អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ក៏ធ្លាប់មាន អ្នកមកពីតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។ បុគ្គលនោះគឺ លោក U Thant ដែលជាអ្នកការទូត នៃប្រទេសភូមា (មីយ៉ាន់ម៉ា បច្ចុប្បន្ន)។ លោកបានបំពេញការងារ ជាអគ្គលេខាធិការ នៃអង្គការនយោបាយពិភពលោកនេះ អំឡុងឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៧១។
មុននឹងឈានជើងនៅ ក្នុងស្ថាប័នអង្គការ សហប្រជាជាតិ លោក Thant បានប្រឡូកច្រើន ក្នុងការងារនយោបាយរបស់មីយ៉ាន់ម៉ា តាំងពីប្រទេសនេះ មិនទាន់ទទួលបានឯករាជ្យ ។ លោកបានរៀបចំជំនួប រវាងលោកនាយករដ្ឋមន្ត្រី U Nu និងភ្ញៀវបរទេសផ្សេងៗ ព្រមទាំងជួយសរសេរសុន្ទរកថា ឲ្យនាយករដ្ឋមន្ត្រីទៀតផង។ ក្រោយមកទៀតលោកបានក្លាយជាឯកអគ្គរដ្ឋទូតរបស់ភូមា នៅអង្គការសហប្រជាជាតិ ។
នៅឆ្នាំ១៩៦១ ក្រោយពេល ដែលលោកអគ្គលេខាធិការ ជនជាតិស៊ុយអែត Dag Hammarskjöld បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ សហរដ្ឋអាមេរិក និងសហភាពសូវៀត តឹងតែងដាក់គ្នា ចំពោះការរកអ្នកធ្វើជាអគ្គលេខាធិការ។ លុះចលនាមិនចូលបក្សសម្ព័ន្ធ បានណែនាំលោក U Thant ទើបប្រទេសមហាអំណាចទាំង ២បានយល់ព្រម។
ក្នុងអាណត្តិ របស់លោកជាអគ្គលេខាធិការនៃ UN លោកបានចរចាឲ្យបញ្ចប់វិបត្តិកាំជ្រួចមីស៊ីលនៅគុយបា ពាក់ព័ន្ធនឹងសង្គ្រាមនៅកុងហ្គោ សង្គ្រាមអារ៉ាប-អ៊ីស្រាអែល សង្គ្រាមវៀតណាម ព្រមទាំងជួយផ្ដល់ការ ចរចាដល់កម្ពុជា និងថៃក្នុងជម្លោះប្រាសាទព្រះវិហារទៀតផង។
លោកបានចូលនិវត្តន៍នៅឆ្នាំ១៩៧១ ហើយបានទទួលមរណភាព ៣ឆ្នាំក្រោយមក ក្នុងជន្មាយុ ៦៥ឆ្នាំ៕
