ព័ត៌មានអន្តរជាតិ

លោក Nicolas Cage បង្ហាញជំហរមិនប្រើ AI ក្នុងការសម្តែងជាតួអង្គលោក John Madden ក្នុងភាពយន្តថ្មី

បរទេស ៖ លោក John Madden អាចជាបុគ្គលដ៏លេចធ្លោបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រកីឡា ប៉ុន្តែលោកមិនត្រូវបានតារាសម្តែង Nicolas Cage ស្គាល់នោះឡើយ មុនពេលតារាសម្តែងរូបនេះដើរតួជាលោកនៅក្នុងខ្សែភាពយន្តថ្មីដែលមានចំណងជើងថា «Madden»។ លោក Cage ដែលជាសមាជិកនៃគ្រួសារភាពយន្ត Coppola បានពន្យល់ថា៖ «គាត់មិនស្ថិតក្នុងការចាប់អារម្មណ៍របស់ខ្ញុំទេ។ ខ្ញុំធំដឹងក្តីឡើងដោយមើលភាពយន្តស-ខ្មៅរបស់ Orson Welles, ភាពយន្តរបស់ Fellini និងភាពយន្តរបស់ លី ស៊ាវឡុង (Bruce Lee)។ ខ្ញុំមិនដែលចាប់អារម្មណ៍លើកីឡាជាក្រុមទាល់តែសោះ» នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន​ The Hollywood Reporter ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ទោះជាយ៉ាងណាក៏ដោយ រឿងនេះមិនបានរារាំងអ្នកដឹកនាំរឿង David O. Russell ពីការជ្រើសរើសលោកឱ្យសម្តែងក្នុងភាពយន្តនេះឡើយ ដែលរឿងនេះនិយាយពីដំណើរជីវិតរបស់លោក Madden ចាប់ពីគ្រូបង្វឹកដែលឈ្នះពានរង្វាន់ Super Bowl រហូតដល់ការបង្កើតហ្គេមវីដេអូ Madden NFL និងក្លាយជាអ្នកអត្ថាធិប្បាយកីឡាដ៏មានប្រជាប្រិយភាព។ ផ្សារភ្ជាប់ក្នុងសាច់រឿងនោះដែរ គឺម្ចាស់ក្រុម Raiders លោក Al Davis (សម្តែងដោយ Christian Bale) ដែលជាមិត្តល្អបំផុតរបស់លោក Madden ទាំងក្នុង និងក្រៅទីលានប្រកួត។ ដំបូងឡើយ អ្នកដឹកនាំរឿង Russell បានទាក់ទងលោក Cage ឱ្យសម្តែងជាតួអង្គលោក Davis ប៉ុន្តែលោកបានបដិសេធ។

លោក Cage បាននិយាយថា នៅពេលអ្នកដឹកនាំរឿងត្រឡប់មកវិញជាមួយនឹងគំនិតឱ្យលោកសម្តែងជាលោក Madden ជំនួសវិញ «ដោយសារតែខ្ញុំជាមនុស្សដែលចូលចិត្តចេញពីតំបន់សុខស្រួល (Comfort zone) ហើយហ៊ានប្រថុយប្រថាន ខ្ញុំក៏បានយល់ព្រម ព្រោះវានឹងក្លាយជាការផ្លាស់ប្តូររូបរាងថ្មីមួយ។ វាជាអ្វីដែលខ្ញុំអាចរៀនសូត្របានខ្លះ តាមរយៈការទទួលយកតួអង្គដែលគ្មានអ្វីដូចខ្ញុំទាល់តែសោះនេះ»។

លោកបានបន្តទៀតថា៖ «នោះហើយជាអត្ថន័យនៃការសម្តែង។ ខ្ញុំមិនមែនជាអ្នកសម្តែងត្រាប់តាម (Impressionist) ទេ ខ្ញុំមិនមែនជា [អ្នកធ្វើត្រាប់តាម Madden] Frank Caliendo ឡើយ។ ខ្ញុំលម្អៀងទៅរកភាពជាអ្នកសិល្បៈបែបស្រមើស្រមៃ (Surrealist) មានន័យថា ខ្ញុំចូលចិត្តចាប់យកគំនិតនៃបុគ្គលិកលក្ខណៈមួយ រួចជីកកកាយឱ្យជ្រៅ ហើយមើលថាតើខ្ញុំអាចស្វែងរកអ្វីបានខ្លះខាងផ្លូវអារម្មណ៍ ដោយប្រើការស្រមើស្រមៃ និងផ្លូវចិត្តរបស់ខ្ញុំ រួចបញ្ចេញវាតាមរយៈសំនៀង និងរូបរាងរបស់លោក John Madden ក្នុងកម្រិតសមស្របមួយ។ ខ្ញុំកំពុងព្យាយាមផ្តល់ឱ្យអ្នកនូវការបង្ហាញអារម្មណ៍ ឬការបកស្រាយថ្មីមួយ»។

នោះក៏ជាវិធីដែលលោក Cage ប្រើប្រាស់ដើម្បីសម្តែងសំឡេងដ៏ល្បីល្បាញរបស់លោក Madden ផងដែរ ដោយលោកបាននិយាយថា៖ «ខ្ញុំបានស្តាប់សំនៀងឡើងចុះរបស់គាត់ ខ្ញុំបានស្វែងរកអ្វីដែលខ្ញុំគិតថាជាការបកស្រាយមួយក្នុងដែនកំណត់នៃសរីរាង្គដែលអាចធ្វើទៅបាន។ ខ្ញុំនឹងមិនបណ្តោយឱ្យបច្ចេកវិទ្យា AI មកប៉ះពាល់សំឡេង ឬរូបរាងរបស់ខ្ញុំឡើយ។ ខ្ញុំព្យាយាមផ្តល់ឱ្យអ្នកនូវអ្វីមួយដែលជាការបកស្រាយពិតប្រាកដ»។

ខ្សែភាពយន្តនេះ ​ ដែលមានការចូលរួមពីតារាសម្តែងល្បីៗជាច្រើនដូចជា Kathryn Hahn, Sienna Miller, John Mulaney និង Shane Gillis — ក៏បាននាំយកតារាសម្តែងពីររូបដែលល្បីល្បាញខាងចូលតួបានយ៉ាងស៊ីជម្រៅមកជួបគ្នាផងដែរ គឺលោក Cage និងលោក Bale។ លោក Cage បាននិយាយថា អ្នកទាំងពីរគឺជា «តារាសម្តែងដែលមានស្ទីលខុសគ្នាខ្លាំង» ប៉ុន្តែមាន «ពេលវេលាដ៏អស្ចារ្យក្នុងការសម្តែងបន្ថែមបន្ថយឱ្យគ្នាទៅវិញទៅមក» ខណៈដែលលោក Bale បានកត់សម្គាល់ថា «គ្មានការប្រកួតប្រជែងគ្នាទាល់តែសោះ» នៅក្នុងឈុតឆាកដែលពួកគេត្រូវប្រឈមមុខដាក់គ្នាលើកញ្ចក់ទូរទស្សន៍។

លោក Bale បាននិយាយថា៖ «ខ្ញុំបានកោតសរសើរ Nic អស់រយៈពេលជាច្រើនឆ្នាំមកហើយ ចាប់តាំងពីរឿង Rumble Fish មកម្ល៉េះ ដែលជារឿងមួយក្នុងចំណោមភាពយន្តដែលខ្ញុំចូលចិត្តបំផុតគ្រប់ពេល។ គាត់មិនត្រឹមតែជាតារាសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបុរសដ៏គួរឱ្យចាប់អារម្មណ៍ម្នាក់ផងដែរ។ គាត់បានឆ្លងកាត់ជីវិតដ៏អស្ចារ្យ ដូចគ្នាទៅនឹងលោក Al Davis, លោក John Madden និងលោក David O. Russell ដែរ។ មានបុគ្គលពិតប្រាកដជាច្រើនបានចូលរួមក្នុងការបង្កើតភាពយន្តនេះ»។

នេះគឺជាការសហការគ្នាលើកទី ៤ រវាងអ្នកដឹកនាំរឿង Russell និងលោក Bale បន្ទាប់ពីរឿង The Fighter, American Hustle និង Amsterdam។ តារាសម្តែងរូបនេះបាននិយាយថា នៅពេលដែលលោក និងអ្នកដឹកនាំរឿង «ចាប់ផ្តើមធ្វើភាពយន្តមួយ យើងតែងតែគិតថានេះប្រហែល ជាភាពយន្តចុងក្រោយ ដែលយើងអាចផលិតបាន។ នោះគឺជាផ្នត់គំនិតដ៏ត្រឹមត្រូវក្នុងការផលិតភាពយន្ត ហើយនៅក្នុងស្ថានភាព នៃវិស័យភាពយន្តនាពេលបច្ចុប្បន្ន វាអាចជារឿងពិតមែនក៏ថាបាន។ ប៉ុន្តែវាជាផ្នត់គំនិតដ៏អស្ចារ្យមួយ» ដោយលោកបានកោតសរសើរអ្នកផលិតភាពយន្តរូបនេះចំពោះរបៀបដែល «គាត់ស្រឡាញ់តារាសម្តែងខ្លាំងបំផុត»។

ប្រែសម្រួល៖​ គីរី

Most Popular

To Top