ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពពិធីបើកព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ី” លើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) ជាផ្លូវការនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅវិមានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា មានប្រសាសន៍ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីលើកទី៦ ឆ្នាំ២០២៦ នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ មានប្រទេសចូលរួម៩ រួមមាន៖ ប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ មីយ៉ាន់ម៉ា នេប៉ាល់ ហ្វីលិពីន វៀតណាម និងកម្ពុជា (ម្ចាស់ផ្ទះ) ដែលត្រូវប្រកួតលើវិញ្ញាសាសរុបចំនួន ៥៥ វិញ្ញាសា ក្នុងនោះវិញ្ញាសាអាយុក្រោម ១៨ ឆ្នាំ មានចំនួន ១២ វិញ្ញាសា និងវិញ្ញាសាអាយុ ១៨ ឆ្នាំឡើងទៅ មានចំនួន ៤៣ វិញ្ញាសា។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងនាមព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងគណៈប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំការប្រកួត អនុគណៈកម្មការ និងក្រុមការងារបច្ចេកទេស ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលរៀបចំព្រឹត្តិការណ៍នេះឡើង។ ការប្រកួតកីឡាវ៉ូវីណាមនាពេលនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់យុវជនមកពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី បានជួបជុំ ស្គាល់គ្នា រៀនសូត្រពីគ្នា និងចងមិត្តភាពដ៏រឹងមាំ ដែលអាចបន្តរក្សាបានយូរអង្វែង ទោះបីជាការប្រកួតបានបញ្ចប់ និងត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញក៏ដោយ”។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា នៅលើទីលានប្រកួត ខ្ញុំសូមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ ឲ្យប្រកួតឲ្យអស់ពីសមត្ថភាព ប្រកបដោយសុវត្ថិភាព និងទទួលបានលទ្ធផលល្អ ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាប្រកួត គូប្រកួត និងសេចក្តីសម្រេចរបស់អាជ្ញាកណ្ដាល។ អ្នកដែលដណ្ដើមបានជ័យជម្នះ ពិតជាសមនឹងទទួលបានការអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់ខ្លួន រីឯកីឡាករ-កីឡាការិនីគ្រប់រូប ក៏អាចមានមោទនភាពចំពោះការចូលរួម និងបទពិសោធដែលខ្លួនទទួលបានផងដែរ។

ទន្ទឹមនេះ សូមចៅក្រម និងអាជ្ញាកណ្តាលបំពេញភារកិច្ចប្រកបដោយសុចរិតភាព និងអព្យាក្រឹតភាព ហើយសូមបងប្អូនអ្នកគាំទ្រ និងភ្ញៀវកិត្តិយសទាំងអស់ ចូលរួមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់ក្រុម ដោយភាពរីករាយ មិត្តភាព សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក”៕








