បច្ចេកវិទ្យា

Elon Musk សន្យាផ្តល់ភាគហ៊ុន SpaceX ចំនួន ២ហ៊ុន សម្រាប់ កុមារអាមេរិកម្នាក់ៗ ក្នុងយុទ្ធនាការទាក់ទាញ ការគាំទ្រផ្នែក AI តម្លៃ ១៨ពាន់លានដុល្លារ

ទីក្រុងវ៉ាស៊ីនតោន៖ មហាសេដ្ឋី Elon Musk គ្រោងនឹងផ្តល់ភាគហ៊ុនក្រុមហ៊ុន SpaceX ចំនួន ២ហ៊ុន ដល់កុមារម្នាក់ៗនៅសហរដ្ឋអាមេរិក ខណៈលោកកំពុងព្យាយាមកសាងការគាំទ្រ ពីសាធារណជនសម្រាប់អាជីវកម្ម ផ្កាយរណប និងបញ្ញាសិប្បនិម្មិត (AI) របស់លោក ក្នុងអំឡុងពេលដែលវិស័យបច្ចេកវិទ្យាកំពុងទទួលរងការត្រួតពិនិត្យ និងរិះគន់យ៉ាងខ្លាំងទាំងពីសាធារណជន និងផ្នែកនយោបាយ នេះបើយោងតាមសារព័ត៌មាន Reuters ថ្ងៃទី26​ ខែវិច្ឆិកា ឆ្នាំ២០២៦។

បុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត លើលោករូបនេះ បានប្រកាសពីការផ្តល់ភាគហ៊ុន ដែលមានតម្លៃសរុបប្រមាណ ១៨ពាន់លានដុល្លារអាមេរិកនេះ នៅមុនថ្ងៃបុណ្យ Thanksgiving និងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី SpaceX ទទួលបានការអនុម័តពីសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ដើម្បីដាក់ពង្រាយផ្កាយរណបចំនួន ១លានគ្រឿង សម្រាប់មជ្ឈមណ្ឌលទិន្នន័យ (Data Centres) នៅក្នុងលំហអាកាស។

លោក Musk កំពុងស្វែងរកការពង្រីកតួនាទីរបស់ SpaceX នៅក្នុងឧស្សាហកម្ម AI បើទោះបីជាការរីកចម្រើនយ៉ាងឆាប់រហ័សនៃហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ (Computing Infrastructure) បានបង្កឱ្យមានក្តីបារម្ភអំពីផលប៉ះពាល់បរិស្ថាន ក៏ដូចជាឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់មហាសេដ្ឋីបច្ចេកវិទ្យាទាំងនោះក៏ដោយ។ អ្នកដែលប្រឆាំងនឹងការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ គឺជាក្រុមដែលទទួលបានជ័យជម្នះធំបំផុតមួយសម្រាប់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅខែនេះ។

លោក Chez Anbu ប្រធានផ្នែកប្រឹក្សាទ្រព្យសម្បត្តិនៅធនាគារ OCBC ក្នុងប្រទេសសិង្ហបុរី បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «គំនិតផ្តួចផ្តើមនេះ ជួយពង្រីកការចូលរួមរបស់សាធារណជននៅក្នុងដំណើររឿងរបស់ SpaceX យ៉ាងច្បាស់»។

លោក Anbu បានបន្ថែមថា៖ «ការផ្តល់ចំណែកសេដ្ឋកិច្ចដោយផ្ទាល់ដល់កុមារនៅក្នុងក្រុមហ៊ុន បានបង្កើតជាទស្សនៈដ៏មានឥទ្ធិពលមួយ ជុំវិញការចូលរួមកាន់តែទូលំទូលាយនៅក្នុងផលប្រយោជន៍នៃសេដ្ឋកិច្ច AI និងលំហអាកាស»។

គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) បានឱ្យដឹងថា ខ្លួនបានអនុម័តសំណើបណ្តាញផ្កាយរណបរបស់ SpaceX ដើម្បីជួយបំពេញតម្រូវការដ៏កើនឡើងយ៉ាងឆាប់រហ័ស សម្រាប់ការគណនាផ្នែក AI។

ទោះជាយ៉ាងណា ក្រុមតារាវិទូបានព្រួយបារម្ភអំពីការអភិវឌ្ឍបែបនេះនៅក្នុងលំហអាកាសជាយូរមកហើយ ហើយសមាគមតារាសាស្ត្រអាមេរិក (American Astronomical Society) បាននិយាយថា ខ្លួនមានការ «អស់សង្ឃឹម និងតក់ស្លុត» ចំពោះការសម្រេចចិត្តរបស់ FCC។ សមាគមនេះបានព្រមានថា បណ្តាញផ្កាយរណបដែលបានស្នើឡើងនេះ «នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការវិនិយោគរបស់សហព័ន្ធអស់រយៈពេលជាច្រើនទសវត្សរ៍លើហេដ្ឋារចនាសម្ព័ន្ធតារាសាស្ត្រ» ក៏ដូចជាសមត្ថភាពរបស់តារាវិទូ និងសាធារណជន ក្នុងការទស្សនា និងសិក្សាស្វែងយល់ពីផ្ទៃមេឃពេលយប់ផងដែរ។

ប្រែសម្រួល៖​ គីរី

Most Popular

To Top