ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ ទ្រង់ទ្រាយធំបង្ហាញថា ជីវិតផ្លូវភេទរបស់យុវជន អង់គ្លេសបានធ្លាក់ចុះយ៉ាងគំហុក

ទីក្រុងឡុងដ៍ ៖ យោងតាមការសិក្សាថ្មីមួយ បានបង្ហាញថា យុវជនអង់គ្លេសនាពេលបច្ចុប្បន្ន មានការរួមភេទតិច ជាងពាក់កណ្តាល បើធៀបនឹងឆ្នាំ១៩៩០ ដោយភាពញឹកញាប់ជាមធ្យមដែលត្រូវបានរាយការណ៍ បានធ្លាក់ចុះពី ៤ដងក្នុងមួយខែ មកត្រឹមតែ ២ដងក្នុងមួយខែប៉ុណ្ណោះ។

យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធរបស់សាលាអនាម័យ និងវេជ្ជសាស្ត្រតំបន់ត្រូពិចទីក្រុងឡុងដ៍ (LSHTM) ដែលបានចូលរួមក្នុងការស្រាវជ្រាវនេះ ទិន្នន័យខាងលើត្រូវបានចងក្រងជាផ្នែកមួយនៃការសិក្សារយៈពេលវែងដែលមានឈ្មោះថា «ការស្ទង់មតិថ្នាក់ជាតិស្តីពីឥរិយាបថ និងរបៀបរស់នៅផ្លូវភេទ (Natsal)» នេះបើយោងតាមសារព័ត៌មាន CNN ថ្ងៃទី26​ ខែវិច្ឆិកា ឆ្នាំ២០២៦។

ស្ថាប័ន LSHTM បានលើកឡើងថា៖ «ជីវិតផ្លូវភេទរបស់ប្រជាជននៅចក្រភពអង់គ្លេស បានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ១៩៩០ មក ហើយពួកគេមានតម្រូវការផ្នែកសុខភាពផ្លូវភេទ និងសុខភាពបន្តពូជយ៉ាងច្រើន និងសម្បូរបែប»។

ក្រុមអ្នកស្រាវជ្រាវបានជ្រើសរើសមនុស្សប្រមាណ ៦,៧០០នាក់ ដោយចៃដន្យពីប្រទេសអង់គ្លេស ស្កុតឡែន និងវែល ដែលមានអាយុចន្លោះពី ១៦ ដល់ ៥៩ឆ្នាំ ដើម្បីចូលរួមក្នុងកិច្ចសម្ភាសន៍ និងការស្ទង់មតិតាមប្រព័ន្ធអ៊ីនធឺណិត ចន្លោះពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែមករា ឆ្នាំ២០២៤។ នេះគឺជាការបោះពុម្ពផ្សាយលើកទី៤ នៃ «ការសិក្សាដ៏ធំបំផុតមួយក្នុងពិភពលោកស្តីពីឥរិយាបថផ្លូវភេទ» ដែលធ្លាប់ត្រូវបានធ្វើឡើងកាលពីឆ្នាំ១៩៩០ ឆ្នាំ២០០០ និងឆ្នាំ២០១០។

បន្ថែមពីលើមនុស្សពេញវ័យដែលមានអាយុក្រោម ៤៥ឆ្នាំ បានរាយការណ៍ថា ពួកគេរួមភេទតិចជាងពាក់កណ្តាលបើធៀបនឹងមនុស្សវ័យស្រករគ្នាកាលពីឆ្នាំ១៩៩០ ការស្ទង់មតិក៏បានបង្ហាញផងដែរថា ៧៧ភាគរយនៃអ្នកដែលមានអាយុពី ១៦ ដល់ ៥៩ឆ្នាំ បានរាយការណ៍ថាបានរួមភេទក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ខណៈដែល ៨៩ភាគរយ បាននិយាយថា ពួកគេធ្លាប់បានរួមភេទយ៉ាងហោចណាស់ម្តងក្នុងជីវិតរបស់ពួកគេ។

ក្នុងចំណោមយុវវ័យអាយុពី ១៦ ដល់ ២៤ឆ្នាំ ម្នាក់ក្នុងចំណោមបីនាក់បាននិយាយថា ពួកគេមិនដែលធ្លាប់រួមភេទទាល់តែសោះ ដែលតួលេខនេះបានកើនឡើងពីប្រមាណម្នាក់ក្នុងចំណោមប្រាំនាក់ កាលពីឆ្នាំ២០១០។

ទន្ទឹមនឹងនេះ ពាក់កណ្តាលនៃស្ត្រីវ័យក្មេងបានរាយការណ៍ថា បានទស្សនារឿងអាសអាភាសក្នុងរយៈពេល ១២ខែចុងក្រោយនេះ បើប្រៀបធៀបទៅនឹងអ្នកឆ្លើយតបជាបុរសដែលមានរហូតដល់ជិត ៩០ភាគរយ។ នេះគឺជាលើកទីមួយហើយ ដែលការស្ទង់មតិបានសួរអំពីការប្រើប្រាស់ ឬទស្សនារឿងអាសអាភាសតាមប្រព័ន្ធអ៊ីនធឺណិត។

ឥរិយាបថឆ្ពោះទៅរកការយកកូន និងការពន្យារកំណើត ក៏កំពុងមានការផ្លាស់ប្តូរផងដែរ។ ខណៈដែលការប្រើប្រាស់ថ្នាំពន្យារកំណើតប្រភេទអ័រម៉ូនបានធ្លាក់ចុះក្នុងចំណោមស្ត្រីវ័យក្មេង សមាមាត្រនៃស្ត្រីដែលរាយការណ៍ថា ពួកគេមិនចង់បានកូន បានកើនឡើងទ្វេដងក្នុងរយៈពេល មួយទសវត្សរ៍ចុងក្រោយនេះ៕

ប្រែសម្រួល៖​ គីរី

Most Popular

To Top