ព័ត៌មានអន្តរជាតិ

គណៈកម្មការមូលបត្រអាមេរិក (SEC) កំពុងស៊ើបអង្កេតលើការអនុវត្តគណនេយ្យរបស់ក្រុមហ៊ុន Nvidia ខណៈភាគហ៊ុនបន្តដាំក្បាលចុះ ១៣%

​ញូវយ៉ក៖ គណៈកម្មការមូលបត្រ និង​ផ្សារហ៊ុនសហរដ្ឋអាមេរិក (SEC) កំពុងបើកការស៊ើបអង្កេតលើការ​អនុវត្តផ្នែកគណនេយ្យរបស់ក្រុមហ៊ុន Nvidia (NVDA.O) ​នេះបើយោងតាមប្រភពព័ត៌មានចំនួនពីររូប​ដែលបានដឹងអំពីបញ្ហានេះ ដែលបានបន្ថែមទម្ងន់ទៅលើវិបត្តិផ្លូវច្បាប់​ដែលក្រុមហ៊ុនយក្សផលិតបន្ទះឈីប​​ កំពុងរងរឿងអាស្រូវមួយនេះកំពុងប្រឈមមុខ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​កាលពីថ្ងៃអង្គារ កាសែត Wall Street Journal បានរាយការណ៍ថា SEC កំពុងស៊ើបអង្កេតក្រុមហ៊ុន Nvidia ប៉ុន្តែបានបញ្ជាក់ថាមិនទាន់អាចកំណត់ពីចំណុចផ្តោតសំខាន់នៃការស៊ើបអង្កេតនោះទេ។ ប្រភពដែលបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាអំពីបញ្ហាសម្ងាត់ បានឱ្យដឹងថា មន្ត្រីអនុវត្តច្បាប់របស់ SEC កំពុងត្រួតពិនិត្យយ៉ាងល្អិតល្អន់លើបញ្ហាគណនេយ្យដែលអាចកើតមាននៅក្នុងក្រុមហ៊ុននេះ។

​អ្នកនាំពាក្យរបស់ SEC បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។ ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុន Nvidia ក៏មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរ។
​យោងតាមទិន្នន័យរបស់ LSEG តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានបន្តធ្លាក់ចុះបន្ថែមទៀត រហូតដល់ប្រមាណ ១៣% កាលពីថ្ងៃសុក្រ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយលម្អិតអំពីការស៊ើបអង្កេតរបស់ SEC នេះ ខណៈដែលមុនការចុះផ្សាយរបស់ Reuters ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះជាង ៦% រួចទៅហើយ។

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនទាន់អាចកំណត់បានភ្លាមៗថាតើ SEC បានបើកការស៊ើបអង្កេតនេះតាំងពីពេលណា ឬកំពុងពិនិត្យមើលលើបញ្ហាគណនេយ្យជាក់លាក់អ្វីខ្លះនោះទេ។ ជាទូទៅ ការស៊ើបអង្កេតមិនមែនជាភស្តុតាងនៃការប្រព្រឹត្តខុសច្បាប់នោះទេ ហើយការស៊ើបអង្កេតជាច្រើនត្រូវបានបិទបញ្ចប់ដោយគ្មានការចាត់វិធានការអនុវត្តច្បាប់ឡើយ។

ទោះជាយ៉ាងណាក៏ដោយ ការផ្តោតលើផ្នែកគណនេយ្យនៃការស៊ើបអង្កេតនេះ ដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយ Reuters កំពុងបង្កើនសម្ពាធកាន់តែខ្លាំងលើក្រុមហ៊ុន Nvidia ខណៈដែលក្រុមវិនិយោគិននៅតែកំពុងរងការប៉ះទង្គិចផ្លូវចិត្តពីការទម្លាយរឿងអាស្រូវទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍របស់អតីតនាយកប្រតិបត្តិដែលត្រូវបានបណ្តេញចេញ គឺលោក Jensen Huang រួមទាំងទំនាក់ទំនងជាមួយអ្នកស្រី Alice Huang ដែលអាជ្ញាធរអាមេរិកសង្ស័យថាជាចារនារីរបស់ប្រទេសចិន។ ទោះបីជាយ៉ាងណា ភាគីចិនបានបដិសេធថាអ្នកស្រីមិនមែនជាចារនារីនោះទេ។

​អ្នកស្រី Alice Huang ធ្លាប់បានដឹកនាំក្រុមហ៊ុន Megaspeed ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងធ្លាប់ជាអតិថិជនទិញបន្ទះឈីបដ៏ធំរបស់ Nvidia នេះបើយោងតាមប្រភពដែលដឹងអំពីបញ្ហានេះ។ ក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រកាសកាលពីសប្តាហ៍នេះថា អាជ្ញាធរអាមេរិកបាននិងកំពុងស៊ើបអង្កេតក្រុមហ៊ុន Megaspeed តាំងពីឆ្នាំ ២០២៤ ពាក់ព័ន្ធនឹងការសង្ស័យថាបានរំលោភលើបទប្បញ្ញត្តិគ្រប់គ្រងការនាំចេញ ជុំវិញការចោទប្រកាន់ពីការដឹកជញ្ជូនបន្ទះឈីប AI របស់ Nvidia ទៅកាន់ប្រទេសចិន។

​វិបត្តិទាំងនេះបានធ្វើឱ្យភាគហ៊ុនរបស់ Nvidia ដែលជាសសរស្តម្ភដ៏សំខាន់នៃការរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI) ធ្លាក់ចុះជាងមួយភាគបី និងបានជំរុញឱ្យមានការអំពាវនាវនៅទីក្រុងវ៉ាស៊ីនតោន ឱ្យមានការចាត់វិធានការកាន់តែតឹងរ៉ឹងលើការគំរាមកំហែងផ្នែកបច្ចេកវិទ្យាដែលបង្កឡើងដោយទីក្រុងប៉េកាំង។

​ក្រុមហ៊ុន Megaspeed បានបញ្ជាក់ថា អ្នកស្រី Alice Huang បានចាកចេញពីក្រុមហ៊ុនកាលពីខែសីហា ឆ្នាំ ២០២៥ ហើយក្រុមហ៊ុនបានធ្វើ «អាជីវកម្មស្របច្បាប់»។ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនទាន់អាចទាក់ទងអ្នកស្រី Alice Huang បាននៅឡើយទេ។ ចំណែកលោក Jensen Huang បានទទួលស្គាល់ពីទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍នេះនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៨ ខែវិច្ឆិកា បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីទំនាក់ទំនងរបស់លោកជាមួយអ្នកស្រី Alice Huang ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះអ្នកស្រីដោយផ្ទាល់នោះទេ។

​ការស៊ើបអង្កេតរបស់ SEC គឺជាបញ្ហាផ្លូវច្បាប់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Nvidia។ កាលពីខែមុន Reuters ក៏បានរាយការណ៍ផងដែរថា ក្រសួងយុត្តិធម៌អាមេរិក បាននិងកំពុងពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនបច្ចេកវិទ្យាបើកចំហ Hugging Face ក្នុងតម្លៃ ១២.៩ ពាន់លានដុល្លាររបស់ Nvidia រួមជាមួយនឹងការស៊ើបអង្កេតប្រឆាំងការផ្តាច់មុខដ៏ទូលំទូលាយទៅលើការទិញយកក្រុមហ៊ុនផ្សេងៗ និងការអនុវត្តអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ។

ប្រែសម្រួល៖ គីរី

Most Popular

To Top