Event

SDB ចាប់ដៃគូជាមួយ CATL បើកសម្ពោធមជ្ឈមណ្ឌលថែទាំយានយន្តអគ្គិសនី NING SERVICE ដំបូងគេនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន SDB Motors Cambodia សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាគុយឈានមុខគេលើពិភពលោក Contemporary Amperex Technology Co., Limited (CATL) និង NING SERVICE បានរៀបចំពិធីបើកសម្ពោធជាផ្លូវការនូវ «មជ្ឈមណ្ឌលបទពិសោធន៍ និងសេវាកម្មថែទាំ NING SERVICE កម្ពុជា» ដោយមានការអញ្ជើញចូលរួមរបស់ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុម ប្រឹក្សាភិបាល អិល អេកស៍ គ្រុប និង SDB Motors Cambodia និង…

ភ្នំពេញ៖ ក្រុមហ៊ុន SDB Motors Cambodia សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាគុយឈានមុខគេលើពិភពលោក Contemporary Amperex Technology Co., Limited (CATL) និង NING SERVICE បានរៀបចំពិធីបើកសម្ពោធជាផ្លូវការនូវ «មជ្ឈមណ្ឌលបទពិសោធន៍ និងសេវាកម្មថែទាំ NING SERVICE កម្ពុជា» ដោយមានការអញ្ជើញចូលរួមរបស់ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុម ប្រឹក្សាភិបាល អិល អេកស៍ គ្រុប និង SDB Motors Cambodia និង លោក វ៉ាង ស៊ីន តំណាងក្រុមហ៊ុន CATL នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតាំងក្រុមហ៊ុន SDB ។

ក្នុងនោះដែរ អ្នកឧកញ៉ា លី សុភ័ក្ត បានគូសបញ្ជាក់ថា ការវិនិយោគបង្កើតមជ្ឈមណ្ឌលនេះឡើង គឺកើតចេញពីការទទួលខុសត្រូវរយៈពេលវែងចំពោះអតិថិជន និងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយផ្តាច់មុខម៉ាកយានយន្តថាមពលអគ្គិសនីរបស់ចិនច្រើនជាងគេនៅក្នុងទីផ្សារកម្ពុជា។

លើសពីនេះ អ្នកឧកញ៉ា លី សុភ័ក្ត សង្កត់ធ្ងន់ថា កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមួយ មិនត្រូវបានវាស់វែងត្រឹមចំនួនរថយន្តដែលបានលក់ចេញនោះទេ ប៉ុន្តែត្រូវវាស់វែងតាមសមត្ថភាព និងការទទួលខុសត្រូវរបស់យើង នៅពេលអតិថិជនជួបបញ្ហា ហើយនៅតែជឿទុកចិត្ត និងជ្រើសរើសក្រុមហ៊ុនរបស់យើង។ អ្នកឧកញ៉ាបន្តថា ការនាំយកបច្ចេកវិទ្យាទំនើបមកកម្ពុជា ត្រូវដើរទន្ទឹមគ្នាជាមួយការបណ្តុះបណ្តាលធនធានមនុស្ស ការបង្កើតការងារ និងការផ្តល់សេវាកម្មបច្ចេកទេសប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារខ្ពស់ជូនប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នានេះ លោក វ៉ាង ស៊ីន បានលើកឡើងថា ការសម្រេចចិត្តបើកមជ្ឈមណ្ឌល NING SERVICE នៅរាជធានីភ្នំពេញ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមើលឃើញពីសន្ទុះនៃការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងគោលនយោបាយជាតិអភិវឌ្ឍន៍យានយន្តអគ្គិសនីឆ្នាំ ២០២៤-២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា។

ម្យ៉ាងទៀត លោក វ៉ាង ស៊ីន បានបញ្ជាក់បន្ថែមថា ដោយយល់ច្បាស់ពីលក្ខខណ្ឌអាកាសធាតុមូសុងត្រូពិចក្តៅហើយសើមនៅកម្ពុជា មជ្ឈមណ្ឌល NING SERVICE នឹងប្រើប្រាស់បច្ចេកវិទ្យាអាគុយឈានមុខគេរបស់ CATL រួមជាមួយគ្រឿងបន្លាស់ដើមពីរោងចក្រ និងសេវាធានាបន្ថែម ដើម្បីផ្តល់សេវាកម្មពេញមួយវដ្តជីវិតរបស់អាគុយ (រួមមាន ការត្រួតពិនិត្យ ការថែទាំ ជួសជុល ការបណ្តុះបណ្តាល និងការកែច្នៃអាគុយឡើងវិញ) សម្រាប់ទាំងអតិថិជនអាជីវកម្ម (B2B) និងអ្នកប្រើប្រាស់ទូទៅ (B2C)។

ក្រៅពីការផ្តល់សេវាជួសជុល និងថែទាំតាមស្តង់ដារសកលដែលគ្របដណ្តប់លើជាង ៨០ ប្រទេស មជ្ឈមណ្ឌល NING SERVICE នៅភ្នំពេញ ក៏នឹងដើរតួនាទីជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេសថាមពលថ្មីដល់ធនធានមនុស្សក្នុងស្រុក ដើម្បីចូលរួមជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនី និងកសាងអនាគតបៃតងប្រកបដោយចីរភាពនៅកម្ពុជា៕

Most Popular

To Top