ផ្សេងៗ

រឿង​ដែល​ត្រូវ​ធ្វើភ្លាមៗ ពេល​កំពុង​បើក​រថយន្ត​ស្រាប់​តែលោត Check

មនុស្ស​ភាគច្រើន យល់ថា​ នៅពេល​កំពុង​បើកបរ​រថយន្ត​ស្រាប់តែ​មានលោត​សញ្ញា​ Check នៅលើកុងទ័រ គឺ​អាច​បន្តដំណើរបានជាធម្មតា ហើយចាំរក​ការ៉ាស់ជួសជុល​តាមក្រោយ។ ទស្សនៈ​នេះ អាច​ត្រឹមត្រូវតែ​ក្នុងករណីខ្លះប៉ុណ្ណោះ ដូចជា បញ្ហាប៊ូស៊ី ឌុយស៊ីមុំាង សំបុកឃ្មុំ ឬចំហេះសាំងជាដើម ដែល​រថយន្ត​នៅតែ​អាច​ដំណើរការ​បាន។

ចុះលោកអ្នក​ធ្លាប់គិតទេថា ប្រសិន​បើ​វាជាករណីផ្សេងក្រៅពីនេះ តើ​អ្នកនឹង​អាចបន្ត​បើករថយន្តទៅមុខទៀតឬអត់? ព្រោះបញ្ហាម៉ាស៊ីនខ្លះ វាលោតសញ្ញា Check នេះមុនសិន បន្ទាប់មក​ទើបលេចចេញសញ្ញាផ្សេងទៀត​មកតាមក្រោយ ហើយរលត់ម៉ាស៊ីនតែម្តង។

ដូច្នេះ រឿង​ដែល​ត្រូវធ្វើ​ភ្លាមៗ ពេល​ដែល​កំពុងបើករថយន្ត​ ស្រាប់តែលោត Check ដើម្បី​អាច​បង្ការ​បញ្ហា​បានមួយកម្រិតបណ្តោះអាសន្ន កុំ​ឱ្យគុប៉េម៉ាស៊ីន​នោះ គឺ​ត្រូវ៖

១-ស្វែងរក​កន្លែងឈប់ឱ្យបានលឿន​ តាមដែលអាចធ្វើបាន។

២-បន្ទាប់មកបើកគម្របម៉ាស៊ីន ដើម្បីពិនិត្យ​មើលភាពមិនប្រក្រតីណាមួយ អាការៈ​ម៉ាស៊ីនញាក់ខ្លាំង ឬអត់ ក្តៅឬអត់ មានការលេចធ្លាយ​ធុង ឬរបូត​ទុយោណាមួយឬអត់។

៣-រឿង​ដែល​ធ្វើបន្ទាប់ ត្រូវពន្លត់ម៉ាស៊ីន​សិន ហើយ​ទុកឱ្យ​ម៉ាស៊ីនត្រជាក់បន្តិច អាចពី១០ ទៅ ២០នាទី។

៤-យកកន្សែងទ្រាប់ដៃ បើកគម្របធុងទឹកស្អំ និងបើកម៉ាក់កេ​ប្រេងម៉ាស៊ីន និងប្រេងប្រអប់លេខ តើវា​មានកម្រិតគ្រប់គ្រាន់​ឬអត់ ព្រោះ​បើទឹកស្អំ ឬប្រេងម៉ាស៊ីន ឬប្រេងប្រអប់លេខ មានកម្រិតទាប ឬជិតអស់ នោះ​ហើយគឺ​សញ្ញា Check ដែលជាបញ្ហា​របស់​វា​តែម្តង។

៥-ក្រោយ​ពេល​ឆែក​រួចរាល់អស់ បើ​មិនឃើញ​មាន​បញ្ហាអ្វីទេ គឺ​អាចបញ្ឆេះរថយន្តបើកទៅមុខបាន តែគួរបើកយឺតៗ និងឧស្សាហ៍ឈប់ និង​មើលសញ្ញាអ្វី​ផ្សេងក្នុងកុងទ័រ ហើយព្យាយាម​រក​ការ៉ាស់​ដើម្បីស្កេន​រកកំហូច ឱ្យបាន​ទាន់ពេល៕

ប្រភព៖sabay

Most Popular

To Top