បរទេស៖ ស្ថាប័នវាយតម្លៃឥណទាន S&P Global Ratings កាលពីថ្ងៃពុធ បានដាក់ចំណាត់ថ្នាក់ឥណទានរបស់ក្រុមហ៊ុន Nvidia ក្នុងបញ្ជីឃ្លាំមើល (CreditWatch) ដើម្បីពិនិត្យលទ្ធភាព នៃការទម្លាក់ចំណាត់ថ្នាក់ ដោយលើកឡើងថា ការលាលែងពីតំណែង និងការតែងតាំងត្រឡប់ចូលកាន់តំណែងវិញ របស់នាយកប្រតិបត្តិ (CEO) បានបង្ហាញ ឱ្យឃើញពីចំណុចខ្សោយនៅក្នុងការគ្រប់គ្រង និងការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ស្ថាប័នវាយតម្លៃឥណទាននេះបានថ្លែងថា៖ «យើងជឿជាក់ថា ការកាន់តំណែងរយៈពេលយូររបស់សមាជិកក្រុមប្រឹក្សាភិបាលមួយចំនួន អាចធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់ពួកគេ។ ការអនុវត្តអភិបាលកិច្ចសាជីវកម្មរបស់ក្រុមហ៊ុន ក៏អាចមិនទាន់ស្របតាមកំណើនយ៉ាងឆាប់រហ័សរបស់ Nvidia និងតួនាទីរបស់ក្រុមហ៊ុនជាអ្នកជំរុញបច្ចេកវិទ្យាសកលដ៏សំខាន់ផងដែរ»។
ចំណាត់ការនេះកើតឡើង ចំពេលដែលភាពជាអ្នកដឹកនាំរបស់ Nvidia កំពុងស្ថិតក្នុងភាពច្របូកច្របល់។ ក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនបានតែងតាំងលោក Jensen Huang ឱ្យត្រឡប់មកកាន់តំណែងជា CEO វិញកាលពីដើមសប្តាហ៍នេះ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានលាលែងពីតំណែង ក្រោយមានការទម្លាយព័ត៌មាន អំពីទំនាក់ទំនងស្នេហាក្រៅផ្លូវការ ជាមួយបុគ្គលិកក្រោមបង្គាប់ផ្ទាល់របស់លោក ក៏ដូចជាជាមួយស្ត្រីអ្នកជំនួញជនជាតិចិនម្នាក់ ដែលចារកម្មអាមេរិកចោទថាជាចារកម្មរបស់ទីក្រុងប៉េកាំង។
អ្នករិះគន់ និងសមាជិកសភាបានថ្កោលទោសយ៉ាងខ្លាំងចំពោះការតែងតាំងឱ្យត្រឡប់មកកាន់តំណែងវិញនេះ ដោយបានចោទសួរអំពីឯករាជ្យភាពរបស់ក្រុមប្រឹក្សាភិបាល ដែលប្រធានទើបជាប់ឆ្នោតថ្មីរបស់ក្រុមប្រឹក្សាភិបាលនេះ បានប្រាប់ទៅវិនិយោគិនកាលពីសប្តាហ៍មុនថា Nvidia នឹងមិនជួលលោក Huang ជា CEO វិញឡើយ ដោយសារអាកប្បកិរិយាផ្ទាល់ខ្លួនរបស់លោក មិនស្របតាមក្រមសីលធម៌ប្រតិបត្តិរបស់ក្រុមហ៊ុន។
នៅពេលតែងតាំងលោក Huang ឱ្យចូលកាន់តំណែងវិញកាលពីថ្ងៃចន្ទ Nvidia មិនបានលើកឡើងពីរឿងទំនាក់ទំនងស្នេហាក្រៅផ្លូវការរបស់លោកឡើយ ដោយផ្ទុយទៅវិញ បានអះអាងថា ការសម្រេចចិត្តនេះធ្វើឡើង «ដោយផ្អែកលើធាតុចូលពីរដ្ឋាភិបាលសហរដ្ឋអាមេរិក» ទោះបីជាគណៈកម្មាធិការឯករាជ្យរបស់ក្រុមប្រឹក្សាភិបាល កំពុងបន្តការស៊ើបអង្កេតលើរបាយការណ៍ដែលពាក់ព័ន្ធនឹងលោក និងកិច្ចប្រឹងប្រែងចារកម្មបរទេសដែលត្រូវបានសង្ស័យក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃពុធថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក មិនបានធ្វើការស៊ើបអង្កេតជាផ្លូវការលើលោក Huang នោះទេ មុនពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឱ្យលោកត្រឡប់មកកាន់តំណែងជា CEO វិញ នេះបើយោងតាមប្រភពបីរូប ដែលដឹងអំពីបញ្ហានេះ។ ផ្ទុយទៅវិញ ក្រសួងយុត្តិធម៌បានសន្និដ្ឋានថា ពុំមានភស្តុតាងបង្ហាញថា លោកបានប្រព្រឹត្តល្មើសច្បាប់ណាមួយឡើយ ដោយផ្អែកលើការស៊ើបអង្កេតដែលកំពុងដំណើរការលើអតិថិជនពីររបស់ Nvidia គឺក្រុមហ៊ុន Super Micro និង Megaspeed International ដែលត្រូវបានសង្ស័យថាបានលួចនាំចេញបន្ទះមីក្រូឈីបទំនើបៗទៅកាន់ប្រទេសចិន។ ការកំណត់នេះអាចនឹងផ្លាស់ប្តូរ នៅពេលដែលការស៊ើបអង្កេតនៅតែបន្ត។
ប្រែសម្រួល៖ គីរី
