ទីក្រុងហ្ស៊ូរីច៖ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែវិច្ឆិកា) ថា ខ្លួនបានក្លាយជាជនរងគ្រោះនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលក្រុមចោរព័ត៌មានវិទ្យា (Hackers) បានលួចចូលទៅកាន់ទិន្នន័យដែលស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះពិពណ៌នាថាជា «ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានអាជីវកម្មមួយចំនួនមានកំណត់» នេះបើយោងតាមសារព័ត៌មាន CNA ថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ២០២៦។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) សហព័ន្ធ FIFA បានបញ្ជាក់ថា៖ «FIFA កំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ រួមទាំងកម្លាំងអនុវត្តច្បាប់ផងដែរ»។
ទោះជាយ៉ាងណា FIFA មិនបានបញ្ជាក់ឱ្យដឹងពីកាលបរិច្ឆេទជាក់លាក់ដែលការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតនេះបានកើតឡើង ឬលម្អិតអំពីប្រភេទទិន្នន័យជាក់លាក់ដែលត្រូវបានលួចយកនោះឡើយ។
កាលពីសប្តាហ៍មុន ក្រុមចោរព័ត៌មានវិទ្យាមួយដែលហៅខ្លួនឯងថា «Handsome Boy Hacking Club» បានបង្ហោះរូបភាពថតអេក្រង់ (Screenshot) នៅលើបណ្តាញសង្គម X ដែលពួកគេអះអាងថាជាឯកសាររបស់ FIFA។ បីថ្ងៃក្រោយមក ក្រុមនេះហាក់ដូចជាបានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះ នៅពេលឆ្លើយតបទៅនឹងការបង្ហោះមួយដែលលើកឡើងថា ឯកសារផ្ទៃក្នុងជាង ១២ ជីហ្គាបៃ (GB) ត្រូវបានលួចទម្លាយ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល ស្ថាប័នកំពូលបាល់ទាត់ពិភពលោករូបនេះបានសង្កត់ធ្ងន់ថា៖ «FIFA សូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះការលួចយក និងការផ្សព្វផ្សាយព័ត៌មានដោយខុសច្បាប់ ជាពិសេសគឺទិន្នន័យផ្ទាល់ខ្លួន»៕
ប្រែសម្រួល៖ គីរី
