បរទេស៖ បវរកញ្ញាចក្រវាល (Miss Universe) ទើបជាប់ឆ្នោតថ្មី មានដើមកំណើតមកពីទីប្រជុំជនមួយក្នុងដែនដីព័រតូរីកូ (Puerto Rico) ដែលអ្នកស្រុកនៅទីនោះត្រូវបានគេស្គាល់ជាយូរមកហើយថាជា «ក្រុមត្រសក់» (the cucumbers)។
ទីប្រជុំជន សាន សេបាស្ទាន (San Sebastián) ដែលស្ថិតនៅតំបន់ភ្នំភាគខាងលិចនៃព័រតូរីកូ បាននាំគ្នាប្រារព្ធពិធីអបអរសាទរយ៉ាងកងរំពង ចាប់តាំងពីកញ្ញា ជេនីហ្វើ បារ៉េតូ (Jennifer Barreto) បានបង្កើតប្រវត្តិសាស្ត្រកាលពីយប់ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ក្នុងនាមជាម្តាយ និងជាស្ត្រីដែលបានរៀបការរួចដំបូងគេ ដែលបានគ្រងមកុដបវរកញ្ញាចក្រវាល នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២៦។
បុគ្គលិកសាលាក្រុងម្នាក់បានពោលឡើងទាំងក្តីរំភើប ខណៈបរិយាកាសនៅក្នុងការិយាល័យអភិបាលក្រុងពោរពេញដោយភាពអ៊ូអរថា៖ «វាគឺជាថ្ងៃដែលត្រូវកត់ត្រាទុកក្នុងទំព័រប្រវត្តិសាស្ត្រ!»។
ទីប្រជុំជនដែលមានប្រជាជនប្រមាណ ៣៩,០០០ នាក់នេះ — ដែលត្រូវបានដាក់ឈ្មោះតាមទម្រង់ភ្នំថ្មកំបោរដ៏ល្បីល្បាញមានរាងដូចផ្លែត្រសក់ — ស្ទើរតែមិនអាចទប់អារម្មណ៍រំភើបរីករាយរបស់ខ្លួនបានឡើយ។ ឈ្មោះហៅក្រៅរបស់នាងគឺ «ឡា បារ៉េតូ» (La Barreto) ត្រូវបានប្រជាជនទូទាំងទីប្រជុំជន សាន សេបាស្ទាន លើកយកមកនិយាយគ្រប់ៗមាត់ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីនាងទទួលបានជ័យជម្នះ។
អ្នកស្រី ម៉ារីយ៉ា រីវេរ៉ា (María Rivera) បាននិយាយទាំងកំពុងមមាញឹករៀបចំការបញ្ជាទិញរបស់ភ្ញៀវកាលពីព្រឹកថ្ងៃពុធ នៅហាងនំប៉័ង El Guayabal ថា៖ «រំភើបណាស់! ពួកយើងជឿជាក់តាំងពីដើមមកថា នាងប្រាកដជាឈ្នះ»។
បារ៉េតូ វ័យ ២៧ ឆ្នាំ មានកូនស្រីម្នាក់ និងមានសញ្ញាបត្រអនុបណ្ឌិតចំនួនពីរ គឺផ្នែកចិត្តវិទ្យាស្រាវជ្រាវ និងផ្នែកការងារសង្គមព្យាបាល។ លើសពីនេះ នាងក៏បម្រើការងារជាអ្នកឯកទេសផ្នែកបង្ការ នៅក្រសួងការពារជាតិសហរដ្ឋអាមេរិក ដោយរៀបចំយុទ្ធសាស្ត្រដើម្បីប្រយុទ្ធប្រឆាំងនឹងអាកប្បកិរិយាដែលបង្កគ្រោះថ្នាក់ផងដែរ។
លោក រ៉ូណាល់ ដេយ (Ronald Day) នាយកប្រតិបត្តិនៃស្ថាប័នបវរកញ្ញាចក្រវាល បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដំណើរជីវិតរបស់នាង គឺជាការរំលឹកដ៏មានឥទ្ធិពលមួយថា ភាពជាម្តាយ អាពាហ៍ពិពាហ៍ និងមហិច្ឆតាផ្ទាល់ខ្លួន មិនមែនជារឿងដែលរារាំងគ្នាទៅវិញទៅមកនោះទេ ហើយសក្តានុពលរបស់ស្ត្រីមិនគួរត្រូវបានកំណត់ដោយដំណាក់កាលណាមួយនៃជីវិតរបស់ពួកគេឡើយ»។
គួរបញ្ជាក់ថា ស្ថាប័នបវរកញ្ញាចក្រវាលបានចាប់ផ្តើមអនុញ្ញាតឱ្យស្ត្រីដែលរៀបការរួច និងអ្នកម្តាយចូលរួមប្រកួតប្រជែងតាំងពីឆ្នាំ ២០២៣ មកម្ល៉េះ។ កន្លងមក កម្មវិធីប្រកួតសម្រស់នេះបានបាត់បង់ប្រជាប្រិយភាពនៅក្នុងប្រទេសមួយចំនួន ដោយក្រុមអ្នករិះគន់លើកឡើងថា កម្មវិធីនេះចាត់ទុកស្ត្រីត្រឹមជាវត្ថុតាំងបង្ហាញ និងលើកកម្ពស់ស្តង់ដាររូបរាងកាយដែលហួសពីការពិត។
បារ៉េតូ គឺជាស្ត្រីព័រតូរីកូទី ៦ ដែលបានគ្រងមកុដបវរកញ្ញាចក្រវាល ដោយបានបញ្ចប់ការរង់ចាំអស់រយៈពេល ២០ ឆ្នាំសម្រាប់ដែនដីកោះមួយនេះ។
នាងបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកួត ដែលនាងហៅថាជា «កីឡាអូឡាំពិកនៃសម្រស់» ថា៖ «ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមការងារ។ អ្នកទាំងអស់គ្នាដឹងហើយថា ខ្ញុំជាស្ត្រីដែលមានវិន័យខ្ពស់បំផុត ហើយខ្ញុំចូលចិត្តការប្រកួតប្រជែង។ ខ្ញុំប្រាថ្នាចង់ទទួលបានក្តីស្រឡាញ់ និងការគោរពពីអ្នកទាំងអស់គ្នា»។
ស្រុកកំណើតរបស់នាងធ្លាប់ល្បីល្បាញដោយសារក្រុមការងារស្ម័គ្រចិត្ត «Pepino Power» ដែលត្រូវបានបង្កើតឡើងដើម្បីស្តារបណ្តាញអគ្គិសនីឡើងវិញ បន្ទាប់ពីព្យុះសង្ឃរា ម៉ារីយ៉ា (Hurricane Maria) កម្រិតទី ៤ បានវាយប្រហារព័រតូរីកូកាលពីឆ្នាំ ២០១៧។ បច្ចុប្បន្ន ព័រតូរីកូ ឈរនៅលំដាប់ទី ៣ ដែលមានម្ចាស់មកុដបវរកញ្ញាចក្រវាលច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក (៩ ដង) និងវេណេស៊ុយអេឡា (៧ ដង)។
ក្នុងចំណោមអ្នកអបអរសាទរជ័យជម្នះរបស់ បារ៉េតូ ក៏មានអ្នកស្រី យ៉ាហ្សៃរ៉ា ខាប្រេរ៉ា (Yazaira Cabrera) គ្រូបង្វឹកកាយសម្ព័ន្ធវ័យ ៥០ ឆ្នាំ ដែលស្រឡាញ់ការប្រកួតបវរកញ្ញាខ្លាំង រហូតដល់ថ្នាក់បានកុម្ម៉ង់ធ្វើមកុដចម្លងតាមមកុដរបស់បវរកញ្ញាចក្រវាលព័រតូរីកូឆ្នាំ ២០០១ កញ្ញា ដេនីស ឃ្វីណូនេស (Denise Quiñones) ទៀតផង។ អ្នកស្រី ខាប្រេរ៉ា បានពាក់មកុដនោះនៅយប់ថ្ងៃអង្គារ ខណៈពេលទស្សនាការប្រកួតនៅផ្ទះទាំងអារម្មណ៍ភ័យបុកពោះគ្រប់វិនាទី។
អ្នកស្រីបាននិយាយថា៖ «ពួកគេធ្វើឱ្យពួកយើងភ័យបុកពោះរហូតដល់នាទីចុងក្រោយ។ ប្រជាជនទូទាំងប្រទេសស្ទើរតែភ្លេចដកដង្ហើមទៅហើយ»។
បារ៉េតូ ទទួលបានសំឡេងទះដៃអបអរសាទរយ៉ាងកងរំពងនៅពហុកីឡដ្ឋាន José Miguel Agrelot Coliseum ក្នុងដែនដីព័រតូរីកូ រាល់ពេលដែលនាងបានឆ្លងផុតវគ្គជម្រុះនីមួយៗ។ នាងបានលើកដៃខ្ទប់មុខទាំងភ្ញាក់ផ្អើល នៅពេលត្រូវបានប្រកាសឈ្មោះជាបវរកញ្ញាចក្រវាលឆ្នាំ ២០២៦ ដោយយកឈ្នះលើបវរកញ្ញាសាធារណរដ្ឋដូមីនិក និងបវរកញ្ញាវេណេស៊ុយអេឡា។ ប៉ុន្មាននាទីក្រោយមក នាងបានរាំអបអរយ៉ាងសប្បាយរីករាយតាមបទចម្រៀង «Dancing Queen» របស់ក្រុម ABBA ហើយប្រជាជនព័រតូរីកូរាប់ពាន់នាក់នៅទូទាំងដែនដីអាមេរិកមួយនេះ ក៏បាននាំគ្នារាំអបអរជាមួយនាងដែរ។
