ទីក្រុងឡុងដ៍៖ សម្ព័ន្ធភាពនៃក្លឹបយក្សនៅក្របខ័ណ្ឌ Premier League បានបង្កើនសម្ពាធផ្លូវច្បាប់ប្រឆាំងនឹងក្លឹប Manchester City បន្ទាប់ពីមានការរកឃើញនាពេលថ្មីៗនេះជុំវិញការប្រព្រឹត្តល្មើសផ្នែកហិរញ្ញវត្ថុរបស់ក្លឹប។ ក្លឹប Manchester United, Liverpool និង Tottenham Hotspur សុទ្ធតែបានជួលក្រុមហ៊ុនមេធាវីឯកទេសតែមួយរួមគ្នា ដើម្បីទាមទារសំណងខូចខាតដែលអាចមានទំហំទឹកប្រាក់សរុបរាប់រយលានផោន នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian ក្លឹបទាំងបីបានជួលក្រុមហ៊ុនមេធាវី Wiggin ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ និងបានប្រើប្រាស់អ្នកវិភាគរួមគ្នាដើម្បីគណនាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ទោះបីជាក្លឹបនីមួយៗនឹងដាក់ពាក្យបណ្តឹងទាមទារសំណងដាច់ដោយឡែកពីគ្នាក៏ដោយ។ ក្លឹប Tottenham បានចាប់ផ្តើមចំណាត់ការមុនគេក្រោមការដឹកនាំរបស់អតីតប្រធានក្លឹបលោក Daniel Levy បន្ទាប់ពីក្លឹប City ត្រូវបានចោទប្រកាន់កាលពីខែកុម្ភៈ ឆ្នាំ២០២៣ មុនពេលក្លឹប United និង Liverpool ធ្វើតាមជាបន្តបន្ទាប់ ខណៈដែលក្លឹប Arsenal កំពុងរៀបចំសំណុំរឿងដាច់ដោយឡែកមួយតាមរយៈក្រុមមេធាវី HFS Kramer។
ក្លឹបទាំងបួនបានដាក់លិខិតជូនដំណឹងផ្លូវច្បាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីឱ្យទាន់ពេលកំណត់នៃអាជ្ញាយុកាលរយៈពេល ៦ឆ្នាំ ដែលភ្ជាប់ទៅនឹងការទម្លាយឯកសាររបស់ទស្សនាវដ្តី Der Spiegel កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ពោលគឺជាចំណុចបច្ចេកទេសផ្លូវច្បាប់ដែលធ្លាប់ជួយឱ្យ City រួចផុតពីបម្រាមរយៈពេល ២ឆ្នាំរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) កាលពីឆ្នាំ២០២០។ ចំណាត់ការផ្លូវច្បាប់នេះបានឈានដល់ដំណាក់កាលក្តៅ គគុកកាលពីខែកញ្ញាកន្លងទៅ បន្ទាប់ពីគណៈកម្មការឯករាជ្យមួយ បានរកឃើញថា City ពិតជាមានពិរុទ្ធលើបទចោទ ប្រកាន់ភាគច្រើនក្នុងចំណោមបទចោទសរុបជាង ១០០ករណី ដោយសម្រេចថាពួកគេបានបំប៉ោងប្រាក់ចំណូលលើសពី ៩០០លានផោន តាមរយៈ «កិច្ចសន្យាក្លែងក្លាយ» ចន្លោះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨។
ប្រភពផ្ទៃក្នុងមួយបានពន្យល់ពីមូលហេតុដែលក្លឹបតំណាងដោយក្រុមហ៊ុន Wiggin ប្រមូលផ្តុំការវិភាគរួមគ្នា ប៉ុន្តែទាមទារសំណងផ្សេងគ្នា។ ប្រភពដដែលបានប្រាប់ The Guardian ថា៖ «សំណុំរឿងទាំងនេះមានលក្ខណៈស្រដៀងគ្នា ប៉ុន្តែខុសគ្នា។ មូលហេតុចម្បងចុងក្រោយអាចដូចគ្នា ប៉ុន្តែទំហំនៃការខូចខាតគឺខុសគ្នា ដូច្នេះពួកគេត្រូវដាក់ពាក្យបណ្តឹងដាច់ដោយឡែកពីគ្នា»។
ក្លឹប Manchester City បានបដិសេធរាល់ការចោទប្រកាន់ចាប់តាំងពីត្រូវបានចោទប្រកាន់កាលពីជិត ៤ឆ្នាំមុន ហើយបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍កាលពីខែតុលា ដោយអះអាងថាសាលក្រមនោះមាន «កំហុសឆ្គងយ៉ាងច្បាស់លាស់ជាច្រើនទាំងផ្នែកច្បាប់ គោលការណ៍ និងអង្គហេតុ ហើយមិនមានភាពយុត្តិធម៌ឡើយ»។ ក្លឹបបានបន្ថែមថា «ក្លឹបគឺជាអ្នកបរិសុទ្ធចំពោះការចោទប្រកាន់របស់ Premier League ហើយមានភស្តុតាងដ៏រឹងមាំ និងមិនអាចប្រកែកបានជាច្រើន ដើម្បីគាំទ្រដល់ជំហរទាំងអស់របស់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងនេះ»។
ក្លឹប Tottenham អាចនឹងដាក់ពាក្យបណ្តឹងទាមទារសំណងច្រើនជាងគេ បន្ទាប់ពីរបូតកៅអីទៅលេងពានរង្វាន់ Champions League ដោយសារក្រុម City ចំនួន ៤ដង ដែលការធ្លាក់ទៅលេងត្រឹម Europa League បានធ្វើឱ្យពួកគេខាតបង់ប្រាក់ជាង ១២០លានផោន។ ចំណែកឯ Arsenal ក៏បានខាតបង់ប្រាក់រាប់រយលានផោនផងដែរ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ តាមពីក្រោយក្រុមលេខ៣ City កាលពីឆ្នាំ២០១៧ ដែលជាការចាប់ផ្តើមនៃការអវត្តមានរយៈពេល ៦ឆ្នាំពីពានរង្វាន់កំពូលរបស់អឺរ៉ុប ហើយក្លឹបកាំភ្លើងធំក៏អាចនឹងទាមទារសំណងលើការលក់កីឡាករជាង ៥នាក់ទៅឱ្យ City ផងដែរ រួមមាន Samir Nasri និង Emmanuel Adebayor ជាដើម។
ដោយឡែក ក្លឹប Man United និង Liverpool បានបាត់បង់ប្រាក់រង្វាន់ ប្រាក់លើកទឹកចិត្ត និងចំណូលពាណិជ្ជកម្ម ក្នុងនាមជាក្រុមជើងឯករងកាលពីឆ្នាំ២០១២ និងឆ្នាំ២០១៤។ ទន្ទឹមនឹងនេះ ក្លឹប Chelsea មិនទាន់បានចាត់តាំងមេធាវីនៅឡើយទេ បើទោះបីជាអាចមានការពន្យារពេលផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីក្លែងបន្លំក៏ដោយ ខណៈដែលក្លឹប Everton, Newcastle ក្លឹបដែលធ្លាក់ចេញពីលីគកំពូលដូចជា Hull City និងក្រុមជើងឯករង FA Cup ឆ្នាំ២០១១ គឺ Stoke City ដែលអតីតគ្រូបង្វឹកលោក Tony Pulis បាននិយាយកាលពីខែតុលាថា ពួកគេសមនឹងទទួលបានពានរង្វាន់នោះ សុទ្ធតែជាអ្នករងផលប៉ះពាល់ពីរឿងនេះដូចគ្នា៕
ប្រែសម្រួល៖ គីរី
