវបាន ជួញដូរយ៉ាងទូលំទូលាយ ឥឡូវនេះ បានបាត់អស់យ៉ាងច្រើន។ ទន្ទឹមនឹងនេះ អ្នកវិទ្យាសាស្ត្រព្រមានថា កង្កែបអាចបរិភោគ បានដែលមានដើមកំណើត នៅប្រទេសទួរគី អាចនឹងត្រូវផុតពូជ នៅឆ្នាំ ២០២៣ ប្រសិនបើការចាប់បានយ៉ាង សម្បើមពីព្រៃនៅតែបន្ត ។
ចំណែកប្រទេស អាល់បានី ដែលជាអ្នកផ្គត់ផ្គង់ជើងកង្កែបធំ ជាងគេទី៤ របស់សហភាពអឺរ៉ុប កង្កែបទឹក Scutari (Pelophylax shqipericus) ឥឡូវនេះកំពុងរង គ្រោះថ្នាក់យ៉ាងខ្លាំង ។ សហស្ថាបនិក Pro Wildlife លោក Dr. Sandra Altherr បានពណ៌នាថា វាជាឥទ្ធិពលដូមីណូដ៏គ្រោះថ្នាក់សម្រាប់ការការពារប្រភេទសត្វ ។
បែលហ្ស៊ិក ជាប្រទេសនាំចូលជើង កង្កែបធំជាងគេលើពិភពលោក ស្មើនឹង ៧០ ភាគរយនៃទីផ្សារសហភាពអឺរ៉ុប បន្ទាប់មកគឺប្រទេសបារាំង (១៧ ភាគរយ) ហូឡង់ (៧ ភាគរយ) អ៊ីតាលី (៤ ភាគរយ) និងអេស្ប៉ាញ (២ ភាគរយ) ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ Deadly Dish របស់ Pro Wildlife បង្ហាញថា ភាគច្រើន នៃការនាំចូលជើង កង្កែបរបស់បែលហ្ស៊ិក ត្រូវបាននាំចេញឡើងវិញទៅកាន់រដ្ឋសមាជិក សហភាពអឺរ៉ុបផ្សេងទៀត៕