ក្រដាសប្រាក់ប្លាស្ទិក មានលក្ខណៈពិសេសផ្នែកសន្តិសុខ ជាច្រើន ដែលក្រដាសប្រាក់ធម្មតាៗ ពុំមាន ក្នុងនោះរួមមានការ ប្រើប្រាស់ទឹកថ្នាំពិសេស ហៅថា Metameric ink ជាដើម ។ ក្រៅពីនេះ ក្រដាសប្រាក់ប្លាស្ទិកអាចធន់ បានយូរអង្វែងជាងក្រដាស ប្រាក់ធម្មតា ដែលវាអាចជួយកាត់បន្ថយផល ប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាថ្លៃផលិត និងជំនួសក្រដាសប្រាក់ចាស់ៗ។ តើដឹងទេថា ប្រទេសណាបោះពុម្ពក្រដាស ប្រាក់ប្លាស្ទិកមុនគេបង្អស់?
ក្រដាសប្រាក់ប្លាស្ទិក សម័យទំនើបបច្ចុប្បន្ន ត្រូវបានអភិវឌ្ឍឡើងដំបូង នៅក្នុងប្រទេសអូស្រ្តាលី ដោយធនាគារកណ្តាល ទីភ្នាក់ងារស្រាវជ្រាវ វិទ្យាសាស្រ្ត CSIRO និងសាកលវិទ្យាល័យមែលប៊នរបស់អូស្រ្តាលី។ ក្រដាសប្រាក់ប្លាស្ទិកទាំងនោះ ត្រូវបានបោះពុម្ពចេញជាលើកទីមួយ ក្នុងប្រទេសអូស្រ្តាលីនៅឆ្នាំ១៩៨៨ ។ មកដល់ត្រឹមឆ្នាំ១៩៩៦ លុយដុល្លារអូស្រ្តាលី (A$) ត្រូវបានផ្លាស់ប្តូរទាំងស្រុង ពីក្រដាសប្រាក់ធម្មតា ទៅជាក្រដាសប្រាក់ប្លាស្ទិក។
ប្រទេសរ៉ូម៉ានី (Romania) បានក្លាយជាប្រទេសដំបូងគេ បង្អស់ប្រចាំនៅតំបន់អឺរ៉ុប ដែលបានបោះពុម្ពក្រដាស ប្លាស្ទិកនៅឆ្នាំ១៩៩៩ ហើយបានក្លាយជាប្រទេសទី៣ នៅលើពិភពលោក ដែលបានប្តូរក្រដាសប្រាក់ ធម្មតាទាំងស្រុង ទៅជាក្រដាសប្រាក់ប្លាស្ទិកនៅឆ្នាំ២០០៣ បន្ទាប់ពីប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ៕