ខេត្តស្វាយរៀង ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «រត់ពាក់កណ្ដាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌» អបអរសាទរខួបលើកទី៧៨ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៦ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ព្រឹត្តិការណ៍នេះរៀបចំដោយគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង ។

ក្នុងពិធីបើកព្រឹត្តិការណ៍ «រត់ពាក់កណ្ដាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌» មានអត្តពលិកចូលរួមប្រមាណជាង ១ពាន់នាក់ ធ្វើឡើងវង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង សម្តេចកិត្តិសង្គហបណ្ឌិត បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលមានសហការគ្នាបង្កើតព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះឡើង ដើម្បីបានជួបជុំគ្នាអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៨ ។

សម្តេចកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍លើកឡើងថា កត្តាសុខសន្តិភាព ការឯកភាពទឹកដី និងប្រជាជន ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ គឺកើតចេញពីជ័យជម្នះ ៧ មករា ១៩៧៩ និងនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំបន្ត ប្រកបដោយភាពស្វាហាប់ និងថាមពលរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ស្របតាមខ្លឹមសារ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ដែលត្រូវបានអនុម័ត ដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពី ៧៨ឆ្នាំមុន គឺនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀថា ក្នុងនាមជាពលរដ្ឋខ្មែរ យើងត្រូវតែរួមគ្នាបន្តថែរក្សាសន្តិភាព ស្ថិរភាព និងជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជាពិសេស ការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិពីការឈ្លានពានរបស់បរទេស។ សម្ដេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា ស្មារតី «រត់ដើម្បីសុខភាព សាមគ្គីភាព និងសប្បុរសធម៌» គឺជាតម្លៃដ៏ប្រពៃ ដែលស្តែងចេញពីវប្បធម៌នៃការចែករំលែក និងជាសាររម្លឹកថា យើងទាំងអស់គ្នាមានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើឱ្យសម្រេចគោលដៅជីវិត។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងាររៀបចំ សប្បុរសជន វិស័យឯកជន ក្រុមគ្រូពេទ្យ កីឡាករ កីឡាការិនី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ពេលវេលា និងធនធានធ្វើឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយរលូន៕






