បច្ចេកវិទ្យា

កម្លាំងទំនាញផែនដីទាញយកអាចម៍ផ្កាយ 2026 QQ8 មកធ្វើជា «ព្រះចន្ទតូច» បណ្តោះអាសន្ន

បរទេស​​​​៖ បច្ចុប្បន្ន ភពផែនដី កំពុងមានព្រះចន្ទទីពីរគោចរក្បែរខ្លួន បន្ទាប់ពីកម្លាំងទំនាញរបស់ផែនដី យើងបានទាញយកអាចម៍ផ្កាយដ៏តូចមួយកាលពីខែមេសាកន្លងទៅ នេះបើយោងតាមសារព័ត៌មាន CNN ថ្ងៃទី26​ ខែវិច្ឆិកា ឆ្នាំ២០២៦។

«ព្រះចន្ទតូច» (Mini-moon) បណ្តោះអាសន្ននេះ ដែលមានអង្កត់ផ្ចិតប្រមាណ ២ម៉ែត្រ នឹងបន្តស្ថិតនៅក្បែរផែនដី រហូតដល់ដើមខែធ្នូ មុនពេលវាត្រូវបានរំពឹងថានឹងចាកចេញពីដែនឥទ្ធិពលទំនាញរបស់ផែនដី ហើយបន្តដំណើរគោចរជុំវិញព្រះអាទិត្យវិញ។

វត្ថុអវកាសនេះមានទំហំតូច និង មានពន្លឺស្រអាប់ខ្លាំងក្នុងការអង្កេត ដែលធ្វើឱ្យក្រុមតារាវិទូត្រូវចំណាយ ពេលជាច្រើនសប្តាហ៍ ដើម្បីបញ្ជាក់ឱ្យច្បាស់ថា វាមិនមែនជាផ្កាយរណបដែលខូច ឬបំណែកនៃផ្កាយរណបនោះឡើយ។ មជ្ឈមណ្ឌលភពតូចៗ (Minor Planet Center) នៃសហភាពតារាសាស្ត្រអន្តរជាតិ ដែលជាស្ថាប័នតាមដានអាចម៍ផ្កាយ ផ្កាយដុះកន្ទុយ និងអង្គធាតុតូចៗផ្សេងទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ បានដាក់ឈ្មោះឱ្យអាចម៍ផ្កាយចំណូលថ្មីនេះថា «2026 QQ8» កាលពីចុងខែតុលា។

ទោះបីជាពាក្យថា «ព្រះចន្ទតូច» មិនមែនជាឈ្មោះផ្លូវការក៏ដោយ ក៏ក្រុមតារាវិទូធ្លាប់បានប្រើពាក្យហៅក្រៅនេះ ដើម្បីសម្គាល់វត្ថុធម្មជាតិមួយចំនួនកាលពីពេលមុន រួមមានអាចម៍ផ្កាយ «2006 RH120» ដែលបានចំណាយពេលប្រហែលមួយឆ្នាំគោចរជុំវិញផែនដី និងអាចម៍ផ្កាយ «2020 CD3» ដែលបានគោចរជុំវិញភពរបស់យើងអស់រយៈពេលប្រហែលបីឆ្នាំ។

យ៉ាងណាក៏ដោយ វាមិនមែនជារឿងចម្លែកនោះទេដែលផែនដីមានវត្ថុអវកាសគោចរតាមបណ្តោះអាសន្នបែបនេះ។ លោក Matthew Payne នាយកមជ្ឈមណ្ឌលភពតូចៗ បានមានប្រសាសន៍ថា៖ «ជាមធ្យម ប្រហែលជាមានវត្ថុបែបនេះមួយនៅទីនោះគ្រប់ពេលវេលា។ ពួកវាស្ថិតនៅក្បែរផែនដីរយៈពេលពីរបីសប្តាហ៍ ឬពីរបីខែ។ ជួនកាលគ្មានសោះ ហើយជួនកាលអាចមានដល់ទៅពីរ»។

បញ្ជីឈ្មោះនៃអាចម៍ផ្កាយដែលមកសួរសុខទុក្ខផែនដីទាំងនេះមានចំនួនតិចតួចនៅឡើយ ដោយសារពួកវាជាធម្មតាគេចផុតពីការចាប់សញ្ញារបស់ឧបករណ៍អង្កេត។ លោក Payne បានបន្ថែមថា៖ «ភាគច្រើននៃពួកវាពិតជាតូចខ្លាំងណាស់។ ភាគច្រើនពួកវាស្ថិតនៅឆ្ងាយបន្តិច ហើយក៏ធ្វើចលនាយ៉ាងលឿនតាមទស្សនៈនៃការសង្កេតរបស់យើង ដែលកត្តាទាំងពីរនេះធ្វើឱ្យឧបករណ៍ស្ទង់មតិបច្ចុប្បន្នពិបាកក្នុងការមើលឃើញពួកវាខ្លាំងណាស់»។

បច្ចុប្បន្ន ពុំមានការព្រួយបារម្ភណាមួយថា អាចម៍ផ្កាយ 2026 QQ8 អាចនឹងបុកជាមួយភពផែនដីរបស់យើងនោះទេ ហើយចំណុចល្អនៃទំហំដ៏តូចរបស់វាគឺថា បើទោះបីជាវាហោះចូលមកក្នុងបរិយាកាសផែនដីក៏ដោយ ក៏វានឹងឆេះបំបែកខ្លួនអស់ដោយគ្មានបង្កគ្រោះថ្នាក់អ្វីឡើយ។ លោក Payne បានបញ្ជាក់ថា៖ «យ៉ាងច្រើនបំផុត អ្នកនឹងឃើញត្រឹមតែផ្កាយដុះកន្ទុយដ៏ភ្លឺច្បាស់មួយនៅលើផ្ទៃមេឃ និងឮសំឡេងផ្ទុះតិចតួចប៉ុណ្ណោះ»៕

ប្រែសម្រួល៖​ គីរី

Most Popular

To Top