ខេត្តស្វាយរៀង៖នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានអញ្ជើញជាអធិបតីពិធីបើកព្រឹត្តិការណ៍ «រត់ពាក់កណ្ដាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌» អបអរសាទរខួបលើកទី៧៨ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៦ ព្រឹត្តិការណ៍នេះរៀបចំដោយគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង ។

ក្នុងឱកាសពិធីបើកព្រឹត្តការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌” អបអរសាទរខួបលើកទី៧៨ ទិវាសិទ្ធមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ ២០២៦ នៅខេត្តស្វាយរៀង ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោកស្រី និងស់លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលមានសហការគ្នាបង្កើតព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះឡើង ដើម្បីបានជួបជុំគ្នាអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៨នេះឡើង។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តថា កត្តាសុខសន្តិភាព ការឯកភាពទឹកដី និងប្រជាជន ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ គឺកើតចេញពីជ័យជម្នះ ៧ មករា ១៩៧៩ និងនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំបន្តប្រកបដោយភាពស្វាហាប់ និងថាមពលរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ស្របតាមខ្លឹមសារនៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពី ៧៨ឆ្នាំមុន គឺនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្ថែមថា ក្នុងនាមជាពលរដ្ឋខ្មែរ យើងត្រូវតែរួមគ្នាបន្តថែរក្សាសន្តិភាព ស្ថិរភាព និងជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជាពិសេស ការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិពីការឈ្លានពានរបស់បរទេស។ សម្ដេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា ស្មារតី «រត់ដើម្បីសុខភាព សាមគ្គីភាព និងសប្បុរសធម៌» គឺជាតម្លៃដ៏ប្រពៃ ដែលស្តែងចេញពីវប្បធម៌នៃការចែករំលែក និងជាសាររម្លឹកថា យើងទាំងអស់គ្នាមានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើឱ្យសម្រេចគោលដៅជីវិត។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងាររៀបចំ សប្បុរសជន វិស័យឯកជន ក្រុមគ្រូពេទ្យ កីឡាករ កីឡាការិនី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ពេលវេលា និងធនធានធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន៕

ដោយ៖លី ភីលីព


