នៅក្នុងពេលបច្ចុប្បន្ននេះ យើងអាចនិយាយបានថា ជាសកលភាវូបនីយកម្មពិភពលោកដែរក្នុងនោះយើងសង្កេតឃើញថា មានឥទ្ធិពលយ៉ាងច្រើនទាំងបច្ចេកទេស ទាំងវប្បធម៌ បានជ្រាបចូលប្រទេស មួយទៅប្រទេស មួយផ្សេងទៀត។

ទន្ទឹមនឹងមានបច្ចេកវិទ្យាថ្មី កើតឡើងច្រើនក៏ដោយ ក៏យើងសង្កេតឃើញថា ប្រជាជននៅតាមប្រទេសជាច្រើន នៅមិនទាន់បោះបង់ចោល នូវទស្សនះជំនឿពីអតីតកាល របស់ខ្លួននោះនៅឡើយទេ គឺពួកគេនៅតែបន្តគោរពជំនឿនេះ តាំងពីដូនតារហូតមក ដល់ពេលឥឡូវ។
ជាក់ស្ដែងប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលស្ថិតនៅក្នុងចំណោម ប្រទេសខាងលើនេះដែរ ។ ប្រជាជនភាគច្រើន ប្រទេសនេះ នៅតែរក្សាអបិយជំនឿមួយ ដែលយើងហៅថា ជំនឿអ្នកតា នៅស្ទើរតែគ្រប់ទីកន្លែង ក្នុងផ្ទៃប្រទេស។ ទោះបីជាប្រទេសនេះ បានផ្លាស់ប្ដូរមក កាន់ពុទ្ធសាសនាហើយក្ដី ក៏ជំនឿលើអ្នកតា នៅតែបន្តមានដដែរ។

អ្នកតាមិនត្រឹមតែឃើញ មាននៅតាមផ្លូវតាមភូមិ តាមផ្ទះប៉ុណ្ណោះទេ តែលើសពីនេះទៀត ជាពិសេស យើងឃើញ មានការសាងសងខ្ទមអ្នកតា នៅតាមវត្តអារាមពុទ្ធសាសនា បែបថេរចាទទៀតផង។
អ្នកប្រាជ្ញ និង អ្នកស្រាវជ្រាវជាច្រើន បានបញ្ចោញ យោបល់ខុសៗ គ្នាអំពីបញ្ហានេះ ។ មតិខ្លះយល់ថាអ្នកតា គឺជាព្រលឹង របស់បុព្វបុរស ឬជំពូកមនុស្សជាវីរបុរស (អ្នកខ្លាំងពូកែ) ប្រចាំស្រុកឬតំបន់ណាមួយ។ បើមានសេចក្តីជំពាក់ចិត្ត ដោយកិច្ចការណា មួយក្នុងលោក លុះស្លាប់ ហើយតែងតែកើតទៅជាអ្នកតា, ដូចជាឧកញ៉ាសួគ៌ាលោកមឿង ចៅហ្វាយខេត្ត ពោធិ៍សាត់ ដែលស្លាប់ក្នុងពេលធ្វើសឹកព្រះចន្ទរាជានោះ គេថាទៅកើតជាអ្នកតាឃ្លាំងមឿង នៅខេត្តពោធិ៍សាត់សព្វថៃ្ងនេះ ។ ឯអ្នកខ្លះយល់ថា ៖ ពួកបុព្វបុរសមានជីតាជាដើម ( ពុំចាំបាច់ជាមនុស្ស មានមហិទ្ធិប្ញទ្ធិទេ) នៅពេលស្លាប់ហើយ តែងទៅកើត ជាខ្មោចមួយពួកនៅចាំថែរក្សាកូនចៅដែលនៅរស់ ។ ដូច្នេះពាក្យ“អ្នកតា”បានក្លាយទៅជាខ្មោចមួយពួក ដែលនៅរក្សាមនុស្ស ។ មតិខ្លះទៀតថា៖ “អ្នកតា” ក្លាយចេញមកពីពាក្យថា “ទេវតា” ។នៅជំនាន់ដើមប្រហែល ជាហៅថា “អ្នកតាទេវតា” យូរៗមកកាត់ចោល“ទេវ” ចេញនៅត្រឹមតែ“អ្នកតា” ហើយហៅជាប់រៀងមកដល់សព្វថៃ្ងនេះ ដោយហេតុ មនុស្សបុរាណកាល នៅពេលនិយាយ ហៅឈ្មោះអ្នកធំ ច្រើនដាក់ពាក្យថា “អ្នក”នៅខាងដើម ។ ដូចយ៉ាងហៅ ព្រះសង្ឃថា“អ្នកយើង”ហៅស្តេច ថា“អ្នកព្រះបាទជាអម្ចាស់”។ ដូចច្នេះពាក្យ “អ្នកតា” ក្នុងទីនេះចាស់បុរាណសំដៅ យកភូមិទេវតា គឺទេវតាជាន់ទាបដែលអាស្រ័យ នៅស្ថានមនុស្សលោកនេះ។

អ្នកតាមានពីរប្រទេស ១- ពួកទេវតារក្សាព្រះនគរ ប្រជាជនខ្មែរតែងហៅថា “អ្នកតាព្រះស្រុក” សម័យក្រុងឧដុង្គមាន អ្នកតាឃ្លាំងមឿងនៅខាងត្បូងព្រះបរមរាជវាំង និងអ្នកតាដំបងដែក នៅភ្នំព្រះរាជទ្រព្យជាអ្នកតាព្រះស្រុក ។ នៅក្រុងភ្នំពេញមានអ្នកតាព្រះចៅនៅវត្តភ្នំជាអ្នកតាព្រះស្រុក ។ ២- អ្នកតារក្សាខេត្តស្រុកទាំងឡាយគេហៅថា “អ្នកតាចាស់ស្រុក” ។ អ្នកតាក្រុមនេះ ជាចន្ទល់ចម្ពាមរបស់ អ្នកតាព្រះស្រុក។នៅក្នុងប្រទេសខ្មែរ មានអ្នកតាជាច្រើន នៅពាសពេញតាមភូមិ, ស្រុក, ខេត្តដូចជាអ្នកតាឃ្លាំងមឿងនៅខេត្តពោធិសាត់, អ្នកតាដំបងដែកនៅភ្នំជីសូរ (ក្នុងខេត្តតាកែវ), អ្នកតាជំទាវម៉ៅនៅតាមបណ្តោយផ្លូវជាតិលេខ៤ (ភ្នំពេញទៅក្រុងព្រះសីហនុ) ជាដើម ។ អាស្រ័យដោយមានអ្នកតា ជាច្រើនបែបនេះ ទើបពុទ្ធសាសនបណ្ឌិត្យ សម័យដើម បានចងក្រងទុកក្នុងសៀវភៅ ប្រជុំរឿងព្រេងខ្មែរភាគទី៨ ដែលមានរៀបរាប់ចាប់ តាំងពីដើមកំណើតដំបូង របស់អ្នកតានីមួយៗ ។ ចំពោះរូបតំណាងអ្នកតាខ្លះវិញ ពុំប្រាកដថា ជារូបបុព្វបុរស កាលនៅរស់ទេ គឺគេគ្រាន់តែធ្វើរូបសន្មតិ, អ្នកតាខ្លះទៀតមានរូ បតំណាងជាដុំថ្មតែប៉ុណ្ណោះ។ ចំពោះការគោរពបូជា មានខុសប្លែកគ្នាទៅតាមតំបន់នីមួយៗ ។

ហេតុអ្វីបាន ជាប្រជាជន ខ្មែរមានជំនឿ លើអ្នកតា?តាមសៀវភៅ “ទំនៀមទម្លាប់និង ពិធីបុណ្យផ្សេងៗ” បានសរសេរបក ស្រាយថា ៖ មូលហេតុ ដែលរាប់អានអ្នកតា រហូតដល់ទៅខ្មោច, អារក្ស, បិសាចផ្សេងៗ ជាប់មកពីទំនៀម ទម្លាប់មនុស្ស ក្នុងជាន់ដើម ពីក្នុងសម័យដែលមិនទាន់កើតមានអ្នកប្រាជ្ញ ព្រះពុទ្ធជាដើម ក្នុងលោក មានអ្នកល្ងង់ខ្លៅច្រើន ជាអ្នកប្រកប ដោយសេចក្តីតក់ ស្លុតក្នុងរឿងស្លាប់ និងរឿងដែលមិនសមប្រកបច្រើន ។ ហេតុនោះ កាលណាគេឃើញ អ្វីប្លែកចម្លែក អស្ចារ្យក្នុងចិត្ត គេក៏ស្មានថា របស់នោះ គង់មានអានុភាពជួយខ្លួនបាន ទើបនាំគ្នាបន់បួងសួងសុំ ឱ្យសម្រេចតាមសេចក្តី ប្រាថ្នាជាទីពឹងទៅ។

ទោះជាយ៉ាងនោះក្តី ជំនឿលើអ្នកតានៅតែស្ថិតជាប់ក្នុងផ្នត់គំនិត និងដួងព្រលឹងខ្មែរជានិច្ច ទោះតិចឬច្រើនក៏ដោយ ដូចជា នៅពេលអ្នកណាមានជំងឺ ឬហៅថាអ្នកតាកាច់ អាសន្នអន្ធក្រ ឬជួបប្រទះនូវមហន្តរាយផ្សេងៗ គេតែងរកគ្រឿងសំណែន ទៅសែនអ្នកតា ។ នៅពេលគេកើតទុក្ខព្រួយចិត្តខ្លាំង គេរមែងរំលឹកគុណដល់អ្នកតា៕
