ភ្នំពេញ៖សហព័ន្ធកីឡាក្នុងទឹកកម្ពុជាត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស ITO និងកីឡាករ-កីឡាការិនីចូលរួមការប្រកួតកីឡាហែលទឹកជើងឯកអាស៊ីអាគ្នេយ៍លើកទី៤៨ ឆ្នាំ២០២៦ "48th SOUTHEAST ASIAN AGE GROUP CHAMPIONSHIPS 2026" ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី និងចូលរួមការប្រកួត"World Aquatics Swimming Championship (25m) 2026" ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសហព័ន្ធកីឡាក្នុងទឹកកម្ពុជា លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជាតំណាងឲ្យស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជាបានជួបសំណោះសំណាល់ជាមួយ គ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស ITO និងកីឡាករ-កីឡាការិនីចំនួន ២១រូបមុនចេញដំណើរចូលរួមការប្រកួតខាងលើកនេះ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធបាននឹងកំពុងបញ្ជួនក្រុមគ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស ITO និងកីឡាករ-កីឡាការិនី ចំនួន ២ ក្រុមចូលរួមការប្រកួតកម្រិតអន្តរជាតិ។ ចំណែកក្រុមទី១ នឹងទៅចូលរួមការប្រកួតកីឡាហែលទឹកជើងឯកពិភពលោកឆ្នាំ២០២៦ "World Aquatics Swimming Championship (25m) 2026" ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន មានគណៈប្រតីភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៤ រូប។ លោក ហែម គីរី ប្រតិភូ អ្នកគ្រូ ហែម ថុនវិទិនី ជាគ្រូបង្វឹក កីឡាការិនី សាក់ប៊ុន ហាលី រ៉ូស និងកីឡាករ ទូ ថាវរៈ។
លោកអគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានបន្តថា រីឯក្រុមទី២នឹងទៅចូលរួមការប្រកួតកីឡាហែលទឹកជើងឯកអាស៊ីអាគ្នេយ៍លើកទី៤៨ ឆ្នាំ២០២៦ "48th SOUTHEAST ASIAN AGE GROUP CHAMPIONS H IPS 2026" ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ដែលមានគ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស ITO និងកីឡាករ-កីឡាការិនីចំនួន១៧ រូប។ ការប្រកួតធ្វើឡើងក្នុងគោលបំណងសំខាន់ គឺជំរុញ និងអភិឌ្ឍនកីឡាករ-កីឡាការិនីវ័យក្មេងក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយកម្ពុជាធ្លាប់បានចូលរួមតាំងពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ននេះ។
លោក លោក ហែម គីរី បានបន្ថែមថា ការប្រកួតនេះសហព័ន្ធចង់ផ្តល់ឱកាសឲ្យអត្តពលិកវ័យក្មេងតាមកំណត់អាយុដូចជាចាប់ពី១៣ ទៅ១៤ ឆ្នាំ ១៥ទៅ១៦ឆ្នាំ និង១៨ ឆ្នាំឡើងសម្រាប់ចូលរួមការប្រកួតមានគ្រប់អាយុ ហើយជាក់ច្បាស់ស្តែងកម្ពុជាបានបញ្ជូនកីឡាការិនី ២ រូបទេ។ រូបលោកមានសង្ឃឹងថា លើកក្រោយៗនឹងកីឡាការិនីហែលទឹកកម្ពុជាចូលរួមច្រើន ដើម្បីប្រកួតប្រជែង និងស្ទាប់ស្ទង់សមត្ថភាពជាមួយក្រុមអត្តពលិកជើងខ្លាំងបរទេស។
ការប្រកួតឆ្នាំនេះសហព័ន្ធគ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស ITO និងកីឡាករ-កីឡាការិនីចំនួន១៧ រូប។រួមមាន លោក ហែម គីរី ប្រតិភូ លោក ឆោម ច័ន្ទថុន មន្ត្រីបច្ចេកទេស ITO លោក នាង សុរិទ្ធិយ៉ា គ្រូបង្វឹក លោក ឌឿន រ៉ាត់ធីឌុន ជាគ្រូជំនួយ កីឡាការិនី សាវន សុផស្សា កីឡាករ សុង វឌ្ឍនៈ កីឡាការិនី វ៉ាន់អូស្តិន អេឡិន កល្យាណណា កីឡាករ វ៉ាន់អូស្តិន ពិទ័រ សុខខា កីឡាករ ធី វត្ថារ៉ាយុទ្ធ កីឡាករ ឈិនលឹម សិរីវិឌ្ឍន៍ កីឡាករ ហែម ថុនពុទ្ធាវង្ស កីឡាករ សុខ ឥស្សរៈ លោក គឹ ផានុត កីឡាករ ណាំ ឧត្តមរតនៈ កីឡាករ ហែម ថុនរ៉ូណូ កីឡាករ ឈិន វិរៈ និងកីឡាករ ជា ភក្តី ៕
ដោយ៖លី ភីលីព









