ខេត្តស្វាយរៀង៖កីឡាករ-កីឡាការិនីតេក្វាន់ដូ ITF និងអ្នកស្រលាញ់សុខភាពផ្នែកអត្តពលកម្ម “ផ្នែករត់” ជិត ៨០០ នាក់បានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ "រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌" អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបទី៧៨ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៨ នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ព្រឹត្តិការណ៍នេះដំណើរទៅបានក្រោមគំនិតផ្តួចផ្តើមរបស់លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាសហការជាមួយអាជ្ញាធរខេត្តស្វាយរៀង ។

ពិធីបើកព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌” នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ចាប់ពីវេលាម៉ោង ៤:០០ ព្រឹក តទៅ នៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនទៀត ដើម្បីអបអរសាទរខួបលើកទី៧៨ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការងារសប្បុរសធម៌។

ព្រឹត្តិការណ៍នេះ ជាឱកាសដ៏អស្ចារ្យ និងសំខាន់សម្រាប់បងប្អូនសាធារណជនទាំងជាតិ និងអន្តរជាតិមកចូលរួម លេងកីឡា ដើម្បីពង្រឹងសុខភាព ផ្លាស់ប្តូរបទពិសោធ និងបង្កើតចំណងមិត្តភាព ព្រមទាំងជាការរួមចំណែកលើកស្ទួយ វិស័យទេសចរណ៍ក្នុងខេត្តស្វាយរៀង និងបានធ្វើការងារសប្បុរសធម៌ជួយដល់សង្គមជាមួយគ្នាផងដែរ។

ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌” នៅក្នុងខេត្តស្វាយរៀង និងសម្រួលដល់ការអនុវត្តការងារ សូមប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ អញ្ជើញចូលរួម ចុះឈ្មោះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើឱ្យបានទូលំទូលាយ៕

ដោយ៖លី ភីលីព


