ព័ត៌មានអន្តរជាតិ

ម្ចាស់មកុដ Miss Universe Vietnam 2026 កញ្ញា Nguyen Quynh Anh ត្រូវបានដកហូតតំណែង ក្រោយផ្ទុះរឿងអាស្រូវជាបន្តបន្ទាប

បរទេស៖ កញ្ញា Nguyen Quynh Anh ត្រូវបានដកហូតតំណែងជាម្ចាស់មកុដ Miss Universe Vietnam 2026 ត្រឹមតែរយៈពេល ៦ សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីនាងបានគ្រងមកុដក្នុងកម្មវិធីប្រកួតសម្រស់ថ្នាក់ជាតិនេះ ដោយសារតែមានរឿងអាស្រូវជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការបែកធ្លាយសារឯកជន និងការចោទប្រកាន់ពីបទរំលោភលើកាតព្វកិច្ចចំពោះអ្នករៀបចំកម្មវិធី។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សេចក្តីសម្រេចដកហូតតំណែងនេះបានចូលជាធរមានកាលពីថ្ងៃពុធ (ទី១៨ ខែវិច្ឆិកា)។ កញ្ញា Nguyen ដែលបានគ្រងមកុដកាលពីថ្ងៃទី២ ខែតុលា នៅទីក្រុង Hai Phong ធ្លាប់ត្រូវបានព្យួរការងារសម្តែងលើឆាករយៈពេល ៦ ខែម្តងរួចមកហើយ បន្ទាប់ពីមានការចែករំលែករូបភាពសារ (Screenshots) ដែលត្រូវបានគេចោទប្រកាន់ថា បេក្ខនារីប្រកួតបានប្រើពាក្យសម្តីមើលងាយទៅលើបវរកញ្ញាដទៃទៀត និងបុគ្គលដែលពាក់ព័ន្ធនឹងកម្មវិធីប្រកួត។…

បរទេស៖ កញ្ញា Nguyen Quynh Anh ត្រូវបានដកហូតតំណែងជាម្ចាស់មកុដ Miss Universe Vietnam 2026 ត្រឹមតែរយៈពេល ៦ សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីនាងបានគ្រងមកុដក្នុងកម្មវិធីប្រកួតសម្រស់ថ្នាក់ជាតិនេះ ដោយសារតែមានរឿងអាស្រូវជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការបែកធ្លាយសារឯកជន និងការចោទប្រកាន់ពីបទរំលោភលើកាតព្វកិច្ចចំពោះអ្នករៀបចំកម្មវិធី។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សេចក្តីសម្រេចដកហូតតំណែងនេះបានចូលជាធរមានកាលពីថ្ងៃពុធ (ទី១៨ ខែវិច្ឆិកា)។

កញ្ញា Nguyen ដែលបានគ្រងមកុដកាលពីថ្ងៃទី២ ខែតុលា នៅទីក្រុង Hai Phong ធ្លាប់ត្រូវបានព្យួរការងារសម្តែងលើឆាករយៈពេល ៦ ខែម្តងរួចមកហើយ បន្ទាប់ពីមានការចែករំលែករូបភាពសារ (Screenshots) ដែលត្រូវបានគេចោទប្រកាន់ថា បេក្ខនារីប្រកួតបានប្រើពាក្យសម្តីមើលងាយទៅលើបវរកញ្ញាដទៃទៀត និងបុគ្គលដែលពាក់ព័ន្ធនឹងកម្មវិធីប្រកួត។ ទោះជាយ៉ាងណា សេចក្តីសម្រេចដកហូតតំណែងជាផ្លូវការនេះ បានធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថ្មីៗបន្ថែមទៀត នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោងតាមសារព័ត៌មាន VnExpress លោក Pham Duy Khanh អគ្គនាយកក្រុមហ៊ុន Five6 Entertainment ដែលជាស្ថាប័នរៀបចំកម្មវិធី Miss Universe Vietnam 2026 បានឱ្យដឹងថា កញ្ញា Nguyen នៅតែបន្តទទួលយកការអញ្ជើញចូលរួមសម្តែងនានា ដោយពុំមានការយល់ព្រមពីក្រុមហ៊ុនឡើយ។

សារព័ត៌មាន Tuoi Tre News បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់អ្នករៀបចំកម្មវិធីថា ថ្មីៗនេះ កញ្ញា Nguyen បានជូនដំណឹងដល់ពួកគេថា នាងត្រូវការពេលវេលាដើម្បីសម្រាក និងស្វែងរកការព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត ដូច្នេះនាងមិនអាចចុះហត្ថលេខាលើកិច្ចសន្យាគ្រប់គ្រងដែលបានព្រមព្រៀងគ្នាពីដំបូងនោះទេ។ ទោះបីជាយ៉ាងនេះក្តី ភាគីអ្នករៀបចំបានចោទប្រកាន់ថា នាងនៅតែបន្តចូលរួមកម្មវិធីផ្សេងៗដោយមិនមានការឯកភាពជាមួយក្រុមហ៊ុន Five6 Entertainment ដែលទង្វើនេះបានរំលោភលើគោលការណ៍របស់ក្រុមហ៊ុន និងធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់កម្មវិធីប្រកួតសម្រស់។

គិតត្រឹមពេលផ្សាយព័ត៌មាននេះ កញ្ញា Nguyen និងអ្នកតំណាងរបស់នាង មិនទាន់បានធ្វើការឆ្លើយតបជាសាធារណៈជុំវិញសេចក្តីសម្រេចនេះនៅឡើយទេ ខណៈដែលតារាម៉ូដែលរូបនេះក៏បានកំណត់ការបញ្ចេញមតិ (Limit comments) នៅលើគណនី Instagram របស់នាងផងដែរ៕

ប្រែសម្រួល៖​ គីរី

Most Popular

To Top