បរទេស៖ ក្រុមគ្រួសាររបស់កីឡាករ Jesus de Miguel បានថ្លែងថា “ស្នាមដានដែលគាត់បានបន្សល់ ទុកក្នុងចិត្តមនុស្សជាច្រើន” គឺជារឿងមួយដែលពួកគេនឹងចងចាំជានិច្ច ខណៈដែលពិធីបុណ្យសព របស់កីឡាករបាល់ទាត់រូបនេះត្រូវបានប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍នេះ។
នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខ្សែប្រយុទ្ធក្រុម Tenerife វ័យ៣០ឆ្នាំរូបនេះ បានទទួលមរណភាព បន្ទាប់ពីទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ អំឡុងពេលប្រកួតក្របខណ្ឌ លីគទីពីរអេស្ប៉ាញកាលពីថ្ងៃចន្ទ។
បន្ទាប់ពីមានការប៉ះទង្គិចជាមួយអ្នកចាំទីក្រុម FC Andorra លោក De Miguel បានដេកស្តូកស្តឹងនៅលើទីលាន ខណៈដែលក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ ហើយលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាទីដែលបុរសមានកូនមួយរូបនេះបានទទួលមរណភាពនៅម៉ោង ០៧:០០ នាទីព្រឹក (ម៉ោងសកល GMT) ថ្ងៃអង្គារ។
អ្នកចាំទី Jesus Owono ត្រូវបានបណ្តេញចេញពីទីលាន (កាតក្រហម) ចំពោះការបង្កហេតុនេះ ហើយការប្រកួតត្រូវបានលុបចោល។ ប៉ុន្មានម៉ោងបន្ទាប់ពីដំណឹងមរណភាពត្រូវបានប្រកាស អ្នកចូលរួមរំលែកទុក្ខបានដាក់កម្រងផ្កា និងអុជទៀននៅខាងក្រោមរូបភាពសខ្មៅរបស់លោក De Miguel នៅឯកីឡដ្ឋាន Estadio Heliodoro Rodriguez Lopez ដែលជាកីឡដ្ឋាននៅលើកោះ Tenerife ជាទីតាំងដែលការប្រកួតកាលពីថ្ងៃចន្ទបានធ្វើឡើង។
ការគោរពវិញ្ញាណក្ខន្ធត្រូវបានធ្វើឡើងចំពោះលោក De Miguel ដែលបានចូលរួមជាមួយក្រុម Tenerife កាលពីរដូវក្តៅឆ្នាំ២០២៥ ដោយមានការស្មឹងស្មាធិ៍មួយនាទីនៅគ្រប់ការប្រកួតក្នុងពានរង្វាន់អឺរ៉ុបនាវគ្គសប្តាហ៍នេះ។
ភ្នាក់ងាររបស់គាត់ លោក Manuel Hernandez បានចេញសេចក្តីថ្លែងការណ៍តំណាងឱ្យក្រុមគ្រួសារ ដែលមានខ្លឹមសារថា៖ “សូមអរគុណចំពោះការស្រឡាញ់គាត់ ការចងចាំគាត់ និងការនៅក្បែរពួកយើង។”
សេចក្តីថ្លែងការណ៍បន្តថា៖ “ពួកយើងរកពាក្យអ្វីមកថ្លែងអំណរគុណឱ្យបានគ្រប់គ្រាន់មិនបានឡើយ សម្រាប់គ្រប់សារ គ្រប់ការហៅទូរសព្ទ និងគ្រប់កាយវិការនៃក្តីស្រឡាញ់ដែលពួកយើងទទួលបាន។ សូមអរគុណដល់អ្នកគ្រប់គ្នាដែលបាននឹកដល់គាត់ រួមមានមិត្តរួមការងារ មិត្តភក្តិ អ្នកគាំទ្រ និងក្លិបទាំងអស់ដែលបានផ្ញើសាររំលែកទុក្ខ និងឈរនៅក្បែរពួកយើងក្នុងអំឡុងពេលដ៏សែនឈឺចាប់នេះ។”
”ការទទួលបាននូវក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះ Jesus និងការបានឃើញស្នាមដានដែលគាត់បានបន្សល់ទុកក្នុងចិត្តមនុស្សជាច្រើន គឺជារឿងមួយដែលពួកយើងនឹងចងចាំជាប់ក្នុងចិត្តជានិច្ច។”
តាមរយៈសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្លិប Andorra របស់គាត់កាលពីថ្ងៃពុធ អ្នកចាំទី Owono បាននិយាយថា គាត់កំពុងឆ្លងកាត់ “ពេលវេលាដ៏លំបាកបំផុតក្នុងជីវិតរបស់គាត់”។ លោកបានបន្ថែមថា៖ “ខ្ញុំមានការឈឺចាប់យ៉ាងខ្លាំងចំពោះការបាត់បង់ Jesus។ ខ្ញុំនឹកគិតដល់គាត់ គ្រួសាររបស់គាត់ និងមនុស្សគ្រប់គ្នាដែលស្រឡាញ់គាត់។”
ពិធីបុណ្យសពរបស់លោក De Miguel ត្រូវបានប្រារព្ធឡើងនៅស្រុកកំណើតឪពុកម្តាយរបស់គាត់ ក្នុងទីក្រុង Navahermosa ខេត្ត Toledo ដែលមានចម្ងាយប្រហែល ១២៥គីឡូម៉ែត្រ ពីរដ្ឋធានីម៉ាឌ្រីដ (Madrid) ប្រទេសអេស្ប៉ាញ។
គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញបច្ចុប្បន្ន លោក Luis de la Fuente ស្ថិតក្នុងចំណោមអ្នកចូលរួមរំលែកទុក្ខ រួមជាមួយប្រធានក្លិប Real Madrid លោក Florentino Perez នាយកប្រតិបត្តិក្លិប Atletico Madrid លោក Miguel Angel Gil Marin និងអតីតគ្រូបង្វឹកក្លិប Real Madrid និងក្រុមជម្រើសជាតិអេស្ប៉ាញ លោក Jose Antonio Camacho ។
ក្រុមគ្រួសារក៏បានស្នើសុំ “ដោយក្តីគោរពបំផុត សូមឱ្យមានការគោរពសិទ្ធិឯកជនរបស់ពួកយើង និងសិទ្ធិឯកជនរបស់អ្នកគ្រប់គ្នាដែលកំពុងគាំទ្រពួកយើងនៅពេលនេះ”។
សេចក្តីថ្លែងការណ៍បានបន្ថែមចុងក្រោយថា៖ “យើងត្រូវការពេលវេលាកាន់ទុក្ខក្នុងភាពស្ងប់ស្ងាត់ ដែលស្ថានភាពនេះទាមទារ។ ពួកយើងសូមកោតសរសើរចំពោះក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការបង្ហាញការគាំទ្រដែលការ បាត់បង់របស់គាត់ទទួលបាន ហើយពួកយើងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់អ្នកទាំងអស់គ្នា។”
ប្រែសម្រួល៖ គីរី
