វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់លោក ត្រាំ បានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរ៉ុក្កែត SpaceX របស់លោក អេឡុន ម៉ាស ដាក់ពង្រាយផ្កាយរណប ចំនួនមួយលានគ្រឿង។ ក្រុមហ៊ុននេះបានលើកឡើងថា ផ្កាយរណបទាំងនោះ នឹងបង្កើតជាមជ្ឈមណ្ឌលទិន្នន័យនៅក្នុងទីអវកាស ខណៈដែលរដ្ឋាភិបាល នានាកំពុងស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីគាំទ្រដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
គណៈកម្មការទំនាក់ទំនង សហព័ន្ធសហរដ្ឋអាមេរិក (FCC) បានកោតសរសើរចំពោះការអនុញ្ញាតនេះ ដោយចាត់ទុកថា វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ លើកដំបូង ក្នុងបរិបទនៃការប្រកួតប្រជែងផ្នែកបញ្ញាសិប្បនិម្មិត (AI)។
ស្ថាប័ននេះបានបញ្ជាក់ថា «ម៉ូឌុលកុំព្យូទ័រក្នុងគន្លងផែនដី» ចំនួនមួយលានគ្រឿង របស់ក្រុមហ៊ុន SpaceX ដែលបង្កើតបានជាបណ្តុំ មជ្ឈមណ្ឌលទិន្នន័យមួយហៅថា «Starmind» នឹងធ្វើការដំណើរការទិន្នន័យយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីយកមកប្រើប្រាស់នៅលើផែនដី។
លោក Brendan Carr ប្រធាន FCC ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិក កំពុងដឹកនាំពិភពលោកឆ្ពោះទៅរកយុគសម័យនៃបញ្ញាដ៏ខ្ពង់ខ្ពស់បំផុត (super intelligence)»។ លោកបានបន្ថែមថា វិធានការកាលពីថ្ងៃពុធនេះ «បានបើកផ្លូវទៅកាន់ព្រំដែនថ្មីដ៏ក្លាហានមួយ»។
នៅក្នុងលិខិតអនុញ្ញាត ដ៏លម្អិតមួយដែលចេញផ្សាយដោយ FCC បានចែងថា ក្រុមហ៊ុន SpaceX តម្រូវឱ្យដាក់ពង្រាយ «ស្ថានីយអវកាស ដែលបានអនុញ្ញាត» យ៉ាងហោចណាស់មួយកន្លែង ត្រឹមឆ្នាំ ២០៣៣ ហើយបន្ទាប់មកត្រូវបន្តបន្ថែមចំនួនជាបន្តបន្ទាប់រហូតដល់ឆ្នាំ ២០៤០ ហើយក្រោយមកលោក Elon Musk ក៏បានសម្តែងការស្វាគមន៍ចំពោះការសម្រេចចិត្តនេះ តាមរយៈបណ្តាញសង្គម៕
